Monday, 23 December 2013
ឈន ណន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំុពេញៈ កម្ពុជា មិនអាចស្វែងរកមេដាយមាសឲ្យបាន២ខ្ទង់ (១០មេដាយ) តាមផែនការយុទ្ធសាស្រ្តរបស់ខ្លួនបាននោះទេ ក្នុងការប្រកួតស៊ីហ្គេម នៅមីយ៉ាន់ម៉ា ដែលទើបបានបញ្ចប់ កាលពីថ្ងៃអាទិត្យ ប៉ុន្តែចំនួនមេដាយដែលដណ្តើមបានលើកនេះគឺមានចំនួនច្រើនជាងមុន។
សម្រាប់ការប្រកួតថ្នាក់តំបន់ដ៏សំខាន់ ដែលមានប្រទេស១១ចូលរួមនេះ កម្ពុជាបានបញ្ជូនប្រភេទកីឡាចំនួន២១ប្រភេទឲ្យចូលរួមប្រកួត រួមជាមួយក្រុមកីឡាការិនីហុកគីមួយក្រុមផងដែរ ប៉ុន្តែមានតែប្រភេទកីឡា១០ប៉ុណ្ណោះ ដែលទទួលបានមេដាយជូនជាតិមាតុភូមិ។
ឆ្លងកាត់ការប្រកួតចាប់តាំងពីថ្ងៃទី៦ ខែធ្នូ និងបានបញ្ចប់សព្វគ្រប់ កាលពីថ្ងៃទី២២ ខែធ្នូ ម្សិលមិញនេះ កម្ពុជា បានឈ្នះមេដាយមាស៨ ប្រាក់១១ និងសំរឹទ្ធ២៨ និងបានឈរនៅលេខរៀងទី៩ នាំមុខប្រទេសទីម័រខាងកើត និងប្រទេសប្រ៊ុយណេ ដូចគ្នាទៅនឹងការប្រកួតស៊ីហ្គេម លើកទី២៦ នៅឥណ្ឌូនេស៊ី ឆ្នាំ២០១១ដែរ ដោយកាលណោះកម្ពុជា ឈ្នះមេដាយមាស៤ ប្រាក់១១ និងសំរឹទ្ធចំនួន២៤។
ចំណែកប្រទេសថៃ ដណ្តើមបានមេដាយច្រើនជាងគេ សម្រាប់ការប្រកួតស៊ីហ្គេម លើកទី២៧នេះ ដោយក្នុងនោះមានមាស១០៧ ប្រាក់៩៤ និងសំរឹទ្ធ៨១ រីឯក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា រកបានមេដាយមាស៨៦ ប្រាក់៦២ និងមេដាយសំរឹទ្ធ៨៥ ខណៈវៀតណាម បានឈរនៅក្នុងចំណាត់ថ្នាក់លេខ៣ ដោយឈ្នះមេដាយមាស៧៣ ប្រាក់៨៦ និងសំរឹទ្ធ៨៦។
ជាមួយគ្នានេះដែរ ឥណ្ឌូនេស៊ី ដែលធ្លាប់ដណ្តើមបានមេដាយច្រើនជាងគេ(មាស១៨២ ប្រាក់១៥១ និងសំរឹទ្ធ១៤៣) កាលខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី២៦ ឆ្នាំ២០១១ នោះបានឈរនៅលេខរៀងទី៤ ជាមួយការឈ្នះមេដាយមាស៦៥ ប្រាក់៨៤ និងសំរឹទ្ធ១១១ រីឯម៉ាឡេស៊ី បានមាស៤៣ ប្រាក់៣៨ សំរឹទ្ធ៧៧។ ប្រទេសហ្វីលីពីន បានមាស ២៩ ប្រាក់ ៣៤ និងសំរឹទ្ធ៣៨ ខណៈឡាវ ដែលនៅពីលើកម្ពុជា បានមាស១៣ ប្រាក់១៧ និងសំរឹទ្ធ៤៩ ហើយទីម័រ បានមាស២ ប្រាក់៣ នឹងសំរឹទ្ធ៥ នាំមុខប្រ៊ុយណេ ដែលឈ្នះបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៦។
នៅក្នុងការប្រកួតនេះ អត្តពលិកកីឡាចំបាប់ បានឈ្នះមេដាយឲ្យកម្ពុជា ច្រើនជាងគេ គឺមាស៤ ដែលរកបានដោយ កីឡាករ ឌន សៅ កៅ ឆេងហុង កីឡាការិនី ចូវ សុធារ៉ា និង និ សំណាង រួមទាំងឈ្នះមេដាយប្រាក់២ និងសំរឹទ្ធ៤ ផងដែរ។ កីឡាវ៉ូវីណាម បានមាស២ លើវិញ្ញាសាសម្តែងជាក្រុមចម្រុះគ្មានអាវុធ ដែលមានកីឡាករ ស៊ឹង វិសាល ជិន ពិសិដ្ឋ កើត សុភ័ក្រ្ត និងកីឡាការិនី សឿ ច័ន្ទលក្ខិណា និងការប្រកួតក្រុមចម្រុះមានអាវុធរបស់កីឡាករ លី បូរ៉ាមី ប្រាក់ សុវណ្ណនី សាន សុជាតិ និងកីឡាការិនី ប៉ាល់ ឆរស្មី ហើយកីឡានេះ ក៏ឈ្នះប្រាក់១ និងសំរឹទ្ធ៧ ទៀតដែរ។
ចំណែកកីឡាប៉េតង់ ឈ្នះមេដាយមាស១ ដែលរកបានដោយកីឡាការិនី កែ ឡេង លើវិញ្ញាសាវាយយកពិន្ទុ រួមជាមួយការឈ្នះមេដាយប្រាក់៤ និងសំរឹទ្ធ៣ទៀត។ រីឯតេក្វាន់ដូ បានឈ្នះមេដាយមាស១ ដែលរកបានដោយកីឡាការិនី ស៊ន សៀវម៉ី និងមេដាយប្រាក់២ និងសំរឹទ្ធ២ ខណៈសីជីនឡូន ឈ្នះមេដាយប្រាក់២ និងសំរឹទ្ធ៤ កីឡាសូរីនហ្ស៊ិកាំប៉ូ ឈ្នះមេដាយសំរឹទ្ធបាន៣ សីប៉ាក់តាក្រ បានសំរឹទ្ធ២ ហើយកីឡាទូកកានូ ទូកប្រពៃណី និងវូស៊ូ ឈ្នះបានមេដាយសំរឹទ្ធ១ ដូចគ្នា។
ផ្ទុយពីនេះ ប្រភេទកីឡាករយូដូ ដែលធ្លាប់បានប្រាក់១ នាឆ្នាំ២០១១ កីឡាប្រដាល់ ធ្លាប់បានសំរឹទ្ធ៣ ក្នុងឆ្នាំ២០១១ កាយវប្បកម្ម បាល់ទាត់ បាល់ទះ បាល់បោះ ហែលទឹក អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ ប្រណាំងកង់ ជិះសេះ វាយកូនគោល និងក្រុមកីឡាការិនីហុកគី សុទ្ធតែហាលអាវដូចគ្នាទាំងអស់៕
សម័យតេជោស្អីក៏អន់ដែរ ខ្លាំងតែខាងអាក្រក់ប៉ុណ្ណោះ អំពើពុករលួយជាប់លំដាប់កំពូល ប្រជាជនរស់រងទក្ខក៏ជាប់លំដាប់កំពូល ទីក្រុងមិនគួររស់នៅក៏ជាប់លំដាប់កំពូលដែរ