កំហុស​ទី​២​របស់​បុរស​ខ្លាំង​គឺ​រំលោភ​លើ​អំណាច​ឯករាជ្យ​នៃ​ស្ថាប័ន​តុលាការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​និង​តុលាការ​ធ្លាក់​ឱនថយ

Posts by DTN7
December 23, 2013

​យោង​តាម​ប្រសាសន៍​របស់​បុរស​ខ្លាំង​ដែល​ថា​ "​ខ្ញុំ​មាន​កំហុស​អ្វី​ ទើប​ទាមទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញពី​តំណែង​?"​នោះ​ ដូច្នេះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​សូម​លើកយក​កំហុសឆ្គង​ទី​២​របស់​បុរស​ខ្លាំង​ ទាក់ទង​ទៅ​នឹង​ការ​រំលោភ​ទៅ​លើ​អំណាច​ឯករាជ្យ​នៃ​ស្ថាប័ន​តុលាការ​ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​ និង​តុលាការ​នៅ​កម្ពុជា​ធ្លាក់​ចុះ​ឱនថយ​ និង​ងាយ​ក្លាយជា​ខែល​ការពារ​អំណាច​របស់​បុរស​ខ្លាំង​ មក​ធ្វើការ​ចុះ​ផ្សាយ​ដូច​តទៅ​ ៖

​ព័ស្តុតាង​ទី​១​ ៖​ មាន​សំណុំរឿង​វិវាទ​ដីធ្លី​មួយ​កន្លែង​ឋិត​នៅ​ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌដង្កោ​(​បច្ចុប្បន្ន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)​ រាជធានី​ភ្នំពេញ​ រវាង​បុគ្គល​ឈ្មោះ​ កែវ​ ជី​ន​ និង​អាជ្ញាធរ​ភូមិ​ជម្ពូ​វ័ន​ តំណាង​ដោយ​ឈ្មោះ​ ជៀម​ វិ​ន​ អតីត​ជា​មេ​ភូមិ​ជម្ពូ​វ័ន​ ក្នុង​កម្មវត្ថុ​ប្តឹង​ទាមទារ​គ្រប់គ្រង​កាន់កាប់​ដី​ទៅ​ស្ថាប័ន​តុលាការ​ ។​

​បន្ទាប់​ពី​ក្តីក្តាំ​គ្នា​នៅ​ស្ថាប័ន​តុលាការ​ទាំង​បី​ថ្នាក់​អស់​រយៈពេល​ជាង​១២​ឆ្នាំ​រួច​មក​ ទីបំផុត​តុលាការ​កំពូល​ដែល​មាន​ចៅក្រម​ជំនុំជម្រះ​ដល់​ទៅ​ចំនួន​៩​រូប​ បាន​វិនិច្ឆ័យ​សេចក្តីសម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​អាជ្ញាធរ​ភូមិ​ជម្ពូ​វ័ន​គ្រប់គ្រង​ជា​កម្មសិទ្ធិរួម​ ប្រើប្រាស់​ជា​ផលប្រយោជន៍​សាធារណៈ​ និង​ហាមឃាត់​មិន​ឲ្យ​អាជ្ញាធរ​ផ្ទេរសិទ្ធិ​ ឬ​លក់ដូរ​ដី​ទំនាស់​ឲ្យ​ទៅ​អ្នក​ដទៃ​ឡើយ​ តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​១៤១​ ចុះ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០០៥​ ។​

​ថ្វី​ដ្បិត​សំណុំរឿង​ក្តី​នេះ​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ដោះស្រាយ​សម្រេច​ជា​ស្ថាពរ​រួច​ហើយ​ តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​១៤១​ ចុះ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០០៥​ របស់​តុលាការ​កំពូល​ក៏​ដោយ​ ក៏​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​ជា​បុរស​ខ្លាំង​ បាន​ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ ឯកភាព​តាម​ការ​ផ្តល់​យោបល់​របស់​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ អតីត​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ ចុះ​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០០៥​ នាំ​ឲ្យ​រាជរដ្ឋាភិបាល​ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​សម្រេច​ប្រគល់​ដី​ទំនាស់​ដដែល​នេះ​ ឲ្យ​ទៅ​បុគ្គល​ឈ្មោះ​ កែវ​ ជី​ន​ កាន់កាប់​ជា​កម្មសិទ្ធិ​ស្របច្បាប់​វិញ​ តាម​ស្មារតី​លិខិត​លេខ​១៩៦៩​ ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​ តាម​ស្មារតី​លិខិត​លេខ​១៩៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ (​ប្រគល់​ដី​ទំនាស់​ឲ្យ​បុគ្គល​ឈ្មោះ​ កែវ​ ជី​ន​ ជា​អ្នក​ចាញ់ក្តី​នៅ​ស្ថាប័ន​តុលាការ​រួច​ហើយ​ បាន​កាន់កាប់​ជា​កម្មសិទ្ធិ​)​ ដែល​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ទៅ​នឹង​កា​រស​ម្រេ​រ​ច​របស់​ស្ថាប័ន​តុលាការ​ តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​១៤១​ ចុះ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០០៥​ របស់​តុលាការ​កំពូល​ (​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​អាជ្ញាធរ​ភូមិ​ជម្ពូ​វ័ន​គ្រប់គ្រង​ជា​កម្មសិទ្ធិរួម​ ប្រើប្រាស់​ជា​ផលប្រយោជន៍​សាធារណៈ​)​ ដូច្នេះ​ ធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ​មិន​អាច​អនុវត្តន៍​សាលដីកា​របស់​តុលាការ​កំពូល​ឲ្យ​មាន​ប្រសិទ្ធភាព​បាន​ឡើយ​ ដ្បិត​មន្ត្រី​ស្ថាប័ន​តុលាការ​តែងតែនាំគ្នាខ្លបខ្លាច​នឹង​អំណាច​នៃ​ការ​សម្រេច​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​រហូត​ទល់​សព្វថ្ងៃ​ ។​

​យោង​តាម​ពាក្យបណ្តឹង​របស់​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​ឈ្មោះ​ ជៀម​ វិ​ន​ ដែល​ស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ស្មារតី​លិខិត​លេខ​១៩៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​១៤១​ ចុះ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០០៥​ របស់​តុលាការ​កំពូល​នោះ​ គឺ​នៅ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៣​ ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន​ពិនិត្យ​និង​សម្រេច​ថា​ (​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​ត្រូវ​មាន​អានុភាព​អនុវត្តន៍​ ។​)​ ។​

​ព័ស្តុតាង​ទី​២​ ៖​ មាន​សំណុំរឿង​វិវាទ​ដីធ្លី​មួយ​កន្លែង​ទៀត​ឋិត​នៅ​ភូមិ​កែវ​ផុស​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ (​បច្ចុប្បន្ន​ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ​)​ រវាង​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​ និង​លោក​ឧកញ៉ា​ ជៀម​ ផែន​ ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ បាន​កើតឡើង​ចាប់តាំងពី​ដើមឆ្នាំ​២០០៦​មក​ម្ល៉េះ​ ។​

​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តកោះកុង​ ធ្លាប់​បាន​វិនិច្ឆ័យ​សេចក្តី​ចេញ​សាលក្រម​រដ្ឋប្បវេណី​លេខ​០៦​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០០៧​ សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​ គ្រប់គ្រង​កាន់កាប់​ជា​កម្មសិទ្ធិ​ ហើយ​សាលក្រម​នេះ​ក៏​បាន​ចូល​ជា​ស្ថាពរ​មាន​អានុភាព​អនុវត្តន៍​នៅ​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០០៧​ ។​

​ក្រោយមក​ តុលាការ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ក៏​ធ្លាប់​បាន​វិនិច្ឆ័យ​សេចក្តី​ចេញ​សាលក្រម​រដ្ឋប្បវេណី​លេខ​០៤​ "​ក​១"​ ចុះ​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០១២​ សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​ គ្រប់គ្រង​ជា​កម្មសិទ្ធិ​តទៅ​ ដោយ​យោង​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ តាម​ស្មារតី​លិខិត​លេខ​៦៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១១​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​លោក​ឧកញ៉ា​ ជៀម​ ផែន​ កាន់កាប់​ គ្រប់គ្រង​ជា​កម្មសិទ្ធិ​ ។​

​ថ្វី​ដ្បិត​សំណុំរឿង​ក្តី​នេះ​ត្រូវ​បាន​ស្ថាប័ន​តុលាការ​សម្រេច​រហូត​ដល់​ទៅ​ចំនួន​២​លើក​រួច​មក​ហើយ​ក៏​ដោយ​ ក៏​នៅ​ទីបំផុត​រាជរដ្ឋាភិបាល​បាន​សម្រេច​សា​ជា​ថ្មី​ប្រគល់​ដី​ទំនាស់​ដដែល​នេះ​ឲ្យ​ទៅ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​កាន់កាប់​គ្រប់គ្រង​ជា​កម្មសិទ្ធិ​វិញ​ តាម​ស្មារតី​លិខិត​លេខ​៤៩៦​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ (​យោង​តាម​ចំណារ​ឯកភាព​ចុះ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​បុរស​ខ្លាំង​នៅ​លើ​លិខិត​ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​ឯកឧត្តម​ ប៊ិ​ន​ ឈិ​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​)​ ។​

​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​ តាម​ស្មារតី​លិខិត​លេខ​៤៩៦​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​គ្រប់គ្រង​កាន់កាប់​ជា​កម្មសិទ្ធិ​ ធ្វើ​ឲ្យ​ការ​សម្រេច​របស់​ស្ថាប័ន​តុលាការ​តាម​អំណាច​សាលក្រម​រដ្ឋប្បវេណី​លេខ​០៦​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០០៧​ និង​សាលក្រម​រដ្ឋប្បវេណី​លេខ​០៤"​ក​១"​ ចុះ​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០១២​ ដែល​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ឧកញ៉ា​ ជៀម​ ផែន​ កាន់កាប់​ជា​កម្មសិទ្ធិ​ ក្លាយជា​អសារ​បង់​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​មាត្រា​១២៨​ថ្មី​(​មាត្រា​១០៩​ចាស់​)​ និង​មាត្រា​១៣០​ថ្មី​(​មាត្រា​១១១​ចាស់​)​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​តម្រូវ​ឲ្យ​ស្ថាប័ន​តុលាការ​មាន​អំណាច​ឯករាជ្យ​ ហើយ​គ្របដណ្តប់​ទៅ​លើ​រឿង​ក្តី​ទាំងអស់​ រួម​ទាំង​រឿង​ក្តី​រដ្ឋបាល​ផង​ ព្រមទាំង​គ្មាន​អង្គការ​ណាមួយ​នៃ​អំណាចនីតិប្បញ្ញត្តិ​ ឬ​នីតិប្រតិបត្តិ​ អាច​ទទួល​អំណាចតុលាការ​អ្វី​បាន​ឡើយ​ ។​ ដូច្នេះ​ ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​ តាម​ស្មារតី​លិខិត​លេខ​១៩៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ស្មារតី​លិខិត​លេខ​៤៩៦​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ គឺជា​អំពើ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​អំណាច​ឯករាជ្យ​របស់​ស្ថាប័ន​តុលាការ​ ។​

​រួម​សេចក្តី​មក​ នេះ​គឺជា​ព័ស្តុតាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​កំហុស​ទី​២​របស់​បុរស​ខ្លាំង​ ដែល​រំលោភ​បំពាន​លើ​អំណាច​ឯករាជ្យ​របស់​ស្ថាប័ន​តុលាការ​ ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​ និង​តុលាការ​នៅ​កម្ពុជា​ធ្លាក់​ចុះ​ឱនថយ​ ហើយ​ងាយ​នឹង​ក្លាយទៅជា​ខែល​ការពារ​អំណាច​របស់​បុរស​ខ្លាំង​ថែម​ទៀត​ផង​ ៕​

CCC-
Cheam-Phen-@6


What Next?

Recent Articles

3 Responses to "កំហុស​ទី​២​របស់​បុរស​ខ្លាំង​គឺ​រំលោភ​លើ​អំណាច​ឯករាជ្យ​នៃ​ស្ថាប័ន​តុលាការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​និង​តុលាការ​ធ្លាក់​ឱនថយ"

  1. CHEA says:

    THAT WAS POLICY OF COMMUNIST HOCHIMIN. HUN SEN BOOS TELLING HIM TO DO. CONTROLL EVERY THING IS THE WAY YOU CAN STAY IN POWER FOR THE REST OF YOUR LIVE. THIS VERY BAD FOR ANY NATION IN THE WORLD. PEACE CAMBODIAN

  2. មាន់ខ្ញុំ says:

    សួរគេថា ខ្ញុំមានកំហុសអី ??? វាជារឿងសាមញ្ញតើសម្តេច ដែលមនុស្សទូទៅមិនអាចមើលឃើញកំហុសខ្លួនឯងនោះ ហើយសម្តេចក៏ជាមនុស្សដែរ កុំតូចចិត្តតូចថ្លើមអីដែលមិនដឹងកំហុសខ្លួនឯងនោះ ដូច្នេះហើយបានជាប្រជារាស្ត្រ ដែលជាកញ្ចក់សម្រាប់ឆ្លុះសម្តេច ជួយតម្រង់ផ្លូវ តែសត្តេចពេលឃើញរូបខ្លួនឯង និងទង្វើអាក្រក់របស់ខ្លួនឯននៅក្នុងកញ្ចក់ ម្តេចក៏មិនយកភ្នែកមួយចំហៀងនឹងមើល ហើយកែប្រែរាល់កំហុសនោះទៅ? បើមិនអាចកែប្រែខ្លួន ឯងបានទេ ចាំគេកែឲ្យក៏បាន ឲ្យតែស្ម័គ្រចិត្តឲ្យគេកែ

  3. អា​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន ម្នាក់ហ្នឹងដែលធ្វើឲ្យCPPធ្លាក់២២សម្លេង​