Posts by DTN7
December 24, 2013
យោងតាមប្រសាសន៍របស់បុរសខ្លាំងដែលថា "ខ្ញុំមានកំហុសអ្វីទើបទាមទារឲ្យខ្ញុំចុះចេញពីតំណែង ?"នោះ ដូច្នេះ គេហទំព័រសារព័ត៌មានដើមត្នោតសូមលើកយកកំហុសឆ្គងទី៣របស់បុរសខ្លាំងដែលទាក់ទងទៅនឹងការរំលោភលើច្បាប់ភូមិបាល ក្នុងការអនុញ្ញាតឲ្យសាលារាជធានីភ្នំពេញ មានឯកឧត្តម កែប ជុតិមា ជាអតីតអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះកិច្ចសន្យាជួលទីតាំងបឹងកក់រយៈពេល៩៩ឆ្នាំ ឲ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ីន តំណាងដោយឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមហ៊ុន ព្រមទាំងជាស្វាមីរបស់លោកជំទាវឧកញ៉ា ជឹង សុភាព ហៅយាយភូ អនុប្រធានទី២កាកបាទក្រហមកម្ពុជាអាណត្តិទី៥ មកធ្វើការចុះផ្សាយដូចតទៅ ៖
ទីតាំងបឹងកក់ទំហំប្រមាណជាង១៣២ហិកតា ឋិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានរាជរដ្ឋាភិបាលដែលមានបុរសខ្លាំងជានាយករដ្ឋមន្ត្រី ប្រគល់សិទ្ធិជូននិងអនុញ្ញាតឲ្យឯកឧត្តម កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ ចុះកិច្ចសន្យាជួលនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៧ ឲ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ីន (SHUKAKU INC.) មានឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន ជាប្រធានក្រុមហ៊ុន រយៈពេល៩៩ឆ្នាំ ដើម្បីធ្វើការអភិវឌ្ឍន៍ក្នុងគម្រោងជាច្រើន ដោយគិតតម្លៃជួលសរុបចំនួន៧៩.០០២.០០០ដុល្លារអាមេរិក តាមលិខិតសិទ្ធិប្រទានលេខ១០សប្រទ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៧ និងលិខិតលេខ១០៩សជណ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
បញ្ញត្តិមាត្រា១៦ កថាខណ្ឌទី៥ នៃច្បាប់ភូមិបាលបានចែងថា "ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅពេលបាត់បង់ផលប្រយោជន៍សាធារណៈ អាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ តាមរយៈច្បាប់អនុបយោគ ។ " និងមាត្រា១៧ នៃច្បាប់ភូមិបាលដដែលនេះបានចែងថា "ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ អាចជាកម្មវត្ថុនៃការលក់ ការដូរ ការបែងចែក ឬការផ្ទេរសិទ្ធិតាមការកំណត់ដោយច្បាប់ ។ ទ្រព្យទាំងនោះអាចផ្តល់ឲ្យតាមរយៈភតិសន្យា និងជាកម្មវត្ថុនៃកិច្ចសន្យាដែលបានធ្វើឡើងត្រឹមត្រូវតាមច្បាប់ ។ លក្ខខណ្ឌទាំងឡាយ និងនីតិវិធីនៃការលក់ និងគ្រប់គ្រងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈនឹងកំណត់ដោយអនុក្រឹត្យ ។ គ្មានការលក់ណាមួយអាចត្រូវបានសម្រេចដោយគ្មានអនុក្រឹត្យនេះឡើយ ។…" ។
អនុលោមតាមបញ្ញត្តិមាត្រា១៦ កថាខណ្ឌទី៥ និងមាត្រា១៧ នៃច្បាប់ភូមិបាល គឺបានបង្ហាញឲ្យឃើញថា ការយកទីតាំងបឹងកក់ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជួលឲ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ីនរយៈពេល៩៩ឆ្នាំ តាមកិច្ចសន្យាជួលចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៧នោះ គឺជាការខុសច្បាប់ទាំងស្រុង ពីព្រោះទីតាំងបឹងកក់មិនទាន់ត្រូវបានធ្វើអនុបយោគតាមច្បាប់អនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនៅឡើយ ។
ក្រោយមក ទើបរាជរដ្ឋាភិបាលភ្ញាក់ខ្លួនក៏បានចេញអនុក្រឹត្យមួយលេខ១០៨អនក្រ.បក ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៨ សម្រេចធ្វើអនុបយោគទីតាំងបឹងកក់ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឲ្យទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍន៍ និងដើម្បីលៃលកឲ្យកិច្ចសន្យាជួលទីតាំងបឹងកក់ក្លាយជាការស្របច្បាប់ ។ មានន័យថា ទីតាំងបឹងកក់ត្រូវបានចុះកិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំឲ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ីនតាំងពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៧ និងនៅជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកម្ល៉េះ បែរជារាជរដ្ឋាភិបាលទើបសម្រេចធ្វើអនុបយោគទីតាំងបឹងកក់ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៨ និងមិនអនុវត្តន៍តាមរយៈច្បាប់អនុបយោគថែមទៀត ។
ក្រៅពីការជួលទីតាំងបឹងកក់ឲ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់ឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវឧកញ៉ា ជឹង សុភាព ហៅយាយភូ ដោយខុសច្បាប់នោះ គឺគម្រោងអភិវឌ្ឍន៍ទីតាំងបឹងកក់នេះបានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង និងមានរយៈពេលរាប់ឆ្នាំ ប៉ះពាល់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅលើតំបន់បឹងកក់ជាច្រើនគ្រួសាររហូតមកទល់បច្ចុប្បន្នផងដែរ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមច្បាប់ភូមិបាល គឺកិច្ចសន្យាជួលទីតាំងបឹងកក់ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៧ រវាងឯកឧត្តម កែប ជុតិមា អតីតអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន តាមលិខិតសិទ្ធិប្រទានលេខ១០សប្រទ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៧ របស់បុរសខ្លាំង និងលិខិតលេខ១០៩សជណ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី យោងតាមចំណាររបស់បុរសខ្លាំងនោះ ត្រូវចាត់ទុកជាមោឃៈ ពីព្រោះជាកិច្ចសន្យាជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋផ្ទុយទៅនឹងច្បាប់ទាំងស្រុង ។
សរុបសេចក្តីមក នេះគឺជាព័ស្តុតាងដែលបង្ហាញឲ្យឃើញនូវកំហុសទី៣របស់បុរសខ្លាំងដែលរំលោភបំពានលើច្បាប់ភូមិបាល ទាក់ទងនឹងការប្រគល់សិទ្ធិឲ្យសាលារាជធានីភ្នំពេញចុះកិច្ចសន្យាជួលទីតាំងបឹងកក់រយៈពេល៩៩ឆ្នាំ ជាមួយក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់ឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភា និងជាឈ្មួញដ៏មានឥទ្ធិពល ឧបត្ថម្ភគាំទ្រដល់គណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសាររបស់បុរសខ្លាំង នៅលើគំនរឈាម និងទឹកភ្នែករបស់ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ ៕



Aahh CPP aah dog why u not comments this news to ur boss. Ahhh Dog………..!
IF YOU ARE NAKED IN THE PUPLIC AND YOU SAID NO BODIES WILL SEE IT . YOU ARE WRONG Mr. YOU ARE IN POLITIC YOU ARE IN PUPLIC EYE AND EIR.YOU CAN NOT SAY I DID NOTHING WRONG.YOU ARE NOT TAKE RESPONSIBILITY FOR THIS NATION.YOU SHOULT GET OUT. PEACE FOR ALL CAMBODIAN