អ្នក​មាន​ជម្លោះ​ដីធ្លី​ជាង​២​រយ​គ្រួសារ​នៅ​សៀមរាប​ព្រមាន​ចូលរួម​បាតុកម្ម​ជាមួយ​បក្សប្រឆាំង​បើសិន​មិន​ដោះស្រាយ​ជូន​ពួកគាត់​​

ដោយ៖​ បូ សា​វី និង ពៅ មេត្តា
ថ្ងៃអង្គារ៍ ទី24 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ដ​សៀមរាប​ជាង​២០០​គ្រួសារ​ព្រមាន​ចូលរួម ធ្វើ​មហា​បាតុកម្ម​អហិង្សា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ បើសិន​អាជ្ញាធរ​ខេត្ដ​មិន​ដោះស្រាយ​ទំនាស់​ដីធ្លី​តាម​ការសន្យា​។

​ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់​ពី​អភិបាលខេត្ដ​លោក ឃឹម ប៊ុន​សុង បាន​សន្យា​កាលពី​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​ថា នឹង​ឲ្យ​អ្នកជំនាញ​ទៅ​ដោះស្រាយ​ជួន​ពួកគាត់ នៅ​ថ្ងៃ​ទី​២៦​ខែ​ធ្នូ​ឆ្នាំ​២០១៣​ខាងមុខ​។

​តំណាង​ពលរដ្ឋ នៅ​ភូមិ​ត្រ​ពាំ​ក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន លោក ភួង សូរិយា ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា មន្ដ្រី​ជំនាញ​ខេត្ដ គ្រោង​នឹង​ទៅ​វាស់ដី​ជូន​ពលរដ្ឋ ដែល​មាន​ជំលោះ នៅ​ថ្ងៃ​ទី​២៦​ខែ​ធ្នូ​ខាងមុខ​។ ប៉ុន្ដែ​លោក​ថា បើសិន​អាជ្ញាធរ​វាស់វែង​ដី​ឲ្យ​ពួកគាត់​តាម​ទាហាន​បញ្ជា​នោះ ពួកគាត់​មិន​សុខចិត្ដ​ឡើយ​។ លោក​បន្ថែមថា ពលរដ្ឋ​ដែល​មានទំនាស់​ដីធ្លី​នោះ​នឹង​ឡើង​ទៅ​តវ៉ា នៅ រាជធានី​ភ្នំពេញ ហើយ​អាច​ឈាន​ចូល​រួម​បាតុកម្ម​អហឹង្សា ជាមួយ​បក្ស​សង្គ្រោះ​ជាតិ​។​

​តំណាង​មួយរូប​ទៀត លោក ជា ចាន់ ឲ្យដឹងថា ដី​ពលរដ្ឋ​ចំនួន​៣២១​ហិកតា នៅ​ភូមិ​ត្រពាំង​ក្រសាំង ត្រូវ​ទាហាន​កងពល​លេខ​៥ រំលោភ​យក​នៅ​ដើមឆ្នាំ​២០១៣ ដើម្បី​ដាំដំឡូង​មី​។ លោក​បន្ដថា ពួកគាត់​ទាមទារ​យក​ដីស្រែ​ចំការ​ឲ្យ​គ្រប់​ចំនួន ខណៈ​យោធា​មានបំណង​ផ្ដល់​ឲ្យ​វិញ នៅ​កន្លែង​ផ្សេង​។

VOD​មិនអាច​ទាក់ទង អភិបាល​ខេត្ដ​សៀមរាប លោក ឃឹម ប៊ុន​សុង ដើម្បី​បញ្ជាក់​ពី​ករណី​នេះ​បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​។​ប៉ុន្ដែ​កន្លងមក អភិបាលរង​ខេត្ដ លោក ប៊ុន ថា​ឬ​ទ្ធិ ធ្លាប់​មាន​ប្រសា​ស​ន៏​ថា អាជ្ញាធរ​មាន​គំរោង​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​សប្ដាហ៏​នេះ ។​

យ៉ាងណាក៏ដោយ អ្នកឃ្លាំមើល​ការ រំលោភ​សិទ្ធិមនុស្ស​អង្គការ លីកាដូ ប្រចាំ​ខេត្ដ​សៀមរាប អ្នកស្រី​ឈុយ វាន់​ថា មាន​ប្រសា​ស​ន៏​ថា ដីធ្លី​នៅ​តំបន់​នោះ ពលរដ្ឋ​ចូល​កាន់កាប់​នៅ​ឆ្នាំ​២០០៥ ពោល​គឺ​តាំងពី​លោក ស៊ូ ភិរិន្ទ នៅ​ជា​អភិបាលខេត្ដ ដោយ​មិន​មាន​ភាគី​ណាមួយ​ជា​ម្ចាស់​នោះឡើយ ។ អ្នកស្រី​បន្ដ​ថា រដ្ឋាភិបាល​គួរ​ដោះស្រាយ​ជួន​ពលរដ្ឋ ឲ្យបាន​សមស្រប បើ​ទោះ​ពួកគាត់​បាន កាន់កាប់ ក្រោយ​ច្បាប់​ភូមិបាល​ក៏ដោយ ដើម្បី​ជៀសវាង​ទំនាស់​អូសបន្លាយ​បន្ដទៀត ៕

សូមសរសេរមកកាន់លោក​បូ សាវី bosavy@vodhotnews.com

What Next?

Recent Articles

One Response to "អ្នក​មាន​ជម្លោះ​ដីធ្លី​ជាង​២​រយ​គ្រួសារ​នៅ​សៀមរាប​ព្រមាន​ចូលរួម​បាតុកម្ម​ជាមួយ​បក្សប្រឆាំង​បើសិន​មិន​ដោះស្រាយ​ជូន​ពួកគាត់​​"

  1. បែណ្ឌីតអុកញ៉ាអាចរ្យក្នុយ says:

    ទាហ៊ានចាប់ផ្តើមយកដីរាស្ត្រទៀតហើយ??
    ពួកគាត់ចង់មានដូចមេដែរ” ជា តារា” តាំងពីមានបញ្ហាព្រំដែនមក មានណាស់ ត្រូវប៉ាន់តែម្តង ទិញវីឡានៅទួលគោកជាង១លានដុ ល្លារអាមេរិក ​និង សង់ខុនដូ១តំលៃរាប់លានដុល្លារទៀត។
    ហូបទៅបងប្អូនពលទាហ៊ាន នាយទាហ៊ានរងនៅព្រំដែនអើយ!!!!!អំណោយសប្បុរសជន អំណោយសម្តេច!!!ថតដាក់ទូរទស្សន័សឹងរាល់ថ្ងៃ!!!!!

    (បែណ្ឌីតអុកញ៉ា ជា ក្នុយ)