អតីត​ពលរដ្ឋ​បឹង​កក់​និង​ក្រុម​ព្រះ​សង្ឃ​បន្ត​តវ៉ា​បិទ​ផ្លូវ​នៅ​ថ្ងៃ​នេះ​ទៀត

Wednesday, 25 December 2013
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

_MG_5061

អតីត​ពលរដ្ឋ​បឹង​កក់​និង​ក្រុម​ព្រះ​សង្ឃ​បន្ត​តវ៉ា​បិទ​ផ្លូវ​នៅ​ថ្ងៃ​នេះ​ទៀត។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ អតីត​ប្រជា​សហគមន៍ បឹងកក់ ដែល​ទទួល​យក​សំណង​ហើយ​មក​ពី​បុរី​សន្តិភាព ២ ស្ថិត​នៅ​ក្នុង​ភូមិ ដំណាក់​ត្រយឹង រួម​ទាំង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ប្រមាណ​ជា ១០០ អង្គ-នាក់ បាន​បន្ត​ការ​តវ៉ា ​​បិទ​ផ្លូវ​មុខ​សាលា​រាជធានី​ភ្នំពេញទៀត ​ដើម្បី​ទាមទារ​ឲ្យ​អភិបាល​ រាជធានី​ភ្នំពេញ ផ្តល់​ប្រាក់​សំណង​បន្ថែម​និង​ជួយ​ដោះស្រាយ​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​ មុន​ពេល​បោះឆ្នោត ដូច​ដែល​គ្រួសារ​នីមួយៗ បាន​បំពេញ​នៅ​ក្នុង​សាលាកបត្រ​រួច​ហើយ។

ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​នេះ មិន​ទាន់​ឃើញ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​នឹង​ក្រុម​សមត្ថកិច្ច​នៅ​ឡើយ​ទេ ខណៈ​ដែល​កាល​ពី​ម្សិលមិញ មាន​ការ​ប៉ះ​ទង្គិច​មួយ​ប្រាវ​បណ្តាល​ឲ្យ​សន្លប់​ម្នាក់ របួស​៤​នាក់ និង​ខូច​ខាត​សម្បត្តិ​សាធារណៈ​មួយ​ចំនួន​ទៀត ហើយ​និង​កាល​ពី​ម្សិល​ម្ង៉ៃ មាន​ការ​ដុត​កង់​ឡាន​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ទាំង​សំឡេង​ទូង​ស្គរ​និង​វាយ​ឆ្នាំង​អម​ជាមួយ​ផង។

សូម​រំឭក​ថា កាល​ពី​ឆ្នាំ ២០០៧ រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន ស៊ូកាគូអ៊ីន វិនិយោគ​លើ​គម្រោង បឹងកក់ ចំនួន ៧៩ លាន​ដុល្លារ រយៈ​ពេល ៩៩ ឆ្នាំ​លើ​ផ្ទៃ​ដី ១៣៣ ហិកតា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជា​ពលរដ្ឋ​ជាង ៤២០០ គ្រួសារ រស់​នៅ​ក្នុង​តំបន់ បឹងកក់ នេះ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​ពលរដ្ឋ​តវ៉ា​ស្វែង​រក​ដំណោះស្រាយ​នៅ​ពុំ​ទាន់​ ចប់​នៅ​ឡើយ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​នានា បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ បឹងកក់ ភាគ​ច្រើន​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឲ្យ​ចេញ​ពី​ផ្ទះ ដោយ​ទទួល​សំណង​មិន​សមរម្យ ហើយ​នៅ​សល់​ជាង ៧០ គ្រួសារ បាន​តស៊ូ​ក្រាញ​ននៀល​មិន​ព្រម​ចាក​ចេញ​មក​ទល់​សព្វ​ថ្ងៃ​នេះ៕


What Next?

Recent Articles

One Response to "អតីត​ពលរដ្ឋ​បឹង​កក់​និង​ក្រុម​ព្រះ​សង្ឃ​បន្ត​តវ៉ា​បិទ​ផ្លូវ​នៅ​ថ្ងៃ​នេះ​ទៀត"

  1. xxx says:

    you are great !!!!