ក្រសួង​ការងារ អនុញ្ញាតឲ្យ​លោក រ៉ុង ឈុន ចូលរួម​ការពិភាក្សា​ឡើងវិញស្តីពីការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​នៅ​ថ្ងៃស្អែក​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ក្រសួង​ការងារ នឹង​បើក​ឲ្យមាន​ការប្រជុំ​ពិភាក្សាឡើងវិញ ​ករណី​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ដើម្បី​ជា​ការ​ស្វែង​រក​ដំណោះ​ស្រាយ និង​ធ្វើឲ្យ​កម្តៅ​នៃ​ការតវ៉ា​របស់​កម្ម​ក​រ​ដែល​កំពុង​តែ​ពុះកញ្ជ្រោល ថយ​ចុះ​វិញ ដោយ​នឹង​អនុញ្ញាតឲ្យ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​(CCU) ចូលរួម​ផង​ដែរ​។​

​កាលពី​ថ្ងៃ​ពុធ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាសថា សហភាព​សហជីព​កម្ពុ​ជា​(CCU) របស់លោក រ៉ុង ឈុន មិនមែន​ជា​សហជីព​ស្របច្បាប់ ខណៈ​ប្រធាន​សហជីព​នេះ កំពុង​ប្រមូលផ្តុំ​កម្មករ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។​

​កិច្ចប្រជុំ​ពិភាក្សា​ដំឡើង​ប្រាក់​ឈ្នួល នឹង​ត្រូវ​ធ្វើឡើង​នៅ​ម៉ោង ៣ រសៀល ថ្ងៃទី​២៧ ខែ​ធ្នូ នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ក្រសួង​ការងារ បាន​អញ្ជើញ​មេដឹកនាំ​សហជីព​កម្មករ​ចូលរួម រួមមាន​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ  លោក អាត់ ធន់ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ជា មុនី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ប្រធាន​​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា លោក​ស្រី ម៉ម ញឹម និង ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា លោកស្រី​យ៉ាង សោភ័ណ្ឌ​។​

​លោក រ៉ុង ឈុន ដែល​កំពុង​ដឹកនាំ​បាតុកម្ម​របស់​កម្ម​ក​រ​ក្នុងការ​ទាមទារ​ប្រាក់​ឈ្នួល​ដល់​ទៅ​១៦០​ដុល្លារ មានប្រសាសន៍ថា លោក​ទទួល​បាន​លិខិត​កោះប្រជុំ​ពី​ក្រសួង​ការងារ​ហើយ​។ លោក​បន្តថា នៅ​ថ្ងៃ​សុក្រ ស្អែក​នេះ កម្មករ នឹង​ធ្វើការ​ប្រមូលផ្តុំ​នៅ​ក្រសួង​ការងារ និង​ក្រសួង​សង្គមកិច្ច​។ លោក ឲ្យដឹងថា កន្លងទៅ ក្រសួង​ការងារ តែងតែ​ហៅ​រួម​លោក​ចូលរួម​ក្នុង​ការពិភាក្សា​ពី​បញ្ហា​ការងារ​របស់​កម្មករ​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ បានសរសេរថា សហជីព​របស់លោក រ៉ុង ឈុន ពុំ​មាន​និតិ​សម្បទា​គ្រប់​គ្រាន់ ដើម្បី​បាន​ការទទួលស្គាល់​តាម​ផ្លូវ​ច្បាប់​ពី​ក្រសួង​នោះ​ទេ ដូច្នេះ​សហ ជីព​នេះ​មិន​ស្របច្បាប់​ឡើយ​។ សេចក្តីថ្លែងការណ៍​ដដែល​បន្ថែម​ថា សហជីព​នេះ​មិនមែន​តំណាង​ឲ្យ​សំឡេង​របស់​កម្មករ​នោះទេ​។​

​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សហជីព​របស់លោក បានចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ​២០០៦ តែ​លោក​ទទួលស្គាល់ថា ក្រសួង​ការងារ មិន​បាន​ចុះបញ្ជី​ការ​ឲ្យ​សហជីព ដែល​លោក​ចាត់ទុកថា​ជា​ការរើសអើង​។ លោក​បន្តថា សហជីព​ការងារ​របស់​លោក គឺ​ស្រប​ទៅនឹង​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO) ដែល​មាន​កម្មករ​កំពុង​គាំទ្រ​។​

​ក្រសួង​ការងារ បាន​ប្រកាស​ឲ្យ​កម្មករ គោរព​តាម​ការសម្រេច​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ស្ដី​ពី​ដំឡើង​ប្រាក់​ឈ្នូល​អប្បបរមា ដែល​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ដូចខាងក្រោម ៖ ពី​ឆ្នាំ​២០១៤ ដល់ ២០១៨ ដំឡើង​ពី​៨០​ដុល្លារ​ទៅ​១៦០​ដុល្លារ​សម្រាប់​កម្មករ​ពេញសិទ្ធិ និង​ពី​៧៥​ដុល្លារ​ទៅ​១៥៥​ដុល្លារ​សម្រាប់​កម្មករ​សាកល្បង​។ ឆ្នាំ​២០១៤ ប្រាក់​ឈ្នួល​ត្រូវបាន​ដំឡើង​ចំនួន​១៥​ដុល្លារ ឆ្នាំ​២០១៥ ត្រូវ​ដំឡើង​ចំនួន​១៥​ដុល្លារ ឆ្នាំ​២០១៦ ត្រូវ​ដំឡើង​ចំនួន​១៦​ដុល្លារ ឆ្នាំ​២០១៧ ត្រូវ​ដំឡើង​ចំនួន​១៧​ដុល្លារ និង​ឆ្នាំ​២០១៨ ត្រូវ​ដំឡើង​១៧​ដុល្លារ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

3 Responses to "ក្រសួង​ការងារ អនុញ្ញាតឲ្យ​លោក រ៉ុង ឈុន ចូលរួម​ការពិភាក្សា​ឡើងវិញស្តីពីការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​នៅ​ថ្ងៃស្អែក​​"

  1. មិនយល់ says:

    មិនទទួលស្គាល់រុងឈុន ប៉ុន្តែហៅទៅប្រជុំ

  2. 7 Makara says:

    This guy is Khmer ‘s Vietminh,

  3. killer says:

    សុំសួរមួយឆ្កែអាខ្វាក់ទាំងឡាយ ។ រោងចក្រចំណាយលើប្រាក់ខែកម្មករ ជាង៣០០​លានដុល្លារ ចំណាយលើវត្ថុធាតុដើម ជាង1000លានដុល្លារ តែចំណាយផ្សេងៗ Other Expenses បំរុងទុកជាង2000 លានដុល្លារ ។តើស្អីគេ អាចំណាយផ្សេងៗ Other Expense ??????????????????