កម្មករកាន់តែច្រើនបានឈប់ធ្វើការបណ្ដោះអាសន្ន ដើម្បីចូលរួមបាតុកម្មទាមទារដំឡើងប្រាក់ខែគោល ខណៈដែលសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ស្នើសុំឲ្យថៅកែរោងចក្រមួយចំនួនពិចារណាឲ្យកម្មករឈប់សម្រាកមួយរយៈដោយគ្មានកាលកំណត់ ទម្រាំស្ថានភាពបាតុកម្មហាក់ធូរស្រាលបន្តិច។ ការដកឃ្លារបស់សមាគមរោងចក្រនេះ ក៏ស្របពេលដែលក្រសួងការងារ បានព្រមានថានឹងចាត់វិធានការតាមច្បាប់ ចំពោះមន្ត្រីសហជីព និងអ្នកនយោបាយណាដែលបានបំផុសឲ្យកម្មករធ្វើបាតុកម្ម។
ដោយ ទេព សុរ៉ាវី
2013-12-26
RFA

ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ដឹកនាំកម្មករហែក្បួនបាតុកម្មនារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៣។ RFA/Mom Sophon
គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា ហៅថ្នាក់ដឹកនាំសហជីពធំៗចំនួន៦ អោយទៅប្រជុំបន្ទាន់នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ពីរឿងតវ៉ាប្រឆាំងនឹងការដំឡើងប្រាក់ខែ។
គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា បានចេញលិខិតអញ្ជើញ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោកស្រី ម៉ម ញឹម ប្រធានសម្ព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា និងលោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ទៅប្រជុំនៅក្រសួងការងារ ជាបន្ទាន់ ក្រោមការដឹកនាំរបស់ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ។
កាលពីថ្ងៃទី២៥ ខែធ្នូ ក្រសួងការងារ បានបញ្ជាឲ្យសហជីពទាំងអស់ដែលប្រឆាំងទៅនឹងការសម្រេចដំឡើងប្រាក់ខែកម្មកររបស់គណៈកម្មការប្រឹក្សាការងារ និងកំពុងបំពុលបរិយាកាស អោយបញ្ឈប់បន្ទាន់នូវការបំផុសកម្មករឲ្យធ្វើបាតុកម្ម។
អគ្គលេខាធិការគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា លោក ប្រាក់ ចាន់ធឿន នៅថ្ងៃទី២៦ ខែធ្នូ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្ត្រីសហជីព និងថ្នាក់ដឹកនាំគណបក្សនយោបាយខ្លះ ដែលរឹងទទឹងបំផុសឲ្យកម្មករធ្វើបាតុកម្ម។
«សំឡេង»
លោក ប្រាក់ ចាន់ធឿន បន្តថា មានកម្មករជាង ៥០០រោងចក្រនៅទូទាំងប្រទេស នៅបន្តការងារធម្មតា ខណៈដែលកម្មករជិត ១០០រោងចក្រ បានរួមធ្វើបាតុកម្មជាមួយគណបក្សប្រឆាំង ហើយគណបក្សមួយនេះកំពុងកេងចំណេញនយោបាយពីកម្មករ។ លោកទទួលស្គាល់ថា សង្វាក់ផលិតកម្មនៅរោងចក្រខ្លះកំពុងកកស្ទះ ហើយថៅកែរោងចក្រអាចនឹងដកខ្លួនទៅវិនិយោគនៅប្រទេសផ្សេង។
«សំឡេង»
ក្រុមសហជីពហាក់ធ្វើផ្គើនទៅនឹងការកោះហៅចរចារឿងប្រឆាំងនឹងការដំឡើងប្រាក់ខែ ដោយបានសរសេរលិខិតមួយទៅ លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា បញ្ជាក់ពីជំហរបន្តធ្វើបាតុកម្មចាប់ពីដើមខែមករា តទៅឲ្យទាល់តែបានជោគជ័យនៅតាមបណ្ដាក្រុមហ៊ុន និងការដង្ហែក្បួនជាសាធារណៈ ដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលយ៉ាងតិច ១៦០ដុល្លារនៅឆ្នាំ២០១៤។
ក្រុមប្រឹក្សាការងារដែលមានភាគីថៅកែរោងចក្រ រដ្ឋាភិបាល និងសហជីព បានសម្រេចដំឡើងប្រាក់ខែគោលឲ្យកម្មករពី ៨០ ដល់ ៩៥ដុល្លារ ចាប់ពីខែមេសា ឆ្នាំ២០១៤។ នៅឆ្នាំបន្តបន្ទាប់ទៀត នឹងត្រូវដំឡើង ១៥ដុល្លារទៀត រហូតដល់ឆ្នាំ២០១៨ ទើបប្រាក់ខែកម្មកររោងចក្រឡើងដល់ ១៦០ដុល្លារ។ ការសម្រេចផ្តល់ប្រាក់ខែជាដំណាក់ៗនេះ ត្រូវបានពន្យល់ថា ដើម្បីពង្រឹងជីវភាពកម្មករ និងរក្សានិរន្តរភាពវិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជា។ ក្រុមប្រឹក្សាការងារបញ្ជាក់ថា ការសម្រេចនោះធ្វើឡើងត្រឹមត្រូវតាមច្បាប់ ហើយបើអង្គការសហជីពណាប្រឆាំងជំទាស់ គឺប្រឆាំងនឹងច្បាប់។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បដិសេធទទួលការសម្រេចនោះ។ លោកបានប្រៀបធៀបការសន្ទុះបាតុកម្មរបស់កម្មករនៅពេលនេះ ហាក់ដូចជាការបាក់ទំនប់ដែលមិនអាចទប់បាន ដើម្បីទាមទារការដំឡើងប្រាក់ខែក្នុងកម្រិតសមរម្យ។
«សំឡេង»
ការសិក្សាជាច្រើនរកឃើញថា មូលហេតុប្រាក់ខែតិចធ្វើឲ្យកម្មករមិនអាចរស់នៅបាន នៅពេលដែលតម្លៃស្បៀងអាហារកាន់តែកើនខ្ពស់។ កម្មករជាង ៧០% មានភាពស្គមស្គាំង និងស្លេកស្លាំង ដែលជាកត្តាមួយធ្វើឲ្យកម្មករសន្លប់កំឡុងពេលបំពេញការងារ។
អ្នកវិភាគសេដ្ឋកិច្ច ធ្លាប់អះអាងថា ការដំឡើងប្រាក់ខែគោលឲ្យកម្មករ គឺអាចធ្វើបានលើសពី ១០០ដុល្លារក្នុងមួយខែ។ ការអះអាងនេះ បន្ទាប់ពីអ្នកសេដ្ឋកិច្ចរកឃើញថា ថៅកែរោងចក្រកាត់ដេរទាំងអស់ក្នុងមួយឆ្នាំនៅសល់ប្រាក់ជាង ២ពាន់លានដុល្លារ ទុកសម្រាប់ចំណាយលើកម្រៃផ្សេងៗទាក់ទងនឹងការគ្រប់គ្រង ការចំណាយប្រតិបត្តិការ និងផលចំណេញ។ ក្រោយពីផាត់ការចំណាយលើថ្លៃប្រាក់ខែកម្មករ ៣០០លានដុល្លារ និងថ្លៃនាំចូលវត្ថុធាតុដើមសម្រាប់ផលិតចំនួន ១.៧០០លានដុល្លារ។
មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា លោក ជាតិ ខេមរា មានប្រសាសន៍ថា ក្រុមហ៊ុនមិនអាចដំឡើងប្រាក់ខែឲ្យកម្មករឲ្យបានច្រើនភ្លាមៗក្នុងរយៈពេលខ្លីបានទេ ព្រោះអាចប៉ះពាល់ដល់និរន្តរភាពនៃការវិនិយោគ។
«សំឡេង»
មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្ររូបនេះក៏បានព្រមានថា អ្នកវិនិយោគខ្លះអាចនឹងដកខ្លួនចេញទៅរកស៊ីនៅប្រទេសវៀតណាម និងប្រទេសឡាវ វិញ ប្រសិនបើកម្មករនៅតែបង្កឲ្យមានវិបត្តិដែលធ្វើឲ្យរាំងស្ទះដល់សង្វាក់ផលិតកម្ម ដែលនាំឲ្យគ្មានការបញ្ជាទិញទំនិញពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តើការដំឡើងប្រាក់ខែ១៥ដុល្លារជារង្វាន់លើកទឹកចិត្តកម្មករឬជាឆ្នួនឲ្យមានការតវ៉ា?
- បក្សសង្គ្រោះជាតិហែក្បួនថ្មើរជើងចម្ងាយ១០គីឡូម៉ែត្រ
- កម្លាំងសមត្ថកិច្ចបិទច្រកទ្វារសាលារាជធានីភ្នំពេញ
- កម្មករប្រមាណ១០នាក់សន្លប់និងរាប់ម៉ឺននាក់បន្តធ្វើបាតុកម្ម
- តើការធ្វើបាតុកម្មរបស់បក្សសង្គ្រោះជាតិជាការធ្វើរដ្ឋប្រហារឬយ៉ាងណា?
- ក្រសួងការងារអំពាវនាវឲ្យកម្មករបន្តប្រក្រតីភាពការងារផលិតកម្ម
- កម្មករជិត១ម៉ឺននាក់នៅកំពង់ឆ្នាំងធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ
- ជនរងគ្រោះដីធ្លីនៅភ្នំពេញបន្តតវ៉ាមុខសាលារាជធានី
- មេដឹកនាំបក្សប្រឆាំងចូលរួមធ្វើបាតុកម្មជាមួយកម្មករនៅស្វាយរៀងនិងកំពង់ចាម
យើងគាំទ្រ ដោយសុំឲ្យ GMAC ពិចារណាមើលពីលទ្ធភាពនៃការដក ឬក៏ទុកការវិនិយោគរបស់ខ្លួននៅកម្ពុជានេះ។
យើងនៅតែគិតដល់ជីវភាពរបស់កម្មកររបស់យើងជានិច្ចថា តើបើអត់រោងចក្រទេ គ្នាមានអ្វីសម្រាប់ជីវិតគ្នាទៅទៀត!! តែយើងចង់ឲ្យមានការជជែកគ្នា និងរួមគ្នាដោះស្រាយបញ្ហារួមរបស់យើងនេះ ដោយតម្រូវភាគីម្ខាងៗ យល់ពីការលំបាករៀងៗខ្លួន។ មានន័យថា យើងត្រូវដឹងថា សម្រាប់មនុស្ស ទោះជាប្រាក់ប៉ុន្មាន ក៏វាមិនអាចគ្រប់នឹងចិត្តចង់បាន នោះដែរ ។ ហើយត្រូវដឹងថា គេអាចធ្វើការងារមួយថ្ងៃ មួយខែ អាចទទួលបានកម្រៃមកតម្រូវនឹងទីផ្សារបានដែរ។ ឧទាហរណ៍យើងសួរទៅអ្នកលក់នៅតាមផ្សារវិញថា តើបើគាត់ចំណាយដើមទុនមួយថ្ងៃ ១០០ ដុល្លា គាត់ប្រើកម្លាំងខ្លួនគាត់ផង និងកូនរបស់គាត់ ២ នាក់ថែមទៀត ដើម្បីលក់បបរ ឬបាយ តើគាត់ចំណេញបានប៉ុន្មាន? ហើយបើគិតទៅតាមដើមទុន និងចំនួនមនុស្សចូលរួមការងារវិញ សួរថា តើម្នាក់អាចទទួលកម្រៃប៉ុន្មាន? គាត់ឆ្លើយថា គ្មានទេ គឺបានតែមួយរួចខ្លួនប្រាក់ដើម និងចំណេញតែបានហូបចុកបាយនោះ រួចឲ្យកូនតូចទៅរៀន ២ ឬបីពាន់រៀលទេ។ មានន័យថា ការរកស៊ី ការរកលុយវាលំបាកអញ្ចឹង។ តែចំពោះកម្មករវិញ យើងគិតដោយឡែក ព្រោះថា យើងធ្វើការជាមួយគេ ដោយលកកម្លាំងនិងសមត្ថភាពជំនាញ។ ដូចនេះប្រាក់ដែលផ្តល់ជូន អាចត្រូវវាស់វែងទៅនឹងការចំណាយពេលវេលា និងការខិតខំរបស់កម្មករក្នុងរយៈពេល ៨ ម៉ោងក្នុងមួយថ្ងៃ និងសួរថា តើយើងគួរឲ្យប៉ុន្មានទៅ ដើម្បីឲ្យគ្នាអាចរស់បានក្នុងជីវភាពមួយសមរម្យ ។ ពាក្យថា « សមរម្យ » នោះ គឺអ្វី ? សមរម្យ គឺ មិនមែនអាចឲ្យសល់លុយធ្វើអ្នកមាន បាននោះទេ តែត្រូវឲ្យកម្មករម្នាក់ៗ មានលទ្ធភាពអាចបង់ប្រាក់ឈ្នួលបន្ទប់បាន ហើយសល់ពីនោះ គ្នាអាចមានលទ្ធភាពចំណាយលើការហូបចុក ក្នុងមួយពេលប្រហាក់ប្រហែល ៥០០០ រៀល និងត្រៀមលុយកាក់ខ្លះ ក្នុងមួយខែ ប្រហែល ៣ ទៅ ៥ ម៉ឺនរៀលសំរាប់ចំណាយលើការថែទាំសុខភាព និងចំណាយទូទៅ ខ្លះទៅទៀត។ យើងក៏ដឹងដែរថា ដើម្បីឲ្យបានប្រាក់ជាងនេះ រហូត ១៥០ ទៅ ២០០ ដុល្លា ឬក៏ច្រើនជាងនេះ កម្មករត្រូវធ្វើការក្នុងម៉ោងបន្ថែម ក៏បានដែរ។ តែយើងយល់បញ្ហាសុខភាពទៅវិញ គឺធម្មតាការប្រឹងប្រែងនេះ ជួនកាលគ្នាប្រឹងទាំងចិត្ត តែកម្លាំងកាយគ្មានទេ។ ខ្ញុំបានដឹង និងបានឃើញដោយផ្ទាល់ភ្នែកថា ភាគច្រើននៃកម្មករ គ្នាហ៊ានចំណាយហូបបាយមួយពេល យ៉ាងខ្ពស់ ២០០០ រឿលទេ។ ហើយធម្មតាទេ អ្នកលក់ក៏ដូចវនេះដែរ ដើម្បីសម្របនឹងតម្លៃនេះ គឺទាំងម្ហូប បាយ គឺគ្មានរសជាតិ ឬក៏គ្នាត្រូវទិញសាច់ទិញបន្លែយ៉ាងណាឲ្យបានច្រើន តែថោក។ និយាយឲ្យចំ កម្មករម្នាក់ៗ បើយើងបានឃើញ ទើបយើងខ្លោចចិត្តអាណិតគ្នាមែន ព្រោះគ្នាហូបបាយ ដូចជាបាយសម្រាប់សុនខអញ្ចឹង។ ដោយសារការហូបចុកមិនគ្រប់គ្រាន់ កម្មករត្រូវហ៊ឹងត្រចៀក ខ្យល់គ ហើយដែលយើងបានឃើញរឿងនេះ មានច្រើនមកហើយ។
ម្យ៉ាង យើងដឹងថា ភាគច្រើននៃកម្មកររោងចក្រម្នាក់ បើភ្ជាប់ទៅនឹងបញ្ហាគ្រួសារ គឺគ្នាលំបាកណាស់។ មានគ្រសារខ្លះ ដែលមានម្តាយ ឪពុក បង ប្អូន នៅស្រុកស្រែ ៣ ទៅ ៥ នាក់ ពុំមានធ្វើការអ្វីទេ ហើយសង្ឃឹមតែលើកូនស្រីម្នាក់ដែលជាកម្មករនេះ។ ដូចនេះ បន្ទុកលំបាករបស់កម្មករនេះ ត្រូវរំលែកប្រាក់ខែ បន្តិចបន្តួច និងត្រូវប្រឹងធ្វើការមិនដឹងយប់ថ្ងៃ ដើម្បីរកប្រាក់ផ្គត់ដល់គ្រួសារទៀត។ នេះហើយជាបញ្ហា ។ ក្រៅពីនេះ គឺតម្លៃឈ្នួលផ្ទះ ក៏ធ្វើឲ្យកម្មករត្រូវរែកពុនដែរ។ អាជីវករផ្ទះជួល គ្មានអាណិតអ្នកក្រទេ ដោយបន្ទប់មួយអាចសំរាកសមរម្យ ២ នាក់ ជួនគ្មានបន្ទប់ទឹកក្នុងផ្ទះផង គាត់យកថ្លៃយ៉ាងថោកបំផុត ក៏ត្រឹម ៣០ ដុល្លាដែរ។ ក្រៅពីនោះ តម្លៃទឹក និងអគ្គីសនី គាត់យកថ្លៃដែលមិនគួរយកសោះ គឺ ថ្លៃអគ្គីសនីមួយគីឡូវ៉ាត់ម៉ោងអាចពី ២ ទៅ ៣ពាន់រៀល ហើយដែលនៅរាជធានីនេះ តម្លៃដើមអគ្គីសនីតែ ៧២០ រៀល សោះ។ កន្លែងនេះហើយ ដែលយើងត្រូវពិចារណា ថា តើកម្មករលំបាកយ៉ាងម៉េច ហើយយើងអាចនឹងជួយគ្នា ដោយវិធីណា។ តើរដ្ឋាភិបាលមានសិទ្ធិទៅកំណត់តម្លៃឈ្នួលផ្ទះបានឬទេ?
តាមពិតទៅ ក្នុងសង្គមខ្មែរយើងសព្វថ្ងៃ ដោយសារមូលដ្ឋានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមានព្រំដែន ហើយប្រពន្ធសេដ្ឋកិច្ច មិនមានអ្វីក្រៅពីកសិកម្ម និងសេវាកម្មខ្លះក្នុងជីវភាពចាំបាច់ នោះ វាពិតជាបានបណ្តាលឲ្យមនុស្សពិបាកនឹងមានការងារធ្វើគ្រប់គ្នាណាស់។ ដូចនេះហើយ ទើបរោងចក្រកាត់ដេរ និងរោងចក្រជំនាញផ្សេងៗមួយចំនួននោះ គឺជាផ្នែកសំខាន់មួយនៃចរន្តសេដ្ឋកិច្ចនិងការងារសំរាប់ប្រជាពលរដ្ឋខ្មែរ។
យើងនិយាយបែបនេះ គឺចង់ឲ្យកម្មករ និង ថៅកែត្រូវតែទទួលស្គាល់គ្នាពីផលប្រយោជន៍ និងការលំបាករៀងៗខ្លួន ដើម្បីយើងរួមគ្នារស់នៅក្នុងការងារឲ្យបានសុខសាន្តនឹងគ្នា ដោយមិនត្រូវគាបសង្កត់គ្នា ឡើយ ដោយសកម្មភាពរបៀបបាតុកម្ម កូដកម្ម មិនចូលធ្វើការ ធ្វើឲ្យចរន្តផលិតកម្មរាំងស្ទះ ហើយរោងចក្រត្រូវខាតបង់ ឬសងលុយទៅអ្នកបញ្ជាទិញ។
ចំពោះកម្មករ ក៏ដូច្នេះដែរ! កម្មករត្រូវដឹងថា ទម្រាំម្ចាស់រោងចក្រ គេបើករោងចក្រមួយ អស់ ១ លាន ក៏ដោយ ១០លានក៏ដោយ គឺសុទ្ធជាប្រាក់ ដែលលំបាកនឹងអ្នកនយោបាយណាមានសមត្ថភាព និងមានគំនិតធ្វើបានណាស់។ បងប្អូន គួរតែងាកទៅមើលវិរជនអ្នកស្នេហាកម្មករទៅមើល ថាគាត់ជាអ្នកដឹកនាំ ញុះញង់បងប្អូន តើគាត់មានឲ្យបងប្អូនបង់ប្រាក់ប្រចាំខែឲ្យគាត់ដែរឬក៏អត់? វាអាចថាគាត់មិនយកលុយប្រចាំខែពីបងប្អូនទេ តែគាត់យកឈ្មោះបងប្អូនកម្មករយើង ទៅសុំលុយជំនួយបរទេស មកចាយ ក៏មានដែរ។ នេះជាអាជីវកម្មរបស់ពួកនេះ។
ចុះថៅកែវិញ យ៉ាងណា? ម្ចាស់រោងចក្របានចំណាយប្រាក់មកបណ្តាក់ទុនលើដីខ្មែរ មានទាំងសំណង់ មានទាំងគ្រឿងម៉ាស៊ីននិងបរិក្ខាផ្សេងៗ ដែលមិនអាចរើរុះ វេចខ្ចប់ ឬលក់ចេញទោះថ្ងៃនេះ ឬ ថ្ងៃស្អែកឲ្យទៅគេ ភ្លាមៗ បានទេ។ បើត្រូវបិទរោងចក្រនោះ ថៅកែត្រូវខាតរាប់លានដុល្លា។ ដូចនេះ តែកាលណា គេបើករោងចក្រនៅប្រទេសណា គឺម្ចាស់រោងចក្រ គេមិនចង់ជួបរឿងអាក្រក់ជាមួយកម្មករឡើយ។
តែក្នុងស្ថានភាពដូចប៉ុន្មានខែ និងប៉ុន្មានថ្ងៃចុងក្រោយនេះ វាអាចជាករណីចាប់បង្ខំឲ្យម្ចាស់រោងចក្រ បិទភ្នែកទ្រាំខាតប្រាក់ ដើរចេញពីស្រុកខ្មែរ ដើម្បីបំពេញចិត្តកម្មករខ្មែរ ជាពិសេស បំពេញចិត្តអ្នកនយោបាយខ្មែរមួយក្តាប់ ដែលពូកែញុះញង់នោះ ឲ្យគាត់សប្បាយ ព្រោះគាត់ពូកែធ្វើឲ្យប្រជាជន កម្មករស្រឡាញ់គាត់ គាំទ្រគាត់រហូតវាយបំបែកឆ្នាំងបាយខ្លួនឯង។
ចុងក្រោយនេះ ខ្ញុំសុំដល់សមាគមម្ចាស់រោងចក្រ សូមមេត្តាពិនិត្យថា តើគួរដកការវិនិយោគ ឬក៏ទុក? បើដក លោកក៏ខាតដែរ តែយើងក៏អាចទៅកន្លែងណា ប្រទេសណា ដែលបានសុខក៏ម្យ៉ាង។ តែបើទុក គឺលោកត្រូវប្រឈមនឹងការគម្រាមកំហែងពីក្រុមអ្នកនយោបាយខិលខូច ដែលវាបំពុលបរិយាកាសនៃការងាររបស់អស់លោក ជាមួយនឹងកម្មរ និងបំផ្លាញសេចក្តីសុខរបស់កម្មកររាល់ថ្ងៃ យ៉ាងនេះ ជារៀងរហូត គ្មានថ្ងៃចប់ទេ។
សំណូមពរចុងក្រោយ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ ដែលក៏យល់ស្គាល់ពីជីវភាពកម្មករ ខ្ញុំសុំថា គួរតែយើងឯកភាពគ្នា ផ្តល់ប្រាក់ខែគោលឲ្យកម្មកម្នាក់ ១២០ ដុល្លា នៅពេលនេះតែម្តង តើបានឬទេ? ហើយក៏សំណូមពរដល់កម្មករទាំងឡាយ សុំឲ្យមានយល់ដឹងពីការលំបាករបស់ម្ចាស់រោងចក្រផង។ បើបងប្អូនមិនយល់ទេ សូមបងប្អូនសាកទៅលបសួរថៅកែភោជនីយដ្ឋានណាមួយ ទៅ ថាគេលំបាកយ៉ាងម៉េច ទម្រាំបើកភោជនីយដ្ឋាន មួយចិញ្ចឹមកម្មករ ពី ១០ ទៅដល់ ១០០ ឬ ២០០ នាក់។ ភោជនីយដ្ឋានមួយ បានធ្វើឲ្យមនុស្សជាច្រើនក្នុងសង្គមមានការងារធ្វើ គឺតាំងពីកសិករ កម្មករម៉ូតូឌុប រហូតអ្នករត់តុ និងរាប់ទាំងនារីលក់ស្រា ផង។ អ្នកទាំងនោះហើយ ដែលខ្ញុំចាត់ទុកថា ជាអ្នកបានចូលរួមកសាងសង្គមខ្មែរឲ្យរីកចម្រើន។ វាផ្ទុយពីក្រុមអ្នកនយោបាយប្រតិកិរិយា សម រង្ស៊ី និង កឹង សុខា និងពួកមេសហជីពប្រតិកិរិយាខិលខូល យកញើសឈាមកម្មករជាល្បែង តាំងខ្លួនជាអ្នកស្រឡាញ់កម្មករ។
សុំបងប្អូន សួរទៅ លោក អាត់ធុន រ៉ុង ឈុន និងមេបក្សប្រឆាំងទាំងនោះ ថា តើសព្វថ្ងៃនេះ ពួកនេះមានបើករបររកស៊ីអ្វីមួយដែលទាក់ទងនឹងការប្រើកម្លាំងមនុស្ស នៅនឹងផ្ទះឬទេ? ហើយសួរថា បើរោងចក្របិទទ្វារទៅវិញ តើពួកនេះ វាធ្វើយ៉ាងម៉េច ដើម្បីឲ្យបងប្អូនមានការងារធ្វើ។ នៅផ្ទះ សម រង្ស៊ី មានមនុស្សនៅជាមួយដែរ គឺមនុស្សដែលពាក្យថោកទាបរបស់ខ្មែរ គេហៅថា « ខ្ញុំគេ » ។ គ្នាគ្មានសិទ្ធិអ្វីទេ។
បងប្អូន កុំគិតថា ការអួតអាងរបស់សម រង្ស៊ី នោះ វាអាចធ្វើទៅបាន ដោយទាមទាមតម្រូវកម្មករ បានប្រាក់ខែ ៣០០ ដុល្លា នោះ។