បក្សសង្គ្រោះជាតិនឹងសុំជួបបក្សកាន់អំណាចដើម្បីរកដំណោះស្រាយនយោបាយ​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃចន្ទ ទី30 វិច្ឆិកា 2015, 05:57 PM​
http://vodhotnews.com


លោក យ៉ែម បុញ្ញឬទ្ធិ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ (ដោយ ឡាយ សាមាន)


មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះឱ្យដឹងថា លោកនឹងពិគ្រោះយោបល់ជាមួយមេដឹកនាំបក្ស ដើម្បីសរសេរលិខិតជាផ្លូវការដាក់ទៅគណបក្សប្រជាជនកម្ពុជា យ៉ាងយូរបំផុតក្នុងសប្តាហ៍នេះ ក្នុងបំណងចរចារកដំណោះស្រាយផ្នែកនយោបាយ។

លោក យ៉ែម បុញ្ញឬទ្ធិ បានអះអាងបែបនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយរវាងមន្រ្តីគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការធ្វើពហិកាមិនចូលប្រជុំសភា ដោយលោកអះអាងថា បញ្ហានយោបាយ នៅមិនទាន់មានដំណោះស្រាយនៅឡើយ។ លោកបន្តថា  លោកនឹងពិគ្រោះយោល់ជាមួយប្រធានស្តីទីគណបក្សលោក កឹម សុខា ដើម្បីសរសេរលិខិតជាផ្លូវការដាក់ទៅគណបក្សប្រជាជនកម្ពុជា ដើម្បីរកដំណោះស្រាយនយោបាយតាមរយៈវប្បធម៌សន្ទនា។

លោក​បន្ថែម​ថា៖ “ជាការពិតប្រសិនបើយើងទទួលបានព័ត៌មានហ្នឹង យើងរៀបចំលិខិតចេញទៅល្ងាចនេះ ឬក៏ស្អែកតែម្តង។ អ្នកសារព័ត៌មាន ប្រសិនបើអត់មានថាគណបក្សប្រជាជនមិនសរសេរលិខិតមក យើងនឹងចាប់ផ្តើមឬ យ៉ាងម៉េច? យើងនឹងចាប់ផ្តើមមុនមិនមានរឿងទាស់ខុសអីទេ ដូចខ្ញុំជម្រាបជូន យើងនឹងពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ ជាមួយឯកឧត្តមប្រធានស្តីទីខាងសំឡេងភាគតិច គឺឯកឧត្តម កឹម សុខា មើលពេលវាគាត់សមស្រប ហើយយើងនឹងកំណត់ពេលវាលានោះ ប្រហែលជាក្នុងសប្តាហ៍នេះ។

លោក យ៉ែម បុញ្ញឬទ្ធិ បន្ថែមថារបៀបវារៈនៃការចរចា នឹងយកករណីវាយតំណាងរាស្រ្តពីររូប ការដកតំណែងអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា និងការដកអភ័យឯកសិទ្ធិ និងចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ VOD ថា គណបក្សលោកបើកទ្វារចំហរ រង់ចាំការចរចាជាមួយគណបក្សសង្គ្រោះជាតិ។​ តែលោកថា មន្រ្តីគណបក្សប្រជាជនមិនអាចជួបជាមួយបក្សសង្គ្រោះជាតិ ក្នុងសប្តាហ៍នេះបានទេ ដោយអះអាងថា មន្រ្តីខ្លះជាប់រវល់បំពេញកិច្ចការផ្ទៃក្នុង។

លោក​បន្តថា៖ “អាហ្នឹងសិទ្ធិបោះគេ គេចង់ដាក់ក៏ដាក់ទៅ មិនដាក់ក៏ហីទៅ ដាក់ក៏បាន មិនដាក់ក៏បាន ប៉ុន្តែគណបក្សប្រជាជន យើងជាប់បំពេញការងារភារៈកិច្ចស្នូលអត់ទាន់មានពេលជួបទេបាទ។ អាហ្នឹងនៅតែបើកទ្វារចំហរដដែលហ្នឹង តែពេលនេះមិនទាន់មានគម្រោងជួប”

សម្រាប់សាស្រ្តាចារ្យនយោបាយលោក សូ ចន្ថា មើលឃើញថា ការបន្ទន់ឥរិយាបថរបស់បក្សសង្គ្រោះជាតិ ដែលសរសេរលិខិតទៅបក្សកាន់អំណាចដើម្បីរកដំណោះស្រាយនយោបាយជារឿងល្អ។ លោកបន្តថា បើបក្សទាំងពីរគិតផលប្រយោជន៍ជាតិជាធំ ការចរចានឹងមានលទ្ធផល។ តែលោកថា បើបក្សប្រជាជនមិនចង់ជួបរកដំណោះស្រាយនយោបាយទេ នោះបង្ហាញថាបក្សកាន់អំណាចមួយនេះគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។

លោក​បន្ថែម​ថា៖ “៖ គណបក្សប្រជាជននៅពេលនេះគាត់ត្រូវការជួបហើយដោះស្រាយបញ្ហា ការជាប់គាំងស្ថានការណ៍ដែលឡើងកម្តៅនេះ ពីព្រោះអ្វីដែលសំខាន់គណបក្សប្រជាជនដែលដឹកនាំប្រទេសបច្ចុប្បន្នកំពុងតែរងភាពអាម៉ាស់មួយទាំងក្នុងប្រទេស និងឆាកអន្តរជាតិ ដែលយើងឃើញថាអ្វីដែលបានធ្វើកន្លងមកជាការអនុវត្តមួយដែលផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែបើសិនគណបក្សប្រជាជនមិនព្រមជួបធ្វើការសម្របសម្រល ឬក៏ចរចាគ្នាទេ កន្លែងហ្នឹងដែលធ្វើឱ្យពលរដ្ឋខ្មែរមើលឃើញកាន់តែច្បាស់ អ្វីដែលគណបក្សប្រជាជនលើកឡើងថាចង់បានសន្តិភាព និងការបង្រួបបង្រួមជាតិហ្នឹងគ្រាន់តែនិយាយឱ្យតែល្អមើលទេ”

ការដែលមន្រ្តីបក្សសង្គ្រោះជាតិកំពុងស្វែងដំណោះស្រាយនយោបាយក្នុងស្រុក គឺប្រធានបក្សនេះលោក សម រង្ស៊ី ក៏ស្វះស្វែងរកដំណោះស្រាយនៅលើឆាកអន្តរជាតិផងដែរ។ លោក សម រង្ស៊ី បានស្វែងរកអន្តរាគមន៍ពីព្រឹទ្ធសភាអូស្រា្តលី ស្ថានទូតសហរដ្ឋអាមេរិក និងសភាអ៊ឺរ៉ុប ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីទម្លាក់ចោលដីកាចាប់ខ្លួនរូបលោក និងអនុញ្ញាតឱ្យគាត់ចូលស្រុកវិញដោយគ្មានការភ័យខ្លាច៕

សូម​សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

One Response to "បក្សសង្គ្រោះជាតិនឹងសុំជួបបក្សកាន់អំណាចដើម្បីរកដំណោះស្រាយនយោបាយ​"

  1. គណបក្សប្រឆាំងនៅខាងក្នុងនៃប្រទេសកម្ពុជា សូមស្ងប់ចិត្ត ឈប់កន្ត្រោង ឆ្លេឆ្លា នាំតែគេមើល

    មក ឃើញថា ជាបក្សប្រឆាំងដែលស្រេកឃ្លានចង់បានអំណាចដើម្បីរកផលប្រយោជន៏ផ្ទាល់

    ខ្លួន។គ្មានប្រទេសលទ្ធិប្រជាធិបតេយ្យណាមួយ គេធ្វើដូច្នេះឡើយ។លើកលែងតែ ប្រទេស

    កុម្មុយនិស្ត គ្មានអន្តរសហប្រជាជាតិទាំងឡាយណា គេគាំទ្រនូវទង្វើលទ្ធិប្រជាធិបតេយ្យតាម

    បែបការវាយឲ្យស្លាប់ដោយប្រយោលដូច្នេះឡើយ។ស្ងៀមជាងស្រដី ដោយស៊ូនៅរង់ចាំមើល

    ចរន្តនយោបាយជាកម្លាំងសម្ពាធព្យុះដែលកំពុងតែបោកបក់ទៅលើប្រទេសជាដៃគូរបស់គេ។