Wed, 2 December 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ទន្ទឹមនឹងប្រជាប្រិយភាពក៏កាន់តែស្ទុះឡើង ទាំងវ័យក៏កាន់តែរំកិលទៅមុខច្រើនបន្តិចនោះ តារាចម្រៀងដែលប្រកបដោយទឹកដមសំនៀងក្រអួនក្រអៅ រមែងចូលរួមជាមួយសកម្មភាពមនុស្សធម៌ កញ្ញា មាស សុខសោភា បានបញ្ជាក់ថា៖ «ចាប់ពីពេលនេះទៅ នឹងបែងចែកកញ្ចប់ថវិកាបានពីសិល្បៈរាល់ថ្ងៃជាពីរផ្នែក ក្រៅពីខ្លួនឯងមួយផ្នែកនោះ និងមួយផ្នែកទៀតចូលជួយទ្រទ្រង់សមាគមសិល្បករខ្មែរ »។
សារផ្សព្វផ្សាយអំពីតារាចម្រៀង មាស សុខសោភា ជួយសមាគមសិល្បៈត្រូវបានបង្ហោះដោយលោក អ៊ឹម ជីវ៉ា នោះបានរៀបរាប់ថា៖ «មាស សុខសោភា តារាចម្រៀងដ៏ល្បីដែលបានចូលរួមចំណែកក្នុងការបង្កើតមូលនិធិថ្មីដើម្បីជួយទៅដល់សិល្បករចាស់ៗ មានជំងឺបាត់បង់សមត្ថភាព។ នេះគឺជា ទឹកចិត្តដ៏ថ្លៃថ្លាល្អបរិសុទ្ធបំផុតរបស់កញ្ញាដែលបានចូលរួមចំណែក និងមើលឃើញពីភាពខ្វះខាតរបស់សិល្បករ»។
សារនោះក៏ទទួលបានការគាំទ្រច្រើនពីមហាជន ដែលពួកគេនាំគ្នាលើកឡើងថា៖ «មាស សុខសោភា មិនត្រឹមតែជាតារាចម្រៀងល្បី នាងក៏សមធ្វើជាតារាសិល្បៈគំរូដែរ ជាពិសេសគឺការងារមនុស្សធម៌»។
ឆ្លើយតបទៅនឹងសារខាងលើនេះ តារាចម្រៀង មាស សុខសោភា បានទទួលស្គាល់ថា៖ «ខ្ញុំពិតជាបានបង្ហាញទំនុកចិត្តនេះប្រាប់ទៅក្រុមការងាររបស់សមាគមសិល្បករខ្មែរយើងមែន។ តែរូបខ្ញុំនៅមិនទាន់បានទៅជួបប្រធានសមាគមសិល្បករខ្មែរដើម្បីនិយាយរឿងនេះទេ»។
តារាចម្រៀងរបស់ផលិតកម្មថោនឈរជើងលំដាប់កំពូល និងល្បីពូកែលាក់បាំងរឿងចំណងជីវិតរូបនេះប្រាប់ឲ្យដឹងថា៖ «ថ្មីៗនេះខ្ញុំពិតជាបានជួបសមាជិកសមាគមសិល្បករខ្មែរម្នាក់ ហើយខ្ញុំក៏បានសន្យាជាមួយគាត់ថាខ្ញុំនឹងចូលរួម រួមចំណែកថវិកាទៅទ្រទ្រង់ដល់សមាគមសិល្បករខ្មែរដើម្បីយកប្រាក់នោះទៅជួយដល់សិល្បករចាស់ជរា មានជំងឺនោះ»។
ជាមួយជំហរមុតមាំបង្ហាញពីទឹកចិត្តមនុស្សធម៌នេះ តារាចម្រៀងស្រីកញ្ញា មាស សុខសោភា ក៏បញ្ជាក់ថា៖ «ក្នុងចិត្តខ្ញុំមិនត្រឹមតែថានឹងចែករំលែកចំណូលពីសិល្បៈខ្ញុំជួយទៅសមាគមសិល្បៈនោះទេ។ បើអាចខ្ញុំក៏នឹងព្យាយាម កៀរគរឲ្យសិល្បករល្បីមកចូលរួមចំណែកជួយដល់សមាគមសិល្បៈនេះដែរ ព្រោះនេះជាមួយនឹងប្រជាប្រិយភាពយើងហើយ វាក៏បានបន្សល់នូវកេរ្តិ៍ឈ្មោះយើងដែរ»។
ទោះយ៉ាងណា តារាចម្រៀងស្រីល្បីការងារមនុស្សធម៌ និងស្នេហាព្រៃឈើរូបនេះក៏មិនបានបង្ហើបពីចំនួនទឹកប្រាក់ជាក់លាក់សម្រាប់ចែករំលែកទៅជួយសមាគមសិល្បៈដែរ ដោយនាងគ្រាន់តែអះអាងថា ការជួយនឹងមានរយៈពេលយូរអង្វែងដរាបណាអាជីពចម្រៀងនាងនៅតែមាន។
តារាស្រីដែលសន្យាថានឹងប្រើពេលវេលាក្នុងជីវិតរបស់នាងដាំដើមឈើឲ្យបាន ១ ម៉ឺនដើមរូបនេះបានថ្លែងប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ប្រាក់នេះខ្ញុំនឹងចែកពីចំណូលពីសិល្បៈជួយ ហើយមិនមែនជួយតែឆ្នាំនេះ ឬខែនេះទេ ខ្ញុំនឹងព្យាយាមជួយ ប្រសិនបើអាជីពចម្រៀងខ្ញុំនៅតែមាន»។
ជាមួយគ្នានេះ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានបង្ហាញការភ្ញាក់ផ្អើលពីទឹកចិត្តរបស់តារាចម្រៀង មាស សុខសោភា បើទោះជាលោកថា លោកនៅមិនទាន់បានទទួលដំណឹងនេះក៏ដោយ។
ទោះបីជាយ៉ាងណាក្ដី លោកបានប្រាប់ថា៖ «ខ្ញុំអរគុណណាស់ ដែល មាស សុខសោភា ចូលរួមថវិកាទ្រទ្រង់សមាគមសិល្បករខ្មែរ ហើយខ្ញុំនឹងធ្វើពិធីមួយទទួលគាត់ឲ្យបានសមនឹងប្រជាប្រិយភាពគាត់»។
លោក សុះ ម៉ាច បានបញ្ជាក់ថា៖ «ប្រសិនបើតារាចម្រៀង មាស សុខសោភា ព្រមទទួលនោះ ខ្ញុំនឹងផ្តល់តំណែងគាត់មួយដែរក្នុងសមាគមព្រោះថា គាត់ជាតារាចម្រៀងល្បី ហើយមានប្រជាប្រិយភាពក្នុងការងារជួយសង្គមច្រើន»៕

សូមក្មួយស្រី កុំទទួលយកដំណែង ឬមុខនាទីដែលមិនមានភាពថ្លៃថ្នូ( សូមក្មួយស្រី មុនធ្វើអ្វីៗត្រូវពិចារណាអោយល្អិតល្អន់/ហ្មត់ចត់) ពីព្រោះអ្វីថ្មី គឺល្អ/ត្រជាក់)ខ្លាយថ្ងៃក្រោយក្មួយស្រីទទួលភ្លើង,ពូ!បានហេលច្រើនសង្គម,ស្គាល់ណាស៉សង្គមនឹងរបបដឹកនាំ ។អ្វីកើតចេញពីខ្លួនឯងឬប្រជាពលរដ្ឋប្តគល់ទួនាទីបានល្អ។ពូអគុណហើយក្មួយស្រី