កវី​ម្ចាស់​ស្ទឹង​សង្កែ​ គង់ ប៊ុន​ឈឿន​ ទទួល​មរណភាព​ឯ​ប្រទេស​ន័រវែស

រូបថតជិះកៅអីរុញកាល​​លោក គង់ ប៊ុនឈឿន នៅរស់។ រូបថត ហ្វេសប៊ុក

រូបថតជិះកៅអីរុញកាល​​លោក គង់ ប៊ុនឈឿន នៅរស់។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ថ្លែង​បញ្ជាក់​ប្រាប់​ពី​លោក មុត ថារី ​ជា​កូន​ប្រសា​នោះ​ថា លោក គង់ ប៊ុនឈឿន ជាប់​ងារ​ជា​កវី​ម្ចាស់​ស្ទឹង​សង្កែ បាន​ទទួល​មរណភាព​ហើយ​នៅ​លើ​ទឹក​ដី​ប្រទេស ន័រវែស នៅ​ម៉ោង​ ៧ ព្រឹក ត្រូវ​នឹង​ម៉ោង ១ រសៀល​នៅ​ប្រទេស​កម្ពុជា​កាល​ថ្ងៃ​អាទិត្យ​ទី ១៧ ខែ​មេសា ម្សិល​មិញ​ក្នុង​វ័យ​ ៧៧ ឆ្នាំ។

ក្នុង​សម្តី​បែប​​ខ្សឹកខ្សួល​អួល​ដើម​កព្រោះ​តែ​ភាព​អា​ឡោះ​អាល័យ​​បាត់​បង់​ឪពុក​ក្មេក ដែល​​​គ្មាន​ថ្ងៃ​វិល​ត្រឡប់​វិញ លោក មុត ថារី បាន​ឲ្យ​ដឹង​ថា៖ «សុខភាព​របស់​គាត់ [គង្គ ប៊ុន​ឈឿន​] បាន​ធ្លាក់ចុះ​ខ្លាំង​ចាប់​តាំងពី​ថ្ងៃសៅរ៍​មក​ម្ល៉េះ​បន្ទាប់​ពី​ជំងឺ​ចាស់​ជរា បាន​រុករាន​ជា​ច្រើន​ខែ​មក​​ដែរ​នោះ»។

នៅ​ក្នុង​ប្រវត្តិរូប​បាន​បង្ហាញ​ថា កាលនៅ​វ័យ ១៦ ឆ្នាំ​នៅ​ក្នុង​ឆ្នាំ ១៩៥៥​ លោក គង់​ ប៊ុន​​ឈឿន ដែល​មាន​កំណើត​នៅ​ភូមិ និង​ឃុំចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​តែង​និពន្ធ និង​​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​លេខ​​មួយ​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​មហោស្រព​​អក្សរសិល្ប៍​ខេត្ត​ បាត់ដំបង នៅ​ក្នុង​ឆ្នាំ ១៩៥៧ ក្រោម​ស្នាដៃ​ឈ្មោះ​ថា «ស្នេហា​​លុះ​អវសាន»។

លោក គង់ ប៊ុនឈឿន ក៏​ជា​អ្នក​សរសេរ​អត្ថបទ​កាសែត ​អ្នកនិពន្ធ​ប្រលោម​លោក​ពាក្យ​រាយ និង​ប្រលោម​លោក​ពាក្យ​កាព្យ និពន្ធ​កំណាព្យ ចម្រៀង អ្នក​និពន្ធ​បទភ្លេង សេណារីយោ​ខ្សែ​ភាពយន្ត និង​ជាអ្នក​ដឹក​នាំ​សម្តែង​ដ៏​ល្បីល្បាញ​ម្នាក់ ដូចជា តាម​រយៈ​វណ្ណ​កម្ម​ភាពយន្ត​រឿង «នាង​រំសាយ​សក់» ដោយ​មាន​តួ​ស្រី​សម្តែង​ជា​កូន​ស្រី​របស់​លោក ឈ្មោះ​នាង ប៊ុន​ឈឿន សូរីយា។ ក្រៅពី​នេះ ​លោក​ក៏​ជាអ្នក​គូរ​គំនូរ​ផ្នែក​អប់រំ​មួយ​រូប​ផង​ដែរ។

កាល​​ឆ្នាំ ២០០០ លោក​គឺជា​អ្នក​និពន្ធ​ជាតិ​ខ្មែរ​ទី ២ បន្ទាប់​ពី​លោក ពេជ្រ ទុំក្រវិល ដែល​បាន​​ទទួល​នូវ​ពាន​រង្វាន់​ជយ​លាភី​ផ្នែក​ស្នាដៃ​តែង​និពន្ធ​នៃ​ក្រប​ខ័ណ្ឌ​អាស៊ាន។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ​មហា​ជន​​ខ្មែរ​គ្រប់​​​ស្រទាប់​​វណ្ណៈ​បាន​ចងចាំ​នូវ​ងារ​ជា​កវីម្ចាស់​ស្ទឹង​សង្កែ របស់​លោក​ គង់ ប៊ុន​ឈឿន​ មិន​ភ្លេចឡើយ​ បើ​ទោះ​បី​ជា​នា​ពេល​នេះ​លោក​បាន​លា​ចាក​លោក​ហើយ​ក្តី​។ ​

លោក មុត ថារី ជា​កូនប្រសា ​​ជាអ្នក​និពន្ធ និង​ដឹក​នាំ​សម្តែង​​ភាព​យន្ត​ដែរ​នោះ​ មិន​ហ៊ាន​វាយ​​តម្លៃ​ចំពោះ​ការ​បាត់បង់​ឪពុក​ក្មេក​របស់​លោក​សម្រាប់​​ប្រទេស​​កម្ពុជា​ ថា​ជា​យ៉ាង​ណា​នោះ​ទេ​ ដោយ​លោក​​ពោល​ថា ទុកភារៈ​នេះ​​ឲ្យ​មហា​ជន​​ជាអ្នក​និយាយ​វិញ​ចុះ។

ក៏​ប៉ុន្តែ​លោក​ មុត ថារី បាន​បញ្ជាក់​​ទាំង​ពាក្យ​​ខ្សឹក​ខ្សួល​ដែរ​ថា៖ «ការ​បាត់បង់​លោក គង់ ប៊ុន​​ឈឿន គឺ​ជា​ការ​បាត់បង់​ដ៏​ធំ​ធេង​មួយ​នៃ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ព្រោះថា​គាត់​គឺ​ជា​ឪពុក​ដ៏​ល្អ​មួយ​រូប​ដែល​​ខ្ញុំ​បាន​​ជួបនៅ​ក្នុង​ជាតិ​នេះ»៕

What Next?

Recent Articles

2 Responses to "កវី​ម្ចាស់​ស្ទឹង​សង្កែ​ គង់ ប៊ុន​ឈឿន​ ទទួល​មរណភាព​ឯ​ប្រទេស​ន័រវែស"

  1. មហាឆ្គួតជាកញ្ខប់ says:

    សូមចូលរួមមរណៈទុក្ខនិងសោកសោយយ៉ាងក្រៃលែងដែលខ្មែរបានបាត់ធនធានមនុស្សដ៏សំខាន់៕

  2. ben says:

    I always admired of what you had done to the country especially in the music industry. I personally like to send my deepest condolence and sympathy to your family.
    May your legacy lives forever with all Khmer people.