
ពិធីបុណ្យខួបមួយឆ្នាំ សពបណ្ឌិត កែម ឡី។ ផា លីណា
Wed, 19 July 2017
ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបុណ្យជាថវិកាចំនួន ១ ម៉ឺនដុល្លារជូនដល់ក្រុមគ្រួសារសពលោក បណ្ឌិត កែម ឡី ក្រោយពីសារព័ត៌មាន រាយការណ៍ថាក្រុមគ្រួសារសពបានខ្វះខាតថវិកាចំនួន ៧៨០០ ដុល្លារសម្រាប់ចំណាយទៅលើពិធីបុណ្យខួបមួយឆ្នាំដែលធ្វើឡើងកាលពីថ្ងៃទី ១០ ខែកក្កដា។
លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសលោក កែម ឡីបានប្រាប់ ភ្នំពេញ-ប៉ុស្តិ៍ កាលពីម្សិលមិញថា លោកបានទទួលថវិកាជាសាច់ប្រាក់សុទ្ធចំនួន ១ ម៉ឺនដុល្លាររបស់នាយករដ្ឋមន្ត្រីតាមរយៈ លោក លឹម ជាវុត្ថា អគ្គនាយកសារព័ត៌មាន Freshnews ក្រោយពេលដែលសារព័ត៌មានដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រីមួយនេះ បានសរសេរអត្ថបទមួយកាលពីថ្ងៃទី ១៤ កក្កដាថាគ្រួសារលោក កែម ឡី បានជំពាក់ថ្លៃបបរ និងចំណាយផ្សេងៗរហូតដល់ទៅ ៧៨០០ ដុល្លារ។
កាលពីម្សិលមិញ Fresh News ក៏បានប្រកាសថាលោក ហ៊ុន សែន សម្រេចចូលបុណ្យជាប្រាក់ ១ ម៉ឺនដុល្លារ។
ជាមួយគ្នានេះដែរ Fresh News ក៏បានសរសេរថាមរណភាពលោក កែម ឡី «គេបានឃើញមេដឹកនាំគណបក្សប្រឆាំងចូលរួមធ្វើសកម្មភាពបុណ្យ និងកាងយកផលចំណេញលើសពថែមទៀត។ តែពេលគ្រួសារលោក កែម ឡី ជួបទុក្ខលំបាកគេមិនឃើញថា្នក់ដឹកនាំបក្សប្រឆាំងចេញមុខជួយដោះស្រាយឡើយ»។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០១៦ ហើយគ្រួសារបានរៀបចំបុណ្យគម្រប់ខួបមួយឆ្នាំនៃការបាញ់សម្លាប់នេះនៅស្រុកកំណើតរបស់លោកក្នុងខេត្តតាកែវ។
បើតាមលោក រិទ្ធិសិទ្ធ ការចំណាយក្នុងថ្ងៃបុណ្យខួបមួយឆ្នាំនេះគ្រួសារបានទទួលបបរភ្ញៀវអស់ជាង ១០០ ខ្ទះ និងចំណាយផ្សេងៗដែលទូទាត់ទៅអស់ប្រមាណ ២ ម៉ឺនដុល្លារ។
ទោះយ៉ាងណា ថវិកាដែលបងប្អូនចូលបុណ្យបានប្រមាណតែជាង ១ ម៉ឺនដុល្លារបុណ្ណោះ។
ចំពោះថវិកាចូលបុណ្យរបស់លោកនាយករដ្ឋមន្ត្រី លោក រិទ្ធិសិទ្ធ បញ្ជាក់ថា៖ «យើងជាអ្នកឯករាជ្យ យើងមិនប្រកាន់បក្សអ៊ីចឹង យើងមិនអាចបិទភ្នែក (មិនទទួលយកថវិកា) បានទេ។ ខ្ញុំមានអារម្មណ៍ជាធមុ្មតាពីព្រោះគាត់ជាថ្នាក់ដឹកនាំដូចជាឪពុកម្តាយរបស់យើង។ ពេលណាមានការខ្វះខាត គាត់មានកាតព្វកិច្ចជួយ»។
នៅពេលសួររឿងខ្វះខាតលុយលើការចំណាយថ្លៃធ្វើបុណ្យលោក កែម ឡី លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងថា៖ «នេះមិនមែនជាកាតព្វកិច្ចរបស់គណបក្សសង្គ្រោះជាតិទេ ហើយការធ្វើបុណ្យទានយើងបានចូលរួមទៅតាមសទ្ធារបស់យើង យើងមិនអាចទៅបង្ខំ ឬអ្នកណាបង្ខំឲ្យធ្វើអ៊ីចេះអ៊ីចុះបានទេ»។
លោកបញ្ជាក់ថា៖ «ការស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី ជារឿងសំខាន់ ហើយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងអ្នកដទៃដែលស្រឡាញ់បណ្ឌិត កែម ឡី តែងតែចង់បានយុត្តិធម៌ជាចំណុចសំខាន់បំផុត»៕
Contact author: ម៉ិច ដារ៉ា
ស្តាយក្រោយទេដឹង? នេះជាបច្ច័យគ្មានន័យសម្រាប់ក្រុមគ្រួសាសពនិងប្រជាជនកម្ពុជាដែលគោរពស្រឡាញ់លោកបណ្ឌិត នៅខណៈពេលមេឃាតករដែលបញ្ជានៅពីក្រោយនិងអ្នកសមគំនិតក្នុងរឿងឃាតកម្មនេះនៅមិនទាន់រកឃើញនិងផ្តន្ទាទោសតាមច្បាប់នៅឡើយ។ បើចិត្តសឿងក្លាហាន រដ្ឋាភិបាលត្រូវសហការជាមួួយអ្នកជំនាញឯករាជ្យអន្តរជាតិឲ្យពួកគេចូលរួមស្រាវជ្រាវតាំងពីដំបូង។ យើងជឿថាវិញ្ញាណខន្តលោកបណ្ឌិតមិនអាចទទួលយកបានទេ។ កម្មពារប្រាកដជាមាន។
Cambodia has only fake justice. The justice system is dead under this leader. Ten thousands dollars is no meaning.