លោក​ សម រង្ស៊ី ​ស្នើ​បរទេស​កុំ​ឲ្យ​ផ្ដល់​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ និង​គ្រួសារ​បក្ស​កាន់​អំណាច

លោក​ សម រង្ស៊ី បាន​ជួប​ជាមួយ​​អ្នក​តំណាង​រាស្ត្រ​អូស្ត្រាលី​ម្នាក់។ រូបថត ហ្វេសប៊ុក



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅ​សប្តាហ៍​នេះ​បាន​ជួប​មន្ត្រី​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​នៅ​អូស្ត្រាលី និង​នូវែលសេឡង់​ដោយ​បាន​ស្នើ​ឱ្យ​ប្រទេស​ទាំង​ ២ ​កុំ​ឲ្យ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​គណបក្ស​កាន់​អំណាច​ និង​គ្រួសារ​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​ស្រប​គ្នា​នឹង​កូនប្រុស​នាយក​រដ្ឋមន្ត្រី​នៅ​បរទេស​ដែល​ជួប​ការ​តវ៉ា​មួយ​ចំនួន​ផង​ដែរ​។

លោក​ សម រង្ស៊ី បាន​ជួប​ជាមួយ​អភិបាលក្រុង Auckland លោក Phil Goff និង​មន្ត្រី​មួយ​ចំនួន​មកពី​ក្រសួង​ការបរទេស​នូវែលសេឡង់ និង​ជួប​ជាមួយ​តំណាងរាស្ត្រ​មកពី​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

លោក​ថ្លែង​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​គឺ​ដើម្បី​ស្នើ​ឱ្យ​ប្រទេស​ទាំងពីរ​ «​ប្រតិកម្ម​ទៅ​នឹង​ការ​បង្ក្រាប​រឿង​នយោបាយ​នៅ​កម្ពុជា​» ពិសេស​ប្រទេស​អូស្ត្រាលី​ដែល​ «​មាន​តួនាទី​សំខាន់​​ក្នុង​តំបន់​…[​ហើយ​] ​ត្រូវ​បង្ហាញ​ភាព​ជា​អ្នក​ដឹកនាំ​សម្រាប់​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​»​។

លោក​ សម រង្ស៊ី បាន​ថ្លែង​ថា​លោក​បាន​ស្នើ​តំណាងរាស្ត្រ​ឲ្យ​លើក​យក​ការ​ហាមឃាត់​ការ​ផ្តល់​ទិដ្ឋាការ​ទៅ​សភា​ហើយ​លោក​ថា​តំណាងរាស្ត្រ​បាន​ស្នើ​រដ្ឋាភិបាល​អូស្ត្រាលី​ឱ្យ​ប្រតិកម្ម​តាម​វិធី​សមស្រប​មួយ​។

លោក សម រង្ស៊ី ពន្យល់​ថា​៖ «​មន្ត្រី​គណបក្ស​ប្រជាជន​ជាច្រើន​ និង​គ្រួសារ​ពួកគេ​បាន​មក​អូស្ត្រាលី​ដើម្បី​ទិញ​អចលនទ្រព្យ វិនិយោគ​…​និង​បញ្ជូន​កូនចៅ​របស់​ពួកគេ​ទៅ​សិក្សា​នៅ​ទី​នោះ​។ លោក​ថា​ការ​ឆ្លើយតប​ជា​អន្តរជាតិ​ត្រូវ​តែ​មាន​ផលប៉ះពាល់​ផ្ទាល់​ដល់​សមាជិក​គណបក្ស​កាន់​អំណាច ហើយ​ត្រូវ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព​។

បើ​តាម​លោក​ សម រង្ស៊ី​ស្ថានភាព​នយោបាយ​កម្ពុជា​នឹង​ត្រូវ​ពិភាក្សា​នៅ​ពេល​សភា​អូស្ត្រាលី​កោះប្រជុំ​ជាថ្មី​នៅ​ខែ​តុលា​។

យ៉ាង​ណា​ក្ដី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា​លោក​មិន​មាន​ការ​ព្រួយបារម្ភ​ចំពោះ​សំណើ​របស់​លោក​ សមរង្ស៊ី ​នោះ​ទេ​។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ សម រង្ស៊ី ក៏​ស្រប​ពេល​ដែល​​លោក​ ហ៊ុន ម៉ាណែត ទៅ​ទស្សនកិច្ច​នៅ​ទ្វីប​អឺរ៉ុប​ផង​ដែរ​ដោយ​លោក​បាន​ជួប​ជាមួយ​ក្រុម​បាតុករ​នៅ​ប្រទេស​ទាំង​នេះ​។

លោក​ ហ៊ុន ម៉ាណែត បាន​ឈប់​សំចត​នៅ​ស្វ៊ីស​កាលពី​ថ្ងៃ​អាទិត្យ និង​អង់គ្លេស​នៅ​ថ្ងៃ​​ចន្ទ ខណៈ​លោក ផៃ ស៊ីផាន ​កាលពី​ថ្ងៃ​ចន្ទ​បាន​ចោទ​ក្រុម​អ្នក​តវ៉ា​នៅ​ក្រៅ​ប្រទេស​ថា​ជា​ «​សង្គ្រាម​ចិត្តសាស្ត្រ​»​។

លោក ម៉ាណែត បាន​ប្រាប់​សារព័ត៌មាន​ Fresh News ថា គណបក្ស​ប្រជាជន​មាន​គោលនយោបាយ​មួយ​បម្រើ​ពលរដ្ឋ​ទាំង​​ក្នុង និង​ក្រៅ​ប្រទេស​៕ NS


Contact authors: Andrew Nachemson and គង់ មេត្ដា

What Next?

Recent Articles

2 Responses to "លោក​ សម រង្ស៊ី ​ស្នើ​បរទេស​កុំ​ឲ្យ​ផ្ដល់​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ និង​គ្រួសារ​បក្ស​កាន់​អំណាច"

  1. Anonymous says:

    Il faut interdire la famille Hun Sen de voyager à l’étranger !

  2. Anonymous says:

    Cambodian people all support Sam Rainsy. Cambodia today no real democracy, no human right, no fair, and very much corruption in the public sector such as education, court, police, and tax.