លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អាមេរិក​មក​យក​គ្រាប់​បែក​នៅ​សេស​សល់​ទៅ​វិញ​ជា​ជាង​ការ​ទារ​បំណុល​និង​មក​រក​ឆ្អឹង​ខ្មោច

ដោយ ញឹម សុផល
27/09/2017
RFI

media
គ្រាប់​​បែក​គីមី​ដ៏​គ្រោះ​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក នៅ​ខេត្ត​ស្វាយ​រៀង (@Fresh news)


លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រាប់​ទៅ​ខាង​អាជ្ញាធរ​កំចាត់​មីន​កម្ពុជា ឬ​ CMAC អញ្ជើញ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ទៅ​ទស្សនកិច្ច គ្រាប់​បែក​គីមី​ពី​សម័យ​សង្គ្រាម​នៅ​ខេត្ត​ស្វាយ​រៀង។ ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដូច្នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​រំលឹក​ពី​ការ​ទារ​បំណុល​របស់​អាមេរិក​ដែល​កម្ពុជា​ជំពាក់ ខណៈ​លោក​ចុះ​ជួប​កម្មករ​កាត់​ដេរ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​សង្កាត់​ចាក់​អង្រែ​លើ ក្នុង​ខ័ណ្ឌ​មានជ័យ។

ជា​ថ្មី​ម្តង​ទៀត​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា រដ្ឋាភិបាល​អាមេរិក នឹង​មក​យក​គ្រាប់​បែក​របស់​ខ្លួន​ដែល​ទំលាក់​លើ​ទឹក​ដី​កម្ពុជា កាល​ពី​សម័យ​ទសវត្ស​ឆ្នាំ​៧០ ត្រលប់​ទៅ​វិញ។ នៅ​ចំពោះ​មុខ​កម្មករ​ជាង​១​ម៉ឺន​នាក់ លោក ហ៊ុន សែន បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ទារ​លុយ​ឥត​ឈប់​ឈរ ដែល​កម្ពុជា​ជំពាក់​អាមេរិក​ប្រមាណ​ជា​៥​ពាន់​លាន​ដុល្លារ កាល​ពី​ជំនាន់​សាធារណរដ្ឋ​ខ្មែរ​ដែល​ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ​ លន់ នល់។

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា បើ​អាច​ធ្វើ​ទៅ​បាន​សូម​កុំ​មក​យក​តែ​ឆ្អឹង​ខ្មោច ត្រូវ​ជួយ​យក​គ្រាប់​បែក​ដែល​នៅ​សេស​សល់​ទៅ​វិញ​ផង។ ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​នៅ​ពេល​នេះ សំដៅ​ទៅ​លើ​គ្រាប់​បែក​គីមី ដែល​អង្គភាព​កំចាត់​មីន CMAC បាន​រក​ឃើញ​នៅ​ក្នុង​សាលារៀន​មួយ កន្លង​ទៅ​នេះ នៅ​ខេត្ត​ស្វាយ​រៀង​ ដោយ​លោក​ប្រាប់​ឲ្យ​ស៊ីម៉ាក់​អញ្ជើញ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ទៅ​ទស្សនៈ​កិច្ច​គ្រាប់​បែក​គីមី​នោះ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​បន្សល់​ទុក​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​លោក William A. Heidt កាល​ពី​ថ្ងៃ​ទី​១២​កញ្ញា​កន្លង​ទៅ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា អាមេរិក សូម​ទទួល​ស្គាល់​កេរ្តិ៍​ដំណែល​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​វៀតណាម។ លោក​ឯកអគ្គ​រដ្ឋ​ទូត​បញ្ជាក់​ថា អាមេរិក​មាន​ការ​ប្តេជ្ញា​ចិត្ត នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៃ​កេរ្តិ៍​ដំណែល​នេះ ដោយ​មាន​ការ​អះ​អាង​ថា អាមេរិក​បាន​ផ្តល់​ប្រាក់​ជាង​១៦០ លាន​ដុល្លារ សំរាប់​ការងារ​លុប​បំបាត់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ។

ពាក់​កណ្តាល​នៃ​ប្រាក់​នេះ​ត្រូវ​បាន ប្រើ​សំរាប់​លុប​បំបាត់​យុទ្ធភណ្ឌ​ដែល​ទំលាក់​ដោយ​យន្តហោះ​អាមេរិក ​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា។ តែ​ប្រាក់​ចំនួន ពាក់​កណ្តាល​ទៀត​ត្រូវ​បាន​ប្រើ​សំរាប់​ដោះ​មីន​របស់​ចិន សូវៀត និង​វៀតណាម​នៅ​ភាគ​ខាង​លិច ប្រទេស នៅ​តាម​ចំការ​មីន​ដែល​មាន​គ្រោះ​ថ្នាក់​១០​ដង លើស​គ្រាប់ ដែល​ទំលាក់​ដោយ​អាមេរិក។ នេះ​បើ​តាម​លោក William A. Heidt។

ទោះ​យ៉ាង​ណា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ​ដែរ បាន​បញ្ជាក់​ថា​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាមេរិក ហើយ​ឯកអគ្គ​រដ្ឋ​ទូត​អាមរិក​នឹង​ផ្តោត​លើ​បញ្ហា​នេះ មិន​អាច​ព្រលែង​ចោល​បាន​ទេ ជាក់​ស្តែង​គ្រាប់​បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង ដោយ​លោក​ផ្តល់​យោបល់​ថា​អាមេរិក​អាច​នឹង​យក​ស្រុក​វិញ​ឬ​យក​ទៅ​បំផ្លាញ​ចោល​នៅ​ក្នុង​សមុទ្រ​ក៏​បាន៕

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​អាមេរិក​មក​យក​គ្រាប់​បែក​នៅ​សេស​សល់​ទៅ​វិញ​ជា​ជាង​ការ​ទារ​បំណុល​និង​មក​រក​ឆ្អឹង​ខ្មោច"

  1. people says:

    Veitcong mafia dictator talking like street kid ‘ his talk show worse then rain-forest people haha. Why don’t you let somebody do in writing ?? not talking blah blah blah like cricket .No body listen to you mr dictator’ remember you said cut off your head if i can’t stop deforestation but instead getting worse you still ignore ‘ What a sting mouth” You are so cheap ‘. GOD bless all cambodian people’