ស្ថាបត្យករ​ល្បីល្បាញ​កម្ពុជា​​ ទទួល​មរណភាព

លោក​បណ្ឌិត វណ្ណ ម៉ូលីវណ្ណ កាល​នៅ​មាន​ជីវិត និង​ពហុកីឡដ្ឋាន​ជាតិ​ជា​ស្នាដៃ​លោក​។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

សៀមរាបៈ ស្ថាបត្យករ​ដ៏ល្បី​ល្បាញ​បំផុត​របស់​ប្រទេស​កម្ពុជា​​គឺ​លោក​បណ្ឌិត​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ​ ដែល​ជា​ឧត្តម​ទីប្រឹក្សា​​ផ្ទាល់​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ទទួល​មរណភាព​ដោយ​ជរាពាធ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៨ ខែ​កញ្ញា ឆ្នាំ​ ២០១៧ ក្នុង​ជន្មាយុ​ជិត​ ៩១ ​ឆ្នាំ​នៅ​គេហដ្ឋាន​របស់​លោក​តាម​បណ្ដោយ​ដងស្ទឹង​សៀមរាប​ក្នុង​ភូមិ​មណ្ឌល​ ៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

លោក វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ថ្ងៃ​ទី​ ២៣ ខែ​វិច្ឆិកា ឆ្នាំ​ ១៩២៦ ​នៅ​ស្រុក​រាម ខេត្ត​កំពត​។ ប៉ុន្តែ​សម្រាប់​ជីវិត​ចុង​​ក្រោយ​របស់​លោក​គឺ​លោក​បាន​សម្រេច​​ចិត្ត​ទៅ​សាងសង់​ភូមិ​គ្រឹះ​តូច​មួយ​ក្នុង​ខេត្ត​សៀមរាប​ដើម្បី​រស់នៅ​ក្នុង​សភាព​ស្ងប់ស្ងាត់​។

ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​​រៀបចំ​សាងសង់​រួច​ជា​ស្រេច​នូវ​ចេតិយ​សម្រាប់​តម្កល់​អដ្ឋិធាតុ​របស់​លោក​ និង​ភរិយា​លោក​នៅ​ក្នុង​បរិវេណ​នៃ​គេហដ្ឋាន​នោះ​ផង​ដែរ​។

លោក វណ្ណ ម៉ូលីវណ្ណ គឺជា​បុគ្គល​ដែល​មាន​ភាព​ល្បីល្បាញ​នៅ​ក្នុង​សង្គម​ស្ថាបត្យកម្ម​ថ្មី​របស់​ខ្មែរ​ដែល​មាន​ការ​រីកចម្រើន​ខ្លាំង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៥០ ​និង​ ១៩៦០ ​។

ស្នាដៃ​ដែល​មាន​ភាព​ល្បី​រន្ទឺ​របស់​លោក​រួមមាន វិមាន​ឯករាជ្យ សាល​សន្និសីទ​ចតុមុខ ពហុ​កីឡដ្ឋាន​​ជាតិ​អូឡាំពិក និង​អគារ​សំខាន់ៗ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដូចជា​សាល​មហោស្រព​ជាតិ​ព្រះសុរាម្រឹត,​សំណង់​បុរី​ ១០០ ​ខ្នង​, វិមាន​រដ្ឋ​ចំការមន សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន​ភាសា​បរទេស និង​ប្លង់​វត្ត​អារាម​ក៏​ដូចជា​ស្ថានទូត​ខ្មែរ​​នៅ​បរទេស​ជាច្រើន​ទៀត​ផង​ដែរ​។

មរណភាព​របស់​លោក​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​រួម​ទាំង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ព្រះមហាក្សត្រ​ខ្មែរ​ចាត់​ទុក​ជា​ការ​បាត់បង់​នូវ​ធនធាន​មនុស្ស​ដ៏សំខាន់​របស់​ជាតិ និង​បាន​ចូលរួម​សម្តែង​ក្ដី​ទុក្ខ​ក្រៀមក្រំ និង​សោកស្ដាយ​ជា​ទីបំផុត​។

កាលពី​ម្សិលមិញ​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​សារ​លិខិត​រំលែក​ទុក្ខ​មួយ​ផ្ញើ​ជូន​លោកស្រី Vann Amber Gertrude ដែល​ជា​ភរិយា​របស់​លោក វណ្ណ ម៉ូលីវណ្ណ​។

ក្នុង​លិខិត​នោះ​លោក ហ៊ុន សែន​ បាន​​បញ្ជាក់​ថា​៖ «​មរណភាព​របស់​លោក វណ្ណ ម៉ូលីវណ្ណ គឺជា​ការ​បាត់បង់​បិតា ជីតា ប្រកប​ដោយ​ព្រហ្មវិហារធម៌ និង​ក៏​ជា​ការ​បាត់បង់​នូវ​ធនធាន​មនុស្ស​ដ៏សំខាន់​ម្នាក់​របស់​ជាតិ​»​។

ជាមួយ​គ្នា​នេះ​គេ​បាន​ឃើញ​វត្តមាន​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង គង់ សំអុល និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​ក្រសួង​ព្រះបរមរាជវាំង​រួម​ទាំង​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ក្នុង​ពិធី​បុណ្យសព​របស់​លោក​​បណ្ឌិត​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ​។

លោក ប៊ុន ណារិទ្ធ សមាជិក​ក្រុមប្រឹក្សា​សង្គមកិច្ច សេដ្ឋកិច្ច និង​វប្បធម៌​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​ធ្លាប់​បម្រើ​ការងារ​ជាមួយ​លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ នា​អំឡុង​ឆ្នាំ​ ១៩៩៥ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​អាជ្ញាធរ​អប្សរា​បាន​សម្ដែង​ក្ដី​សោកស្ដាយ​ជា​ពន់ពេក​នៅ​ពេល​ទទួល​ដំណឹង​នេះ​។

លោក ណារិទ្ធ បាន​ថ្លែង​ថា​៖ «​គាត់​ [​លោក​ វណ្ណ ម៉ូលីវណ្ណ​] ​គឺជា​មនុស្ស​​ម៉ឺងម៉ាត់​ក្នុង​ការងារ និង​មិន​ចេះ​និយាយ​ស្ដី​លេងសើច​ច្រើន​ទេ ប៉ុន្តែ​មិន​រឹងត្អឹង​ និង​រើសអើង​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ណា​មួយ​ឡើយ​។ គាត់​ជា​ស្ថាបត្យករ​ដ៏កំពូល​របស់​កម្ពុជា​យើង និង​មាន​ស្នាដៃ​អភិវឌ្ឍន៍​ជាតិ​ច្រើន​ណាស់​តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​។ មរណភាព​របស់​គាត់ ពិតជា​ធ្វើឲ្យ​យើង​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់​»​។

លោក លឹម សុថាវ អគ្គលេខាធិការ​គណៈវិស្វករ​កម្ពុជា​ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ផង​ដែរ​ថា​តាមរយៈ​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏ល្អ​ប្រណីត​របស់​លោក​បណ្ឌិត​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រទេស​ដែល​មាន​ស្ថាបត្យកម្ម​ល្អ​ឥតខ្ចោះ​ក្នុង​លំដាប់​មហា​ប្រទេស​ដែល​មាន​ស្ថាបត្យកម្ម​ល្បីៗ​ក្នុង​លោក​។

លោក​ថ្លែង​ថា​៖ «​មរណភាព​របស់​លោក​គឺជា​ការ​បាត់បង់​នូវ​ធនធាន​មនុស្ស​ដ៏កំពូល​របស់​ជាតិ​ទាំង​មូល​»​។

លោក សុថាវ បាន​ឲ្យ​ដឹង​ទៀត​ថា​លោក​និង​ក្រុម​ការងារ​នៃ​គណៈ​វិស្វករ​កម្ពុជា​​នឹង​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ក្នុង​ពិធី​បុណ្យសព​របស់​បណ្ឌិត​ព្រឹទ្ធាចារ្យ​ វណ្ណ ម៉ូលីវណ្ណ និង​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្នុង​ទឹកដី​ខេត្ត​សៀមរាប​។

នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ផង​ដែរ​សិស្ស​ជំនិត​ម្នាក់​របស់​លោក បណ្ឌិត វណ្ណ ម៉ូលីវណ្ណ ​គឺ​លោក អ៊ុំ ប៊ុនធឿន បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿ​ថា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ក៏​មាន​អារម្មណ៍​សោកស្ដាយ​ដូច​ខ្ញុំ​ដូច្នោះ​ដែរ នៅពេល​ដឹង​ថា​គ្រូ​ដ៏ល្អ​ម្នាក់​ដែល​ធ្លាប់​បង្រៀន និង​បង្ហាញ​ផ្លូវ​ជីវិត​ដ៏ល្អ​សម្រាប់​យើង ហើយ​គាត់​ជា​បិតា​ស្ថាបត្យករ​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​បាន​ស្លាប់​ទៅ​នោះ​»​។

លោក ប៊ុនធឿន បាន​រំឭក​អំពី​ពាក្យ​ណែនាំ​ដំបូង​បំផុត​ដែល​លោក​បណ្ឌិត ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បាន​ផ្ដល់​ឲ្យ​គាត់ ខណៈ​គាត់​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នា​អំឡុង​ឆ្នាំ​ ១៩៩១ ជា​ឆ្នាំ​ដែល​លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បាន​ត្រឡប់​មក​កម្ពុជា​​ជាថ្មី​ក្រោយ​បម្រើ​ការងារ​ជាង​ ១០ ​ឆ្នាំ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​។

លោក​បាន​បញ្ជាក់​ថា​៖ «​គាត់​បាន​ទូន្មាន​ឲ្យ​ខ្ញុំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​អំពី​របប​ខ្យល់ និង​ទឹក​ឲ្យ​បាន​ច្បាស់ បើ​ចង់​មាន​ភាព​រីកចម្រើន​ខាង​ផ្នែក​ស្ថាបត្យកម្ម និង​ធ្វើឲ្យ​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​»​។

លោក​បាន​បន្ត​ថា​៖ «​អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​ក្ដុកក្តួល និង​មិន​អាច​ទ្រាំ​បាន​នោះ​គឺ​គាត់​តែងតែ​ប្រាប់​ថា​គាត់​សូម​ស្លាប់​នៅ​ក្នុង​ទឹកដី​ខ្មែរ​ក្នុង​ក្រុង​អង្គរ ហើយ​ពាក្យ​នេះ​គាត់​ធ្លាប់​បាន​ថ្លែង​តាំងពី​ឆ្នាំ​ ២០០៥» ​មក​ម្ល៉េះ​៕

What Next?

Recent Articles

2 Responses to "ស្ថាបត្យករ​ល្បីល្បាញ​កម្ពុជា​​ ទទួល​មរណភាព"

  1. Lsowell says:

    A unique talent. Bless his soul.

  2. people says:

    Rest in peace ‘sir’ cambodian people still remember your name’ GOD be with you’