រដ្ឋ​មន្ត្រី​មហាផ្ទៃ​ព្រមានដកមន្ត្រីនគរបាល​នៅបន្តលួចចេញឯកសាររដ្ឋ​បាល​ដល់ជនបរទេស

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨​
http://vodhotnews.com

អភិបាលកិច្ចល្អ

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង


រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានព្រមានដក​តំណែង​មន្ត្រីនគរបាលមូលដ្ឋានមួយចំនួន ប្រសិនបើមន្ត្រីទាំងអស់នោះនៅតែលួចចេញឯកសាររដ្ឋបាលឲ្យជនបរទេស​ដោយខុសច្បាប់ បន្ទាប់ពីអគ្គនាយកដ្ឋានអន្តប្រវេសន៍រកឃើញថា មានឯកសារចំនួន៥ ត្រូវបានមន្ដ្រីអត្រានុកូលដ្ឋាន​បានលួចចេញឲ្យជនបរទេស ដើម្បីឲ្យពួកគេបានសញ្ជាតិខ្មែរ។

​ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កាលពីម្សិលមិញ លោក ស ខេង ថ្លែងថា កន្លងមក ក្រសួងបានដកមន្ដ្រីនគរបាលមូលដ្ឋានមួយចំនួនរួចហើយ ដោយ​ថា មន្ដ្រីទាំងនោះ​មិនអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដោយនៅតែបន្តចេញឯកសារឲ្យជនបរទេ។ លោកបន្តថា លោកនឹងដកមន្ដ្រីទាំងអស់នោះចេញ ដើម្បីកុំមន្ត្រីនោះនៅតែចេញឯកសារដល់ជនបទេសនៅតែបន្ដកើតមានឡើង។

លោកថា៖ «បើតាមរបាយការណ៍មន្ដ្រីយើងនៅតែផ្គើនទៀត ខ្ញុំថាល្មមដល់ពេលហើយ តែយើងមិនប៉ះដៃយកដៃ ប៉ះជើងយកជើងនោះទេ ប៉ុន្ដែយើងមានគោលការណ៍ដែលយើងបានផ្ដល់ហើយ តែពួកគាត់មិនព្រមស្ដាប់។ អញ្ចឹងបានកន្លងទៅយកប៉ុស្ដិ៍ប៉ូលីសខ្លះ គាត់យកទៅគឺផ្អិបចោលឯកសារហ្នឹងតែម្ដង​ដល់ថ្នាក់ហ្នឹង មន្ដ្រីបែបហ្នឹងយើងទុកអត់បាន។…បើមិនចឹងនៅតែបន្ដទៀត នៅតែចេញបន្ដទៀតអត់ដឹងថាសិទ្ធិអំណាចប៉ុណ្ណាទេ»។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពី​អគ្គនាយកអន្ដោប្រវេសន៍ លោក សុខ ផល ​ លើកឡើងថា មានឯកសារចំនួន ៥ ត្រូវបានមន្ដ្រីអត្រានុកូលដ្ឋាន​លួចចេញឲ្យជនបរទេស ដើម្បីឲ្យបានសញ្ជាតិខ្មែរ ផ្ទុយនឹងច្បាប់។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ប្រសិនបើគ្រាន់តែព្រមាន​ដោយ​មិនមានវិធានការដាក់ទោសទណ្ឌទេ គឺមិនមានប្រសិទ្ធភាពឡើយ។

លោកថា៖ «ទៅស៊ើបមើលអ្នកណានៅតែចេញ​ឯកសារហ្នឹង ចាប់អ្នកនឹងដាក់គុក ហើយបើសិនជាឯកសារមួយចំនួនចេញដោយ​ប៉ូលីស ព្រោះ ការដែលចេញនោះមានការចុះហត្ថលេខាទទួលស្គាល់ពីប្រធានប៉ុស្តិ៍រដ្ឋបាល អញ្ចឹង បើដឹងថា ផ្ទុយនឹងច្បាប់ ខ្ញុំគិតថា ចាត់វិធាន​ការផ្លូវច្បាប់ប្រឆាំងសមត្ថកិច្ចដែលធ្វើខុស។ ខ្ញុំគិតថា វាជាជម្រើសមួយ ប៉ុន្តែ យើងថា ក្រសួងមហា​ផ្ទៃ ជាពិសេសអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មរកឃើញ​ថា មានជនបទេសកាន់ឯកសារមិនប្រក្រតីច្រើនណាស់ ​ប៉ុន្តែ សួរថា អាជ្ញាធរ​ដែនដី​ដែលពាក់ព័ន្ធនៅក្នុងទីលំនៅរបស់ជន​ហ្នឹង ប្រឈមមុខនឹងផ្លូវច្បាប់ហើយឬនៅ មានតិចតូចបំផុត»។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​បានឲ្យដឹងថា លទ្ធផល​នៃការជំរឿនបានរកឃើញថា ជនបរទេសសរុប ៤៦ ៧៧៦គ្រួសារ ឬស្មើនឹងចំនួនមនុស្ស ១៧៦ ៨១២នាក់ ក្នុងនោះស្រីចំនួន ៧៩ ៧២៨នាក់ កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។

របាយការណ៍ដដែលថា ក្នុងចំណោមជនបរទេស​ទាំង​នោះ មានជនបរទេសអន្តោប្រវេសន៍​ ៧៣,៣៩៧នាក់ ក្នុង​នោះ​មាន​ស្រី ៣៥ ៨៨៨នាក់ មាន ៥សញ្ជាតិ ដែលកំពុងកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលមិនប្រក្រតី៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles

2 Responses to "រដ្ឋ​មន្ត្រី​មហាផ្ទៃ​ព្រមានដកមន្ត្រីនគរបាល​នៅបន្តលួចចេញឯកសាររដ្ឋ​បាល​ដល់ជនបរទេស"

  1. Chipmonk says:

    I draw many lines on the sand and I warn you not to cross one of the lines. But if you dare to cross a warning line, I do nothing because I still have 10 more lines to count on…

  2. xxx says:

    មន្ត្រីដែលចេញឯកសាមិនប្រក្រតីឲ្យជនបរទេស គឺជាមន្ត្រីដែលពោពេញទៅដោយអំពើពុករលួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្ទាល់ខ្លួនដោយពុំមានគិតពីវាសនារបស់ប្រទេសជាតិខ្លួនឡើយ ។