Wed, 28 February 2018
បែន សុខហ៊ាន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ គ្រឿងសព្វាវុធដែលមានទម្ងន់រាប់ម៉ឺនតោនត្រូវបានដឹកជញ្ជូនមកដល់ហើយ ខណៈកម្ពុជា និងចិន ត្រៀមរៀបចំលំហាត់យោធារួមគ្នា នៅខេត្តកំពង់ស្ពឺ នាពាក់កណ្តាលខែមីនានេះ ហៅថា លំហាត់ហ្វឹកហ្វឺន «នាគមាស ២០១៨»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកមិញ គ្រឿងសព្វាវុធធំៗទាំងនោះ ដែលលោកមិនបានរៀបរាប់ថាមានអ្វីនោះឡើយ ឬមកពីប្រទេសណានោះទេ បានដឹកមកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈម្សិលមិញនេះ ប៉ុន្តែលោកផ្ទាល់ មិនបញ្ជាក់ឲ្យដឹងទេថាអាវុធទាំងនោះយកមកពីណា ឬក្នុងគោលបំណងអ្វីនោះទេ។
លោកថ្លែងថា ៖ «សូម្បីតែយប់មិញ អាទំនិញពិសេសរបស់យើងដូចជាត្រូវទទួលការ អូ! ដឹករួចហើយ។ សុំទោសខ្ញុំប្រើពាក្យនិយាយទំនិញពិសេស ដែលហៅថាទំនិញពិសេស គឺមិនឲ្យអ្នកណាដឹងថាអ្វី ក៏ប៉ុន្តែក៏មិនមែនជាគ្រឿងញៀនដែរ។ មិនមែនជាគ្រឿងញៀនទេ ព្រោះដឹកនសុទ្ធតែកុងតឺន័រ ប៉ុន្មានពាន់តោន ចូលដល់ម៉ឺនតោន។
លោកបន្តថា ៖ «ប៉ុន្តែប្រទេសមួយត្រូវតែមានមធ្យោបាយការពារជាតិរបស់ខ្លួន ហើយសម្ដេច ទៀ បាញ់ បានធ្វើនូវកិច្ចការងារនេះ។ ខ្ញុំនិយាយប៉ុណ្ណឹងអាចដឹងទេ សម្ដេចទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ បើរដ្ឋមន្ត្រីការពារជាតិគាត់មិនដែលទៅដឹកផ្កាទេ គាត់ដឹកគ្រាប់ និងកាំភ្លើង»។
ទោះយ៉ាងណា មន្ត្រីអ្នកនាំពាក្យកងទ័ពជើងអាកាស លោក ប្រាក់ សុខា បានអះអាងថា សព្វាវុធទាំងនេះ ជាផ្នែកមួយនៃ លំហាត់សមយុទ្ធយោធារួមគ្នា កម្ពុជា-ចិន «នាគមាស២០១៨» ដែលគ្រោងធ្វើឡើង នៅអំឡុងពាក់កណ្តាលខែមីនាខាងមុខនេះក្នុងខេត្តកំពង់ស្ពឺ។
លោកថ្លែងចំពោះកងទ័ពជើងអាកាសថា៖«យើងចូលរួម មានទាំងយន្តហោះ មានទាំងកងកម្លាំងចូលរួម។ កម្ពុជាយើងគ្រោងឧទ្ធម្ភាគចក្រ៣ គ្រឿង កងកម្លាំងបច្ចេកទេស វាច្រើនណាស់ ខ្ញុំមិនអាចកំណត់ថាប៉ុណ្ណេះ ប៉ុណ្ណោះទេ។ លំហាត់ហ្វឹកហ្វឺន «នាគមាសឆ្នាំ២០១៨»នេះ ក៏ត្រូវបានរៀបចំឡើងដើម្បីចូលរួមអបអរសាទរដល់ ខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត ដើម្បីពង្រឹងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ យូរអង្វែង។
ការរៀបចំលំហាត់រួមគ្នា ដែលមានឈ្មោះថា «នាគមាស២០១៨» នៅខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពឱ្យធ្វើនៅពាក់កណ្តាលខែមីនា ឆ្នាំ ២០១៨ នេះ ដែលជាការហ្វឹកហ្វឺនរួមគ្នារវាង កងយោធពលខេមរភូមិន្ទ សហការជាមួយកងទ័ពរំដោះប្រជាជនចិន៕
Contact author: បែន សុខហ៊ាន

Shooting Ducks???????????????????????????
Or dumb and dumber………?????