ដោយ អាស៊ីសេរី
2018-04-09

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ថ្លែងក្នុងកិច្ចប្រជុំដោះស្រាយពាក្យបណ្ដឹង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។ Photo: RFA
![]()
គ.ជ.ប ព្រមានចាត់វិធានការលើ អ្នកដែលអំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៩ មេសា នេះ ចេញសេចក្ដីប្រកាសព័ត៌មានមួយ ប្រតិកម្មនឹងការលើកឡើងថា ការបោះឆ្នោតដែលអវត្តមានគណបក្សសង្គ្រោះជាតិ គឺជាការបោះឆ្នោតខុសច្បាប់។ គ.ជ.ប អះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នេះ កំពុងប្រព្រឹត្តទៅស្របតាមច្បាប់បោះឆ្នោត។
គ.ជ.បព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែល “អំពាវនាវដល់ប្រជាពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោត និងឱ្យអ្នកសង្កេតការណ៍ជាតិអន្តរជាតិពិចារណាឱ្យបានហ្មត់ចត់ មុននឹងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ”។ គ.ជ.ប ហៅការអំពាវនាវទាំងនេះថា ជារឿងខុសច្បាប់ និងស្នើឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។
គ.ជ.បថ្លែងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ កំពុងដំណើរការទៅយ៉ាងរលូនស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ហើយថា គ្មានមាត្រាច្បាប់ណាមួយដែលចែងថា លុះត្រាតែមានគណបក្សប្រឆាំងចូលរួមក្នុងការបោះឆ្នោត ទើបចាត់ទុកថា ការបោះឆ្នោតមានលក្ខណៈស្របច្បាប់នោះដែរ។ គ.ជ.បអំពាវនាវដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ប្រតិកម្មរបស់ស្ថាប័នរៀបចំការបោះឆ្នោតនេះ ធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្របក្សប្រឆាំង និងសហគមន៍ខ្មែរមួយចំនួន បានអំពាវនាវឱ្យពលរដ្ឋខ្មែរ កុំទៅបោះឆ្នោតគាំទ្ររបបលោក ហ៊ុន សែន ដែលបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា ការធ្វើទុក្ខបុកម្នេញសារព័ត៌មានឯករាជ្យ និងក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។
ប្រតិកម្មនេះក៏ទំនង ជាការឆ្លើយតបទៅនឹងនាយកប្រតិបត្តិអង្គការខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ដែលត្រូវបានទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) ស្រង់សម្ដីថា អ្នកសង្កេតការណ៍អន្តរជាតិ គប្បីពិចារណាឲ្យបានហ្មត់ចត់ជាងពេលណាៗទាំងអស់ មុននឹងឆ្លើយតបទៅនឹងការប្រកាសរកអ្នកសង្កេតការណ៍អន្តរជាតិ ឲ្យចូលរួមសង្កេតការណ៍បោះឆ្នោតជាតិ នាខែកក្កដាខាងមុខនេះ ព្រោះអ្នកសង្កេតការណ៍អន្តរជាតិ សុទ្ធតែមានបទដ្ឋាន នៃលក្ខខណ្ឌតម្រូវរបស់ខ្លួន ដែលត្រូវបំពេញឲ្យបានត្រឹមត្រូវ មុននឹងអាចចូលរួមក្នុងបោះឆ្នោតនេះ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី៧ មេសា បានប្រកាសឲ្យពលរដ្ឋធ្វើពហិការការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ ប្រសិនបើរបបលោក ហ៊ុន សែន មិនអនុញ្ញាតឲ្យ គណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងដោយស្មើភាពគ្នានោះ។ លោក សម រង្ស៊ី អះអាងថា ការបោះឆ្នោតជាតិ នាពេលខាងមុខនឹងគ្មានន័យ គ្មានតម្លៃ និងគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិនោះឡើយ ហើយប្រជាពលរដ្ឋមិនត្រូវចូលរួមការបោះឆ្នោតបែបកំប្លុកកំប្លែងនេះឡើយ៖ «គាត់ (លោក ហ៊ុន សែន) មិនហ៊ានតតាំងជាមួយគណបក្សសង្គ្រោះជាតិ គាត់ទៅរំលាយគណបក្សសង្គ្រោះជាតិ ហើយគាត់ទៅប្រកួតប្រជែងជាមួយគណបក្សតូចតាចថ្មីថ្មោង ដើម្បីឱ្យគេថា គាត់ឈ្នះ ប៉ុន្តែការឈ្នះនេះ គឺវាគ្មានតម្លៃអ្វីទាំងអស់។ អ៊ីចឹងហើយបើការបោះឆ្នោតនោះ មិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិទេ ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ កុំចូលរួមនៅក្នុងការបោះឆ្នោត សូមធ្វើពហិការការបោះឆ្នោតនោះ ហើយសូមអំពាវនាវឱ្យអ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិ កុំទៅចូលសង្កេតការណ៍អី ព្រោះវាគ្មានបានការអ្វីនោះទេចំពោះការសង្កេតការណ៍បោះឆ្នោតដែលគេដឹងលទ្ធផលមុនថ្ងៃបោះឆ្នោតទៅទៀត ទៅសង្កេតការណ៍គ្រាន់តែប្រថាប់ត្រាទទួលស្គាល់ការបោះឆ្នោតទេ។ សូមកុំទទួលស្គាល់ការបោះឆ្នោតលេងសើចបែបនេះ»។
ចំណែក សន្និសីទខ្មែរពិភពលោក ស្ដីពីកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដែលបានប្រព្រឹត្តិទៅអស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០២ មេសា នៅទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី វិញ ក៏បានទាមទារឲ្យមានការដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ព្រមទាំងអ្នកទោសមនសិការទាំងអស់ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ សន្និសីទខ្មែរពិភពលោកគាំទ្រសេចក្ដីថ្លែងការណ៍របស់ក្រុមប្រទេសចំនួន៤៥ ដែលជាសមាជិក នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលថា របបលោក ហ៊ុន សែន បច្ចុប្បន្ន គឺជារបបដែលខុសច្បាប់ និងកំពុងអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។ សេចក្ដីសម្រេចរបស់សន្និសីទនេះ សង្កត់ធ្ងន់ថា របបផ្ដាច់ការបែបនេះ ត្រូវតែបញ្ចប់ តាមរយៈការបោះឆ្នោតដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ហើយថាការបោះឆ្នោតណាមួយ ដែលគ្មានវត្តមានគណបក្សសង្គ្រោះជាតិ គឺជាការបោះឆ្នោតខុសច្បាប់ ដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវតែធ្វើពហិការ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ឃើញថា បញ្ហានយោបាយដែលកំពុងតែចម្រូងចម្រាសនេះ និងប៉ះពាល់ដល់ដំណើរការបោះឆ្នោតនេះ បណ្ដាលមកពីហេតុផលតែម្យ៉ាងប៉ុណ្ណោះ គឺការព្យាយាមបំបិទសំឡេងបក្សប្រឆាំងដោយគណបក្សកាន់អំណាច ដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នោតខាងមុខ៖ «ប្រសិនបើគណបក្សកាន់អំណាចគាត់សម្រេចចិត្តចរចា ឬមួយបង្កើតឱ្យមានគណបក្សប្រឆាំងឡើងវិញ រឿងគ្រប់យ៉ាងនឹងប្រែពីអវិជ្ជមានមកវិជ្ជមានទាំងអស់។ ទីពីរគណបក្សប្រឆាំងត្រូវមានការអត់ធ្មត់ជាងនេះ ហើយព្យាយាមប្រើវិធីសាស្ត្រទន់ភ្លន់ដើម្បីរំងាប់ចិត្ត និងជាសារមួយដែលចង់ដោះស្រាយបញ្ហានយោបាយជាមួយគណបក្សកាន់អំណាចដោយសន្តិវិធី ចៀសវាងការចាក់សាំងទៅលើភ្លើងដែលកំពុងឆេះ ដែលធ្វើឱ្យបក្សកាន់អំណាចដែលមានអំណាច និងគ្នីគ្នាស្រាប់ កាន់តែខឹងខ្លាំង ហើយនិងប្រើយន្តការមិនសម្របសម្រួលជាមួយបក្សប្រឆាំង។ ការធ្វើបែបនេះនឹងធ្វើឱ្យស្ថានការណ៍នយោបាយកាន់តែក្ដៅថែមទៀត»។
ថ្វីដ្បិតតែការបោះឆ្នោតកាន់តែខិតជិតមកដល់ក្តី អ្នកវិភាគរូបនេះ ជឿជាក់ថា កម្ពុជានៅមានពេលរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ព្រមទាំងមានការទទួលស្គាល់ជាអន្តរជាតិនៅឡើយ ប៉ុន្តែវាស្ថិតនៅលើឆន្ទៈនយោបាយរបស់មេដឹកនាំបក្សកាន់អំណាចថាតើ ព្រមឱ្យមានការចរចានយោបាយណាមួយ ដែរឬអត់។
នៅសល់តែជាងបីខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា នឹងមកដល់ គឺនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមចុះឈ្មោះបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា។ បេក្ខជនទាំងឡាយណាដែលមិនអាចចុះឈ្មោះទាន់ពេលវេលាទេ នោះពួកគ្មានសិទ្ធិចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនេះឡើយ។
បើទោះបីជា គ.ជ.ប ដែលមានថ្នាក់ដឹកនាំ និងសមាជិកភាគច្រើនចេញពីបក្សកាន់អំណាច ព្យាយាមថ្លែងការពារខ្លួនថា ដំណើរការបោះឆ្នោតកំពុងប្រព្រឹត្តទៅដោយរលូនយ៉ាងណាក្តី ក៏លទ្ធផលនៃការបោះឆ្នោតនាខែកក្កដាខាងមុខនេះ នឹងមិនអាចឱ្យសហគមន៍ជាតិ និងអន្តរជាតិទទួលស្គាល់ឡើយ ប្រសិនបើក្នុងករណីដែលរបបក្រុងភ្នំពេញមិនព្រមឱ្យសភាពការណ៍នយោបាយ និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋវិលមករកភាពប្រក្រតីទេនោះ ដោយសារតែធាតុផ្សំសំខាន់ៗនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ត្រូវបានរបបក្រុងភ្នំពេញបើកយុទ្ធនាការវាយកម្ទេចស្ទើរតែទាំងស្រុងអស់ទៅហើយ។
ធាតុផ្សំសំខាន់បំផុតពីរនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលរបបក្រុងភ្នំពេញបានវាយប្រហារឥតឈប់ឈរនោះ គឺការរំលាយគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ធ្វើឱ្យបក្សនេះប្រឈមនឹងការគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោត ហើយអ្នកនយោបាយបក្សនេះត្រូវបាត់សិទ្ធិធ្វើនយោបាយ ធ្វើឱ្យពលរដ្ឋរាប់លាននាក់ដែលគាំទ្របក្សនេះត្រូវបាត់តំណាងស្របច្បាប់ដែលខ្លួនបានបោះឆ្នោតឱ្យ និងចង់បន្តបោះឆ្នោតឱ្យទៀត និងទីពីរគឺការធ្វើទុក្ខបុកម្នេញសារព័ត៌មានឯករាជ្យដែលមានតួនាទីរាយការណ៍ព័ត៌មានពិតអំពីដំណើរការបោះឆ្នោត ដើម្បីឱ្យម្ចាស់ឆ្នោតអាចជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត៕
Vote in cambodia?? What a joke’ haha ‘ this NEC is belong to veitcong communist dictator and alway followed veitcong dictator and help veitcong dictator so what kind of NEC ?? this department of NEC support the illegal government ‘ and help illegal government ‘ Why i call illegal government ? because this is one party ‘ and keep telling the world this country is democracy but they dissolve opposition party and accused opposition leader without any evident or proof ‘What a communist” and why NEC echo this beast regime ?? it mean this department are illegal too ‘ they are bunch of veitcong mafia too ‘ so VOTE mean nothing for cambodian people” why wast the papers ?? why wast the time ?? Why filling the gap for veitcong mafia dictator for?? Everything in cambodia are fake’ under control of groups of veitcong. GOD bless all good people’