ក្រសួងការបរទេស​ទទួល​ស្គាល់​ថា កម្ពុជា​មិន​មាន​ច្បាប់​ចែង​ដាក់​ទោស​ពលរដ្ឋ ដែល​មិន​ទៅ​បោះ​ឆ្នោត​ឡើយ

ដោយ មាន ឫទ្ធិ
2018-07-23
RFA

ក្រសួង​ការ​បរទេស ​ទទួល​ស្គាល់​ថា កម្ពុជា​មិន​មាន​ច្បាប់​ដាក់​ទោស​​ពលរដ្ឋមិន​ទៅ​បោះឆ្នោត


អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី២៣ កក្កដា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ សម្តែង​ក្តី​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​លើក​ឡើង​ចុង​ក្រោយ​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺអ្នកស្រី រ៉ូណា ស្មីត។ សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អ្នកស្រី រ៉ូណា ស្មីត បាន​សម្តែង​ក្តី​បារម្ភ​អំពី​ការ​រំលោភ​ភាព​ស្រប​ច្បាប់​នៃ​ការ​ជ្រើសរើស​មិន​ទៅ​បោះ​ឆ្នោត និង​ការ​គំរាម​កំហែង​ដក​ហូត​មិន​ផ្តល់​សេវា​សាធារណៈ ចំពោះ​អ្នក​ទាំង​ឡាយ​ណា ដែល​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច នៅ​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី២៩ កក្កដា។

អ្នកនាំពាក្យក្រសួងការបរទេស បាន​ចោទ​សួរ​អំពី​ពេល​វេលា និង​ហេតុផល​នៃ​ការ​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នកស្រី រ៉ូណា ស្មីត នេះ ដោយ​ចោទ​អ្នកស្រី រ៉ូណា ស្ម៊ីត ថា ធ្វើ​ឡើង​ដោយ​លម្អៀង និង​មាន​លក្ខណៈ​បុរេនិច្ឆ័យ ក្នុង​បរិបទ​នៃ​ការ​បោះ​ឆ្នោត​ដ៏​រស៊ើប​មួយ​នៅ​កម្ពុជាអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​គូស​បញ្ជាក់​ថា ការ​អំពាវនាវ​របស់​អ្នកស្រី រ៉ូណា ស្ម៊ីត នេះ ធ្វើ​ឡើង​ទំនង​ជា​ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​របស់​លោក សម រង្ស៊ី និង​សមាជិក​គណបក្ស សង្គ្រោះ​ជាតិ ដទៃ​ទៀត ក្នុង​អ្វី​មួយ​ដែល​ក្រសួង​ថា ដើម្បី​ធ្វើ​វិទ្ធង្សនា​មិន​ចង់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​តាម​បែប​ប្រជាធិបតេយ្យ​មួយ​នៅ​កម្ពុជា តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត ក្នុង​ចំណោម​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត និង​បង្រៀន​ពួក​គេ​អំពី​របៀប​ធ្វើ​ឲ្យ​ខូច​សន្លឹក​ឆ្នោត នៅ​ថ្ងៃ​បោះ​ឆ្នោត។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ទទួល​ស្គាល់ថា ខុស​ពី​ប្រទេស​ដទៃ ប្រទេស​កម្ពុជា មិន​មាន​ច្បាប់​ចែង​ដែល​ត្រូវ​ដាក់​ទោស​ទណ្ឌ​ដល់​ពលរដ្ឋ​ទាំង​ឡាយ​ណា ដែល​មិន​ទៅ​បោះ​ឆ្នោត​នោះ​ទេក៏​ប៉ុន្តែ ច្បាប់​បោះ​ឆ្នោត​របស់​កម្ពុជា ដាក់​ទោស​ទណ្ឌ​ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​រារាំង​អ្នក​ដទៃ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ដូច​មាន​ចែង​ក្នុង​មាត្រា ១៤២ នៃ​ច្បាប់​បោះ​ឆ្នោត។

លោក​មេធាវី ផែង ហេង ធ្លាប់​អះអាង​ថា ការ​បញ្ចេញមតិ​អំពី​ការមិន​ចង់ទៅ​បោះ​ឆ្នោត និង អំពាវនាវ​ឲ្យ​នរណា​ម្នាក់ មិន​ទៅ​បោះ​ឆ្នោត មិន​មែន​ជា​ការរារាំង​ដល់​ការ​បោះ​ឆ្នោត​នោះ​ឡើយ លើក​លែង​តែ​ទៅ​ពាំង​ផ្លូវ ឬ​ទាញ​ដៃ ឬ​គម្រាម​កំហែង​ដោយ​ប្រការ​ណា​មួយ​នោះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ក្រសួងការបរទេស​ទទួល​ស្គាល់​ថា កម្ពុជា​មិន​មាន​ច្បាប់​ចែង​ដាក់​ទោស​ពលរដ្ឋ ដែល​មិន​ទៅ​បោះ​ឆ្នោត​ឡើយ"

  1. roumrith says:

    the powerful despise the weak. It is their weakness
    the weak despise the powerful. That’s their strength
    B.P great writer and journalist

  2. Free Cambodia says:

    Voting is the right and moral obligation for all citizens. Cambodia does not make law to punish people who do not want to vote. This is the free country. But if you incite others not to vote, there is the law to hold those inciters accountable. Rainsy is over and no foreigners can help him.