មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស​ជំរុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស​ឲ្យបានពេញលេញ

| |
https://vodhotnews.com

ទង់អង្គការសហប្រជាជាតិ (រូបពីវេបសាយ UN)


មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជំរុញទៅរដ្ឋាភិបាលគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ នឹង​ស្រប​តាមច្បាប់​ជាតិនិងអន្តរជាតិ ដោយថាការដឹកនាំរបស់រដ្ឋាភិបាលកន្លងមក ​ការរំលោភសិទ្ធិមនុស្សនៅតែបន្តកើតមាន។

ក្រោយពីប្រជុំបិទទ្វានាព្រឹកនេះ នៅស្ថាប័នគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយមន្ត្រី​អង្គការសង្គមស៊ីវិល នាយកផ្នែកតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ លោក សួន យុធ្យា​ បានថ្លែងប្រាប់​V​O​D ​ថាអង្គការដែលធ្វើការផ្នែកសិទ្ធិមនុស្សបានលើកឡើងក្នុងកិច្ចប្រជុំ​ប្រាប់អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​របស់រដ្ឋាភិបាលថា បញ្ហា​ការរិតត្បិត​សេរីភាពនៃការ​បញ្ចេញមតិរបស់ប្រជាពលរដ្ឋនៅតែបន្តកើតមាន។

លោក យុធ្យា ជំរុញ​ទៅរដ្ឋាភិបាល ដាក់បញ្ចូលអនុសាសន៍របស់សង្គមស៊ីវិល ដើម្បីឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជួយអន្តរាគមន៍ឲ្យ​កម្ពុជា​គោរពសិទ្ធិមនុស្សក្នុង​អាណត្តិថ្មី​នេះ មាន លក្ខណៈល្អប្រសើរ​ជាងអាណត្តិមុន​។

នាយកផ្នែកតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ លោក សួន យុធ្យា​

 


យើងក៏បានផ្តល់អនុសាសន៍ជាក់ស្តែង​ទៅដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឧទាហរណ៍ដូច​ជា​សេរីភាពបញ្ចេញមតិ សេរីភាពនៃការជួបជុំ សេរីភាពនៃការប្រមូលផ្តុំ មួយរយៈចុងក្រោយ​នេះ​ មិនឆ្លើយតបទៅនឹងកាតព្វកិច្ចសិទ្ធិមនុស្សនៅកម្ពុជា​ទាល់តែសោះ

នាយកផ្នែកតស៊ូមតិនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ លោក សួន យុធ្យា


ចំណែក​ កញ្ញា ហេង ជ័យលាភី មក​ពីសហគមន៍ឥន្ធូកម្ពុជា​ដែលធ្វើការផ្នែក​យេនឌ័រឯណោះវិញ មានប្រសាសន៍ប្រហាក់ប្រហែលនឹងលោក យុធ្យាដែរ ដោយថានៅក្នុងគោលនយោបាយ​របស់រដ្ឋាភិបាលបានដាក់ចេញពីការគោរពសិទ្ធិមនុស្ស និង​យេនឌ័រជាដើម ប៉ុន្តែការអនុវត្តរបស់រដ្ឋាភិបាលកន្លងមក​មិនទាន់បានពេញលេញនៅឡើយ។

កញ្ញា ហេង ជ័យលាភី មក​ពីសហគមន៍ឥន្ធូកម្ពុជា​ដែលធ្វើការផ្នែក​យេនឌ័រ


យើងចង់ជំរុញការអនុវត្តដែលបានធ្វើហើយ​បន្តបន្ថែមទៀត​ ដូចជា​ឧទាហរ​ណ៍​ ការជំរុញឲ្យមាននិយាយអំពីសុខភាពផ្លូវ​ភេទ ហើយក៏ដូចជា​ លក្ខណៈនានានៃអ្នកស្រលាញ់ភេទដូច​គ្នា​ ដើម្បីកាត់បន្ថយការរើសអើង​នៅក្នុង​វិស័យអប់រំបន្ថែមទៀត​

កញ្ញា ហេង ជ័យលាភី មក​ពីសហគមន៍ឥន្ធូកម្ពុជា​ដែលធ្វើការផ្នែក​យេនឌ័រ


អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា លោក អ៊ិ​ត រ៉ាឌី​ ទទួលស្គាល់ថា រដ្ឋាភិបាលពិតជាខ្វះចន្លោះខ្លះ​​ ក្នុងការអនុវត្តការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញប្រាដកមែន ដោយសារបញ្ហាសមត្ថភាព ចំណេះដឹង និងធនធានជាដើម​។ ប៉ុន្តែលោកថាក្រោយពីទទួលបានអនុសាសន៍ពីសង្គមស៊ីវិល​ រដ្ឋាភិបាល​នឹងបញ្ចូលក្នុងរបាយការណ៍ដើម្បីបញ្ជូនទៅអង្គការសហប្រជាជាតិផ្តល់ជាអនុសាសន៍បន្ថែម​​ជុំវិញការគោរពសិទ្ធិមនុស្សនេះ។


រដ្ឋាភិបាលប្តេជ្ញាធ្វើផែនការយុទ្ធសាស្ត្រយ៉ាងម៉េច​[…]យើងដាក់បញ្ជូលទៅក្នុងរបាយការណ៍ជូនទៅអង្គការសហប្រជាជាតិ ដើម្បីឲ្យគេឃើញថា​ ការប្តេជ្ញារបស់រដ្ឋាភិបាល​យើង នឹងជួយលើកកម្ពស់​ផ្នែកសិទ្ធិមនុស្សបន្តទៀត

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា លោក អ៊ិ​ត រ៉ាឌី


លោក រ៉ាឌី បញ្ជាក់ថា កម្ពុជានឹងដាក់របាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជា​ជាតិយ៉ាងយូរនៅដើមខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ក្នុងរបាយការណ៍ចេញផ្សាយកាលពីពាក់កណ្តលខែកក្កដា របស់អង្គការសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch និងគណៈកម្មាការអ្នកច្បាប់អន្ដរជាតិ (International Commission of Jurists) ដែលដាក់ជូនក្រុមការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្ថាប័នទាំងពីរនេះ បាន​​បង្ហាញ​ក្ដី​បារម្ភពីបញ្ហាសិទ្ធិមនុស្ស​នៅកម្ពុជាដោយថាកម្ពុជាបានបើកការវាយប្រហារកាន់តែខ្លាំងលើអតីត​គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីបំបិទកុំឲ្យមានសំឡេងរិះគន់នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ជាដើម​។

តាមការគ្រោងទុក កម្ពុជានឹងឆ្លងកាត់ការត្រួតពិនិត្យបែបនេះជាលើកទី៣ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅចន្លោះខែមករា និងខែកុម្ភៈឆ្នាំ២០១៩៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស​ជំរុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស​ឲ្យបានពេញលេញ"

  1. Anonymous says:

    So funny all theses guys ask illegal beast government to respect human right’ ahah if they do they never dissolve opposition party or they never did the coup killing khmer people’ haha Don’t ask veitcong mafia dictator anything haha they wanted to do anything they do and cambodia and her people is in the cage of them since 1997 coup’