ដោយ វណ្ណ សុគន្ធា
18/08/2018
RFI

លោក MarK Field រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអង់គ្លេស (@Google)
@Google
លោក MarK Field រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអង់គ្លេសនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងទី២៣ សីហាសប្តាហ៍ក្រោយនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។ គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺ លោក MarK Field នឹងលើកយករឿងការបោះឆ្នោតដែលទើបកន្លងផុតទៅនេះមកនិយាយដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែន។
តាមគម្រោងទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជានាសប្តាហ៍ក្រោយនេះ លោករដ្ឋមន្ត្រីអង់គ្លេស MarK Field នឹងជួបពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា សមាជិកនៃអង្គការសង្គមស៊ីវិល និងវិស័យឯកជន។ បញ្ហាសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺលោក MarK Field នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែន ដោយផ្ទាល់ ដើម្បីពិភាក្សាអំពីការបោះឆ្នោតជាតិកម្ពុជាដែលទើបតែកន្លងទៅនេះ និងរឹតបន្តឹងទំនាក់ទំនងទ្វេភាគីរវាងអង់គ្លេស និងប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រីអង់គ្លេសរូបនេះ អះអាងថា ការដែលលើកឡើងនូវបញ្ហាការបោះឆ្នោតនេះ គឺធ្វើឡើងតាមការជំរុញពីនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងអប់រំអង់គ្លេស។
ការបោះឆ្នោតកម្ពុជាថ្ងៃ២៩ កក្កដា បានបញ្ចប់ទៅដោយភាពចម្រូងចម្រាស ព្រោះអន្តរជាតិខាងលោកសេរីមួយចំនួនមិនពេញចិត្តនឹងបោះឆ្នោតនេះ បើទោះបីអន្តរជាតិខាងលោកកុំមុយនីស្ត និងប្រទេសក្នុងតំបន់មួយចំនួនសម្តែងការគាំទ្រក៏ដោយ។ អង់គ្លេស គឺជាប្រទេសប្រជាធិបតេយ្យមួយដែលបានសម្តែងការមិនពេញចិត្តចំពោះការបោះឆ្នោតកម្ពុជានេះផងដែរ។ អង់គ្លេសតាមរយៈលោក MarK Field កាលពីថ្ងៃចុងខែកក្កដា បានអះអាងថា ការបោះឆ្នោតនៅកម្ពុជាធ្វើឡើងដោយគ្មានភាពត្រឹមត្រូវ និងជឿទុកចិត្តបាន ព្រោះគ្មានវត្តមានអតីតបក្សប្រឆាំង និងមេដឹកនាំអតីតបក្សសង្គ្រោះជាតិកំពុងជាប់នៅក្នុងពន្ធនាគារ។
យ៉ាងណាមិញ នៅសប្តាហ៍ក្រោយនេះ លោក MarK Field ដដែលនេះនឹងមកជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយផ្ទាល់តែម្តង ដើម្បីនិយាយពីបញ្ហាទាំងអស់នេះ។ លោក MarK Field បានអះអាងមុនការមកដល់ប្រទេសកម្ពុជាថា លោកនឹងពិភាក្សាដោយនិយាយត្រង់ទៅត្រង់មកជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីស្នើឲ្យរដ្ឋាភិបាលកម្ពុជាលើកលែងការរឹតបន្តឹងការសន្ទនាខាងនយោបាយ សេរីភាពសារព័ត៌មាន និងស្តារឡើងវិញនូវស្ថានភាពទាំងឡាយ ដើម្បីឈានទៅលទ្ធិប្រជាធិបតេយ្យដែលត្រឹមត្រូវ។
ក្រៅពីជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជានេះ លោក MarK Field ក៏នឹងទៅទស្សនកិច្ចនៅអង្គការHalo Trust Cambodia នៅខេត្តសៀមរាបដែលអង់គ្លេសផ្តល់ជំនួយក្នុងបេសកម្មកំចាត់មីននៅកម្ពុជាផងដែរ។ សូមបញ្ជាក់ថា គម្រោងដំណើរទស្សនកិច្ចរបស់លោក MarK Fieldមកកាន់កម្ពុជានេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ច៦ប្រទេសរបស់លោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេស៥ទៀតដែលស្ថិតក្នុងគម្រោងដំណើរទស្សនកិច្ចរបស់លោក MarK Fieldនោះ គឺប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ព្រុយណេ ថៃ និងប្រទេសឡាវ៕
Dear mr mark’ it useless to talk with Veitcong mafia dictator’ it was of time because this country is in this Veitcong mafia since 1997 coup’ he killed a lot of khmer people since 1970 and he still here and what the hell this never wrong?? he will go to hell like si hak nouk soon and stay in the hell for thousand years ‘. GOD bless all good people’