ដោយ វណ្ណ សុគន្ធា
21/05/2019
RFI

ពលរដ្ឋធ្វើការតវ៉ានៅមុខតុលាការខេត្តបាត់ដំបង ខណៈសកម្មជន៤នាក់ត្រូវចូលបំភ្លឺ
@សហការី
នៅព្រឹកថ្ងៃអង្គារនេះ តុលាការខេត្តបាត់ដំបង បានសួរនាំសកម្មជនអតីតគណបក្សសង្រ្គោះជាតិចំនួន៤នាក់បន្ថែមទៀតពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានប្រឆាំង និង រំលោភបំពានសាលដីការបស់តុលាការកំពូល។ បន្ទាប់សាកសួររួចរាល់ តុលាការមិនបានសម្រេចចោទប្រកាន់ពួកគេយ៉ាងណាទេ។ បើទោះជាបែបនេះក្តី មេធាវីរបស់សកម្មជនទាំងនេះ គឺលោក សំ សុគង់ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះថា ការកោះហៅនេះជាការរំលោភសិទ្ធិ និង ជាការគំរាមកំហែងមិនឱ្យពួកគេហ៊ានធ្វើការជួបជុំគ្នា និងបញ្ចេញមតិតទៅទៀត។
មេធាវីការពារក្តីសកម្មជនអតីតគណបក្សសង្រ្គោះជាតិ គឺលោក សំ សុគង់ បានចាត់ទុកការកោះហៅសកម្មជនទាំងនេះរបស់តុលាការខេត្តបាត់ដំបងថា ជារឿងនយោបាយ ដោយវាបានរំលោភសិទ្ធិនៃការជួបជុំ និងបញ្ចេញមតិរបស់ពួកគេស្របតាមច្បាប់។
មិនតែប៉ុណ្ណោះ លោកថែមទាំងហៅទង្វើរបស់តុលាការនេះថា ជាការគំរាមកំហែងដល់ពួកគេ និង អ្នកផ្សេងទៀតកុំឱ្យហ៊ានជួបជុំ និងបញ្ចេញមតិទៀតផង។ សម្រាប់លោកមេធាវី សំ សុគង់ ការជួបជុំ និង បញ្ចេញមតិរបស់ពួកគេ គឺជាសិទ្ធិ។ ដូច្នេះហើយ សកម្មភាពទាំងនេះមិនអាចចាត់ទុកថា បទល្មើសបាននោះទេ។
សូមជំរាបជូនថា សកម្មជនអតីតគណបក្សសង្រ្គោះជាតិនៅក្នុងខេត្តបាត់ដំបងចំនួន៣៥នាក់ ត្រូវបានតុលាការកោះហៅចូលបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់ប្រឆាំង និងរំលោភបំពានសាលដីការបស់តុលាការកំពូលកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
មកដល់ពេលនេះ សកម្មជនចំនួន២៦នាក់ហើយដែលបានចូលទៅបំភ្លឺនៅតុលាការ ហើយ៩នាក់ផ្សេងទៀតនឹងចូលទៅបំភ្លឺនៅថ្ងៃទី២៤ ឧសភាខាងមុខ។ ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីពួកគេបានជួបជុំក្នុងពិធីបុណ្យទានមួយហើយបានបរិភោគនំបញ្ចុកជាមួយគ្នា។ ជាមួយគ្នានេះ ពួកគេក៏បានថតរូប និងធ្វើវីដេអូបង្ហាញការគាំទ្រដល់សកម្មភាពលោក សម រង្ស៉ី។
លោកមេធាវី សំ សុគង់ បានបង្ហាញការសោកស្តាយ ដែលគ្រាន់តែការជួបជុំបែបនេះ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើរបាយការណ៍ដាក់ទៅកាន់តុលាការរហូតមានការកោះហៅពួកគេទៅសួរនាំជាបន្តបន្ទាប់។ តែយ៉ាងណាក៏ដោយ លោកស្នើតុលាការពិនិត្យ និងពិចារណា ដើម្បីផ្តល់យុត្តិធម៌ដល់សកម្មជនអតីតគណបក្សប្រឆាំង។
ក្រៅពីនៅក្នុងបាត់ដំបងនេះ សកម្មជនអតីតបក្សសង្រ្គោះជាតិចំនួន៣៥នាក់ផ្សេងទៀត នៅក្នុងខេត្តកំពង់ធំ ក៏បានត្រូវអាជ្ញាធរមូលដ្ឋាននៅទីនោះ កោះហៅទៅសាកសួរ និងធ្វើកំណត់ហេតុផងដែរ។ ប៉ុន្តែអាជ្ញាធរបានអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនវិញ ដោយមិនមានចំណាត់ការណាមួយទៅលើពួកគេទេ។ ការសួរនាំនេះ ធ្វើឡើងក្រោយពីសកម្មជនទាំងនោះជួបជុំគ្នា ហើយបង្ហាញការគាំទ្រដល់សកម្មភាពរបស់លោកសម រង្ស៊ីនៅក្រៅប្រទេស៕
រឿងអាស្រូវនៅអូទ្រីស៖ អធិការបតីអាល្លឺម៉ង់ អំពាវនាវឱ្យ EU ប្រឆាំងនឹងអ្នកនយោបាយ «លក់ក្បាលឱ្យបរទេស» ខណៈនៅកម្ពុជាក៏មានអ្នកនយោបាយឃុបឃិតជាមួយបរទេសក្បត់កម្ពុជាដែរ
(ក្រូអាត)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល កាលពីថ្ងៃសៅរ៍ទី១៨ ខែឧសភា កន្លងទៅបាន អំពាវនាវឱ្យអ្នកនយោបាយអឺរ៉ុបទាំងអស់ ប្រកាន់ជំហរប្រឆាំងនឹងអ្នកនយោបាយស្ដាំនិយមជ្រុលមួយចំនួនដែល «សុខចិត្តលក់ក្បាល» និងបម្រើផលប្រយោជន៍ឱ្យបរទេស។
ការកត់សម្គាល់ខាងលើរបស់លោកស្រី មឺគែល ធ្វើឡើងបន្ទាប់ពីមានរឿងអាស្រួវមួយផ្ទុះឡើងនៅក្នុងប្រទេស អូទ្រីស ដោយមានការចោទប្រកាន់ថា អនុអធិការបតីអូទ្រីស លោក Heinz-Christian Strache បានសន្យាផ្ដល់ កិច្ចសន្យាលើគម្រោងនានារបស់រដ្ឋជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់ ជាថ្នូរ នឹងការទទួលបានជំនួយពីទីក្រុងម៉ូស្គូ ដើម្បីអាចទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។
ជុំវិញរឿងអាស្រូវនេះដែរ លោកស្រី មឺគែល បានលើកឡើងនៅក្នុងសន្និសីទមួយនៅក្នុងទីក្រុង Zagreb ប្រទេស ក្រូអាត កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅដូច្នេះថា៖ «យើងទាំងអស់គ្នាត្រូវតែប្ដេជ្ញាចិត្តប្រឆាំងនឹងរាល់ អ្នកនយោបាយរបស់អឺរ៉ុបទាំងឡាយណាដែលសុខចិត្តលក់ក្បាល និងបម្រើផលប្រយោជន៍ឱ្យបរទេស…គំនិតជាតិនិយម ជ្រុលគឺជាសត្រូវរបស់អឺរ៉ុប ហើយយើងត្រូវតែប្រាកដចំពោះបញ្ហាទាំងនេះ មុនការបោះឆ្នោតមកដល់»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ ស៊ីដដឺតជេ ហ្សៃតាំង (Süddeutsche Zeitung) និង ស្ពីជែល (Spiegel) បានចេញផ្សាយនូវវីដេអូដ៏អាស្រូវមួយពាក់ព័ន្ធនឹង អនុអធិការបតីអូទ្រីស និងជាប្រធានគណបក្ស FPÖ លោក ហេនស៍ គ្រីស្ទាន ស្ត្រាច (Heinz-Christian Strache)។
វីដេអូរបស់លោក Strache ត្រូវថតនៅឯផ្ទះលំហែមួយក្នុងតំបន់ទេសចរណ៍ អ៊ីលប៊ីហ្សា (Ibiza) ក្នុងប្រទេស អេស្ប៉ាញ កាលពីរដូវក្ដៅឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងវីដេអូនេះបានបង្ហាញពីលោក Strache និងមន្ត្រីបក្ស FPÖ ម្នាក់ទៀតឈ្មោះ ចូហាន់ ហ្គូដិននឹស (Johann Gudenus) បានជជែកជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់។
បន្ថែមពីលើនេះក្នុងវីដេអូនោះទៀតសោត ស្រ្តីដែលជាក្មួយមហាសេដ្ឋីរុស្ស៊ីរូបនេះបានប្រាប់អ្នកទាំងពីរថា នាងមានគម្រោងវិនិយោគប្រាក់ ២៥០លានអឺរ៉ូ នៅក្នុងប្រទេសអូទ្រីស ព្រមទាំងទិញភាគហ៊ុនសារព័ត៌មាន អូទ្រីសដ៏ធំឈ្មោះ ក្រូណិន ហ្សៃថាំង (Kronen Zeitung) ដើម្បីជួយផ្សព្វផ្សាយពីសកម្មភាពល្អៗរបស់គណបក្ស FPÖ ត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសន្យារបស់ក្មួយស្រីមហាសេដ្ឋីរុស្ស៊ីទាំងនេះត្រូវបានគេមើលឃើញថាគឺជាការ ដោះដូរដើម្បីទទួលបាន កិច្ចសន្យាវិនិយោគនានាពីរដ្ឋាភិបាលអូទ្រីស។ មិនតែប៉ុណ្ណោះពួកគេក៏បានជជែកគ្នា ផងដែរថា តើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាច បិទបាំងអំណោយខុសច្បាប់ដែលស្រ្តីរូបនេះចង់ប្រើប្រាស់ ក្នុងគោលបំណង កែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអូទ្រីសតាមរយៈផែនការរបស់លោក Strache។
ដោយឡែក ក្រោយរឿងអាស្រូវនេះផ្ទុះឡើង រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party (FPÖ) រួមទាំង លោក Strache បានសម្រេចចិត្តលាលែងចេញពីតំណែងទាំងអស់គ្នា ហើយការលាលែងពីតំណែងជាកញ្ចប់នេះ បាន នាំទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរវាងគណបក្ស Freedom Party (FPÖ) និងគណបក្ស Austrian People’s Party របស់អធិបការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz) ដែលបានអំពាវនាវ ឱ្យមានការបោះឆ្នោតមុនអណត្តិមួយនៅខែកញ្ញាខាងមុខ។
សូមជំរាបថា នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបយ៉ាងខ្លាំង ដោយអ្នកខ្លះចាត់ទុកថា ជាព្យុះកំណាចកំពុងបោកបក់លើប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា ដូចករណីលោក កឹម សុខា ប្រកាសក្តែងៗថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា បែរជាសហភាពអឺរ៉ុបខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិ ដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?៕