នយោបាយ
រូបឯកសារ៖ លោក អ៊ីលៀត អេងហ្គល (Eliot Engel) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាជាតិសហរដ្ឋអាមេរិក ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ (រូបថត AFP)
22 ឧសភា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ
អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកគាំទ្រជំហររបស់ក្រសួងការបរទេសដែលស្នើសុំឱ្យកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដបន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញលើអតីតមន្ត្រីគណបក្សប្រឆាំងតាមផ្លូវតុលាការនិងការស្លាប់បាត់បង់ជីវិតសកម្មជនម្នាក់។
ប្រតិកម្មនេះកើតឡើងក្រោយពីមានអតីតមន្ត្រីថ្នាក់មូលដ្ឋាននៃគណបក្សសង្គ្រោះជាតិជាង១០០នាក់ត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់ទៅសាកសួរពាក់ព័ន្ធនឹងការសង្ស័យថា បានរំលោភសាលដីការតុលាការកំពូលដែលបានរំលាយគណបក្សសង្គ្រោះជាតិនិងការស្លាប់សកម្មជនឈ្មោះ ទិត្យ រ៉ន ពេលជាប់នៅក្នុងកន្លែងឃុំឃាំងរបស់ប៉ូលិសខេត្តកំពង់ចាម។
លោក អ៊ីលៀត អេងហ្គល (Eliot Engel) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាជាតិសហរដ្ឋអាមេរិកបានសរសេរសារនៅតាមទំព័រធ្វីតធឺរបស់លោកកាលពីថ្ងៃច័ន្ទថា៖
«ខ្ញុំមានការក្រៀមក្រំជាខ្លាំងដោយសារតែមរណភាពគួរឱ្យសង្ស័យរបស់លោក ទិត្យ រ៉ន សមាជិកនៃគណបក្សប្រឆាំង។ នេះទំនងជាការរំលោភអំណាចជាថ្មីទៀតនៅក្នុងយុទ្ធនាការបង្ក្រាបរបស់លោកហ៊ុន សែនលើអ្នកនយោបាយប្រឆាំង។ ប្រទេសកម្ពុជាគួរតែបញ្ចប់ការធ្វើទុក្ខបុកម្នេញខាងផ្នែកនយោបាយ»។
រដ្ឋាភិបាលកម្ពុជាបានបើកការបង្រ្កាបទ្រង់ទ្រាយធំលើអ្នកដែលហ៊ានរិះគន់ការដឹកនាំជាង៣០ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំបំផុតមួយកាលពីចុងឆ្នាំ២០១៧ ហើយបានហាមឃាត់មន្ត្រីគណបក្សនេះចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ អ្នកសារព័ត៌មានឯករាជ្យនិងអង្គការសង្គមស៊ីវិលមួយចំនួនបានរងការធ្វើទុក្ខបុកម្នេញដោយមានសារព័ត៌មានឯករាជ្យខ្លះបានបិទទ្វារឬប្តូរម្ចាស់គ្រប់គ្រងនិងត្រូវហាមមិនឱ្យផ្សាយលើរលកធាតុអាកាសវិទ្យុFM ហើយថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលសំខាន់ៗមួយចំនួនបានរត់ចាកចេញក្រៅប្រទេស។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្តែងការរំខានចិត្ត«យ៉ាងខ្លាំង»ចំពោះមរណភាពនៃលោក ទិត្យ រ៉ន ហើយបានស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យ។ ក្រសួងការបរទេសក៏បានសម្តែងការព្រួយបារម្ភពីដំណើរការតុលាការប្រឆាំងនឹងអតីតមន្ត្រីបក្សប្រឆាំងផងដែរនិងសុំឱ្យលើកលែងបម្រាមនយោបាយព្រមទាំងដោះលែងអ្នកទោសនយោបាយ។
អ្នកនាំពាក្យក្រសួងការបរទេសគឺអ្នកស្រី Morgan Ortagus បានបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា៖
«យើងក៏ទទូចឱ្យរដ្ឋាភិបាលកម្ពុជាគាំទ្រលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដនិងធានាថាសកម្មភាពនិងច្បាប់របស់ខ្លួនស្របតាមកាព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជាក្រោមច្បាប់អន្តរជាតិ»។
អ្នកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសនៅក្នុងសន្និសីទសារព័ត៌មាននៅឯក្រសួងការបរទេសកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។ (រូបថត AP)
លោក អាឡំាង ឡូវឹនសល អ្នកតំណាងរាស្រ្តប្រចំាមណ្ឌល៤៧នៃរដ្ឋកាលីហ្វញ៉ាដែលមកពីខាងគណបក្សប្រជាធិបតេយ្យបានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកដែរថា៖
«នាយករដ្ឋមន្ត្រី ហ៊ុន សែន និងរបបរបស់គាត់បន្តប្រើកណ្តាប់ដៃដែកផ្តាច់ការនិងរំលោភសិទ្ធិសេរីភាពពលរដ្ឋកម្ពុជា។ យើងមិនត្រូវភ្លីភ្លើតាមទេ។ យើងមិនត្រូវឱ្យពួកគេរំខានបានទេ។ ទោះបីជាគាត់និយាយអ្វីក៏ដោយ ក៏ព្រឹត្តិការណ៍នាពេលថ្មីៗនេះបង្ហាញយ៉ាងច្បាស់ថា គាត់គ្មានចេតនាឱ្យមានរបបប្រជាធិបតេយ្យពហុបក្សនៅកម្ពុជាទេ។ ចេតនាតែមួយគត់របស់គាត់គឺបន្តកាន់អំណាចនិងគ្រប់គ្រង»។
លោក ឡូវឹនសល ថារដ្ឋសភាសហរដ្ឋអាមេរិកនឹងចាត់ការឱ្យបានលឿនលើករណីប្រទេសកម្ពុជា។
លោកបានបន្ថែមទៀតថា៖
«រដ្ឋសភារបស់សហរដ្ឋអាមេរិកត្រូវតែចាត់វិធានការទៅមុខឱ្យបានឆាប់រហ័សនិងមានគោលដៅប្រើប្រាស់ឥទ្ធិពលទំាងស្រុងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រឆាំងនឹងលោក ហ៊ុន សែន នៅមុនពេលគាត់បំផ្លាញទាំងស្រុងនូវលទ្ធភាពនាំយកប្រទេសកម្ពុជាមកកាន់លទ្ធិប្រជាធិបតេយ្យវិញ»។
រូបឯកសារ៖ សមាជិកសភាលោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ California ថ្លែងនៅឯសវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេស។ (ស្រេង លក្ខិណា/VOA)
សមាជិករដ្ឋសភាសហរដ្ឋអាមេរិកដែលមកទាំងពីរគណបក្សបានស្នើសេចក្តីស្នើច្បាប់ចំនួនពីរគឺ «ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា» និង «ច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា» ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងបង្កកទ្រព្យសម្បត្តិមន្ត្រីមួយចំនួននៃរដ្ឋាភិបាលកម្ពុជានិងជនទាំងឡាយណាដែលចូលរួមរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ រីឯសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលតំណាងឱ្យគណបក្សទាំងពីរដែរក៏បានស្នើឡើងនូវ «ច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា» ដើម្បីសើរើឋានៈអនុគ្រោះពន្ធទូទៅ (GSP) ដែលកម្ពុជានាំទំនិញមួយចំនួនចូលសហរដ្ឋអាមេរិកដោយរួចពន្ធ។
រហូតមកដល់ពេលនេះ សេចក្តីស្នើ«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា»ត្រូវបានគណៈកម្មាធិការកិច្ចការបរទេសអនុម័តរួចរាល់ហើយកាលពីដើមខែមេសានិងរង់ចំាតែសភាពេញអង្គអនុម័តប៉ុណ្ណោះមុននឹងបញ្ជូនបន្តទៅព្រឹទ្ធសភា។
លោក ប៉ុន សៅរី អគ្គលេខាធិការនៃគណបក្សសង្គ្រោះជាតិក្រៅប្រទេសបានចាត់ទុកថាជំហររួមគ្នារវាងក្រសួងការបរទេសសហរដ្ឋអាមេរិកនិងគណៈកម្មាធិការកិច្ចការប្រទេសនៃរដ្ឋសភាជាតិដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យគឺជាដំណឹងល្អមួយហើយលោករំពឹងថានឹងមានការចេញសេចក្តីថ្លែងការណ៍បង្ហាញជំហរជាបន្តបន្ទាប់ទៀតដើម្បីលើកទឹកចិត្តដល់អ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមថា៖
«អីចឹងមានន័យថាអ្វីទាំងអស់ដែល ហ៊ុន សែន កំពុងតែធ្វើ ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការបង្ក្រាបឬក៏កម្ចេចរចនាសម្ព័ន្ធរបស់គណបក្សសង្គ្រោះជាតិនៅកម្ពុជាតាមរយៈការប្រើប្រព័ន្ធតុលាការនយោបាយ ជាឧបាយកល ជាឧបករណ៍នយោបាយក្នុងការកម្ចេចគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រជាធិបតេយ្យហើយមានការទុកចិត្តពីប្រជាពលរដ្ឋតែមួយក្នុងប្រទេសកម្ពុជានេះគឺត្រូវបានបកអាក្រាតនិងមិនទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិហើយជាបន្តបន្ទាប់នេះខ្ញុំសង្ឃឹមថានឹងមានសេចក្តីប្រកាសថ្កោលទោសខ្លាំងបន្ថែមទៀត»។
ចំណាត់ការដ៏រាលដាលរបស់តុលាការកម្ពុជាក៏បានធ្វើឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាសម្តែងការព្រួយបារម្ភផងដែរ។
លោក ប៉ុន សៅរី ក៏បានស្នើឱ្យពលរដ្ឋកម្ពុជាដែលនៅក្រៅប្រទេសនិងក្នុងប្រទេសត្រៀមខ្លួនទទួលស្វាគមន៍លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សដែលមានគម្រោងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅឆ្នាំ២០១៩នេះដើម្បីបញ្ចប់ការរស់នៅនិរទេសខ្លួនក្រៅប្រទេសហើយជួយស្តារលទ្ធិប្រជាធិបតេយ្យនិងទប់កុំឱ្យប្រទេសកម្ពុជាធ្លាក់ទៅក្រោមឥទ្ធិពលទាំងស្រុងរបស់មហាអំណាចចិន៕
រឿងអាស្រូវនៅអូទ្រីស៖ អធិការបតីអាល្លឺម៉ង់ អំពាវនាវឱ្យ EU ប្រឆាំងនឹងអ្នកនយោបាយ «លក់ក្បាលឱ្យបរទេស» ខណៈនៅកម្ពុជាក៏មានអ្នកនយោបាយឃុបឃិតជាមួយបរទេសក្បត់កម្ពុជាដែរ
(ក្រូអាត)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល កាលពីថ្ងៃសៅរ៍ទី១៨ ខែឧសភា កន្លងទៅបាន អំពាវនាវឱ្យអ្នកនយោបាយអឺរ៉ុបទាំងអស់ ប្រកាន់ជំហរប្រឆាំងនឹងអ្នកនយោបាយស្ដាំនិយមជ្រុលមួយចំនួនដែល «សុខចិត្តលក់ក្បាល» និងបម្រើផលប្រយោជន៍ឱ្យបរទេស។
ការកត់សម្គាល់ខាងលើរបស់លោកស្រី មឺគែល ធ្វើឡើងបន្ទាប់ពីមានរឿងអាស្រួវមួយផ្ទុះឡើងនៅក្នុងប្រទេស អូទ្រីស ដោយមានការចោទប្រកាន់ថា អនុអធិការបតីអូទ្រីស លោក Heinz-Christian Strache បានសន្យាផ្ដល់ កិច្ចសន្យាលើគម្រោងនានារបស់រដ្ឋជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់ ជាថ្នូរ នឹងការទទួលបានជំនួយពីទីក្រុងម៉ូស្គូ ដើម្បីអាចទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ។
ជុំវិញរឿងអាស្រូវនេះដែរ លោកស្រី មឺគែល បានលើកឡើងនៅក្នុងសន្និសីទមួយនៅក្នុងទីក្រុង Zagreb ប្រទេស ក្រូអាត កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅដូច្នេះថា៖ «យើងទាំងអស់គ្នាត្រូវតែប្ដេជ្ញាចិត្តប្រឆាំងនឹងរាល់ អ្នកនយោបាយរបស់អឺរ៉ុបទាំងឡាយណាដែលសុខចិត្តលក់ក្បាល និងបម្រើផលប្រយោជន៍ឱ្យបរទេស…គំនិតជាតិនិយម ជ្រុលគឺជាសត្រូវរបស់អឺរ៉ុប ហើយយើងត្រូវតែប្រាកដចំពោះបញ្ហាទាំងនេះ មុនការបោះឆ្នោតមកដល់»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ ស៊ីដដឺតជេ ហ្សៃតាំង (Süddeutsche Zeitung) និង ស្ពីជែល (Spiegel) បានចេញផ្សាយនូវវីដេអូដ៏អាស្រូវមួយពាក់ព័ន្ធនឹង អនុអធិការបតីអូទ្រីស និងជាប្រធានគណបក្ស FPÖ លោក ហេនស៍ គ្រីស្ទាន ស្ត្រាច (Heinz-Christian Strache)។
វីដេអូរបស់លោក Strache ត្រូវថតនៅឯផ្ទះលំហែមួយក្នុងតំបន់ទេសចរណ៍ អ៊ីលប៊ីហ្សា (Ibiza) ក្នុងប្រទេស អេស្ប៉ាញ កាលពីរដូវក្ដៅឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងវីដេអូនេះបានបង្ហាញពីលោក Strache និងមន្ត្រីបក្ស FPÖ ម្នាក់ទៀតឈ្មោះ ចូហាន់ ហ្គូដិននឹស (Johann Gudenus) បានជជែកជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់។
បន្ថែមពីលើនេះក្នុងវីដេអូនោះទៀតសោត ស្រ្តីដែលជាក្មួយមហាសេដ្ឋីរុស្ស៊ីរូបនេះបានប្រាប់អ្នកទាំងពីរថា នាងមានគម្រោងវិនិយោគប្រាក់ ២៥០លានអឺរ៉ូ នៅក្នុងប្រទេសអូទ្រីស ព្រមទាំងទិញភាគហ៊ុនសារព័ត៌មាន អូទ្រីសដ៏ធំឈ្មោះ ក្រូណិន ហ្សៃថាំង (Kronen Zeitung) ដើម្បីជួយផ្សព្វផ្សាយពីសកម្មភាពល្អៗរបស់គណបក្ស FPÖ ត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសន្យារបស់ក្មួយស្រីមហាសេដ្ឋីរុស្ស៊ីទាំងនេះត្រូវបានគេមើលឃើញថាគឺជាការ ដោះដូរដើម្បីទទួលបាន កិច្ចសន្យាវិនិយោគនានាពីរដ្ឋាភិបាលអូទ្រីស។ មិនតែប៉ុណ្ណោះពួកគេក៏បានជជែកគ្នា ផងដែរថា តើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាច បិទបាំងអំណោយខុសច្បាប់ដែលស្រ្តីរូបនេះចង់ប្រើប្រាស់ ក្នុងគោលបំណង កែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអូទ្រីសតាមរយៈផែនការរបស់លោក Strache។
ដោយឡែក ក្រោយរឿងអាស្រូវនេះផ្ទុះឡើង រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party (FPÖ) រួមទាំង លោក Strache បានសម្រេចចិត្តលាលែងចេញពីតំណែងទាំងអស់គ្នា ហើយការលាលែងពីតំណែងជាកញ្ចប់នេះ បាន នាំទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរវាងគណបក្ស Freedom Party (FPÖ) និងគណបក្ស Austrian People’s Party របស់អធិបការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz) ដែលបានអំពាវនាវ ឱ្យមានការបោះឆ្នោតមុនអណត្តិមួយនៅខែកញ្ញាខាងមុខ។
សូមជំរាបថា នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបយ៉ាងខ្លាំង ដោយអ្នកខ្លះចាត់ទុកថា ជាព្យុះកំណាចកំពុងបោកបក់លើប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា ដូចករណីលោក កឹម សុខា ប្រកាសក្តែងៗថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា បែរជាសហភាពអឺរ៉ុបខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិ ដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?៕