សង្គម​ស៊ីវិល​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ

ដោយ អាស៊ីសេរី
2019-10-24
អាស៊ីសេរី


ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ នាំគ្នា​ប្រារព្ធ​ពិធី​រំលឹក​ខួប​២៨​ឆ្នាំ នៃ​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ។ ពួកគេ​អំពាវនាវ ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​និង​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​បាន​ល្អ ត្រឹមត្រូវ ព្រោះ​កិច្ចព្រមព្រៀង​នេះ ជា​ឫសគល់​នាំ​ឱ្យ​កម្ពុជា​មាន​សន្តិភាព ការ​ផ្សះផ្សា​ជាតិ និង​ការ​រីកចម្រើន។

(ជយោ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា​ឆ្នាំ​១៩៩១​។ ២៣​តុលា នាំមក​នូវ​ការ​រួបរួម​ជាតិ សន្តិភាព ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ)។

នេះ​គឺជា​សម្រែក​ក្នុង​ពិធី​រំលឹក​ខួប​២៨ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជិត ១​ពាន់​នាក់ មកពី​អង្គការ​សង្គម​ស៊ីវិល សហជីព សហគមន៍​ដីធ្លី ក្រុម​អ្នកវិភាគ​ឯករាជ្យ និង​ក្រុម​យុវជន ព្រមទាំង​តំណាង​មកពី​ស្ថានទូត​អាមេរិក និង​ស្ថានទូត​សហភាព​អឺរ៉ុប​។ របប​ក្រុងភ្នំពេញ ក៏បាន​ពង្រាយ​កង​សន្តិសុខ​ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន​រាប់​សិប​នាក់ តាម​ឃ្លាំមើល​ផង​ដែរ។

ក្នុង​ពិធី​នេះ អ្នកវិភាគ​និង​អ្នក​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ ព្រមទាំង​មន្ត្រី​សង្គម​ស៊ីវិល បាន​លើក​ឡើង អំពី​ប្រវត្តិ និង​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រមទាំង​ការ​អនុវត្ត​របស់​រដ្ឋាភិបាល នា​ពេល​កន្លង​មក។ ចំណែក​តំណាង​កម្មករ កសិករ និង​យុវជន ក៏បាន​ឡើង​បញ្ចេញ​មតិ អំពី​ស្ថានភាព​អាក្រក់ៗ ដែល​ពួកគេ​បាន​ជួបប្រទះ​ដូចជា​ការរំលោភ​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​ការងារ​ជាដើម។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក ប៉ា ច័ន្ទរឿន មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទី ក្រុង​ប៉ារីស​គឺជា​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ​បំផុត។ កិច្ចព្រមព្រៀង​នេះ បាន​នាំ​ឱ្យ​កម្ពុជា រៀបចំ​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​១៩៩៣ នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យ សន្តិភាព ការ​បង្រួបបង្រួម​ជាតិ គ្មាន​វត្តមាន​កងទ័ព​បរទេស​នៅ​កម្ពុជា មាន​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ធ្វើ​ឱ្យ​កម្ពុជា មានការ​អភិវឌ្ឍ​រីកចម្រើន ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​។ ទោះ​យ៉ាង​ណា​ក្តី អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ កត់សម្គាល់​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ មិន​បាន​គោរព និង​អនុវត្ត​តាម​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​បាន​ល្អ​នោះ​ទេ ធ្វើ​ឱ្យ​ស្ថានភាព​មួយ​ចំនួន​វិវត្តន៍​ថយក្រោយ ដូចជា​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ជាដើម៖ «យើង​មាន​ដៃគូ​អភិវឌ្ឍ យើង​មាន​សហគមន៍​អន្តរជាតិ​ជួយ ជួយ​ទាំង​ជំនួយ​ផ្នែក​មនុស្សធម៌ ការ​អភិវឌ្ឍ រហូតដល់​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទៀត ដូចជា រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប និង​GSP របស់​អាមេរិក ជាដើម​។ គេ​មិន​ដេក​យល់សប្ដិ​យប់​នេះ​ស្អែក​ឡើង​គេ​ឱ្យ​ទេ គឺ​គេ​បាន​គិតគូរ​ហើយ​មាន​ការ​ទទួលខុសត្រូវ​តាម បែប​ផ្លូវច្បាប់ ជាពិសេស​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ទន្ទឹម​គ្នា​នេះ យើង​មាន​ឱកាស​នៅ​ពេល​ដែល​ខ្មែរ​យើង​រួបរួម​គ្នា អត់​រវល់​ច្បាំង​គ្នា អត់​រវល់​ចាប់​គ្នា អត់​រវល់​ធ្វើទុក្ខបុកម្នេញ​គ្នា គឺ​យើង​មានឱកាស​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍ កសាង​សមត្ថភាព និង​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​ល្អ​ប្រសើរ»។

ថ្ងៃ​ទី​២៣ តុលា នេះ ជា​គម្រប់​ខួប​២៨​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា របស់​ក្រុម​ចលនា​ប្រដាប់​អាវុធ​ខ្មែរ ៤​ក្រុម រួមមាន​ក្រុម​ចលនា​ហ៊្វុនស៊ិនប៉ិច​របស់​ព្រះបាទ​នរោត្តម សីហនុ ក្រុម​ចលនា រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោក សឺន សាន ក្រុម​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ក្រុម​មេដឹកនាំ​ខ្មែរក្រហម និង​របប​រដ្ឋ​កម្ពុជា របស់​លោក ហ៊ុន សែន​។ កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ចុះហត្ថលេខា កាលពី​ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​ការ​សម្របសម្រួល​ពី​សហគមន៍​អន្តរជាតិ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ថ្លែង​ថា ក្នុង​ពិធី​រំលឹក​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ អ្នកចូលរួម​ទាំង​សុទ្ធតែ​បញ្ចេញមតិ​ស្រដៀងៗ​គ្នា ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​អ្នកនយោបាយ​ទាំងអស់​ឈប់​ឈ្លោះ​គ្នា ហើយ​បង្រួបបង្រួម​ឯកភាព​ជាតិ នាំមក​នូវ​ការ​អភិវឌ្ឍ ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដូចដែល​បាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​។ លោក​យល់​ថា ការ​បន្ត​ឈ្លោះ​បែកបាក់​គ្នា ក្នុងចំណោម​អ្នកនយោបាយ​ខ្មែរ គឺជា​ការអនុវត្ត​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​ធ្វើ​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ ព្រមទាំង​នាំ​ឱ្យ​កម្ពុជា​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ផង​ដែរ៖ «គោលបំណង​រួម​យើង​ដាក់​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស យើង​ត្រូវការ​សន្តិភាព ការ​អភិវឌ្ឍ ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ ការ​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល មិនបាន​ដង្ហែ​ក្បួន តាម​ការ​គ្រោង​ទុក​នោះ​ទេ ដោយសារ​មាន​បម្រាម​ពី​អាជ្ញាធរ បន្ទាប់ពី​កាលពី​ឆ្នាំ​២០១៨ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ខកខាន​ប្រារព្ធ​ពិធី​នេះ​ម្ដង​ហើយ​ដោយសារតែ​ពិបាក​សុំច្បាប់​ពី​អាជ្ញាធរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​ដែល​អង្គការ​សង្គម​ស៊ីវិល ជួបជុំ​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ គឺ​បង្ហាញ​ថា កម្ពុជា​មាន​សិទ្ធិ​សេរីភាព ហើយ​កម្ពុជា​គ្មាន​ជម្លោះ​នយោបាយ​នោះ​ទេ។ លោក​អះអាង​ថា អ្វី​ដែល​កើតឡើង​ចំពោះ គណបក្ស​សង្គ្រោះជាតិ គឺជា​ការ​អនុវត្ត​ច្បាប់។ សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់អំណាច​រូប​នេះ បន្ត​ថា រយៈពេល​២៨​ឆ្នាំនេះ រដ្ឋាភិបាល​កម្ពុជា អនុវត្ត​តាម​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោទនភាព​បំផុត៖ «រយៈ​២៨​ឆ្នាំ​យើង​បាន​សន្តិភាព​ពេញលេញ​ហើយ ក្រោម​ម្លប់​ដ៏​ជាក់​របស់​ព្រះករុណា​ព្រះមហាក្សត្រ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ ដែល​បាន​មក​ពី​ស្មារតី​នៃ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ទី​២ គឺ​ឯករាជ្យភាព​អធិបតេយ្យភាព បូរណភាព​ទឹកដី​កម្ពុជា ត្រូវ​បាន​ពង្រឹង​ថែមទៀត តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក្នុង​ការ​បោះ​បង្គោល ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង»។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ក្រុម​សង្គម​ស៊ីវិល និង​អ្នកវិភាគ​មួយ​ចំនួន លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល លោក ហ៊ុន សែន អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ល្អ​មែន​នោះ គឺ​នឹង​មិន​ធ្វើ​ឱ្យ​ខ្មែរ​បែកបាក់​គ្នា​ជា​ក្រុមៗ និង​រើសអើង​គ្នា ព្រមទាំង​ការរិះគន់​ថ្កោលទោស​ពី​សហគមន៍​ជាតិ​-​និង​អន្តរជាតិ​ជុំ​ទិស ដូច​សព្វថ្ងៃ​នេះ នោះ​ទេ​។ លើស​ពី​នេះ​ទៀត ការ​បោះ​បង្គោល​ព្រំដែន​កន្លង​មក របប​ក្រុង​ភ្នំពេញ បាន​ធ្វើ​ឡើង​ដោយ​លាក់លៀម​បំផុត ធ្វើឡើង​ស្រេច​តែ​ចិត្ត​របស់​លោក ហ៊ុន សែន ម្នាក់ឯង គ្មាន​ការ​ឯកភាព​យល់ព្រម​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ប្រទេស​នោះ​ទេ ខណៈ​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន តែងតែ​ស្រែក​ទ្រហោ​យំ ពី​រឿង​បាត់បង់​ដី ដោយសារតែ​ការ​បោះ​បង្គោល​ព្រំដែន​នេះ។

ក្រុម​អ្នក​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើកឡើង​ថា របប​ក្រុងភ្នំពេញ គួរតែ​ទទួល ស្គាល់​ការពិត ហើយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​តម្កល់​ផល ប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្រោម​ការ​ឃ្លាំមើល​ពី​អាជ្ញាធរ"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ