រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន សែន រឿង​ទំនាក់ទំនង​និង​សេដ្ឋកិច្ច

ដោយ អាស៊ីសេរី
2020-08-23
RFA

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) (ឆ្វេង) ជួប​​មេដឹកនាំ​កម្ពុជា​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ២០២០។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) (ឆ្វេង) ជួប​​មេដឹកនាំ​កម្ពុជា​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា ២០២០។

 រូប​ព​ហ្វេសប៊ុក ហ៊ុន សែន


រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​កម្ពុជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ​នៅ​ថ្ងៃ​សៅរ៍​ទី​២២​នេះ​។ អ្នក​ទាំង​ពីរ​បាន ពិភាក្សា​លើ​ការ​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​វិស័យ​សេដ្ឋកិច្ច​បន្ថែម​ទៀត​។ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ យល់ថា ជំនួប​បិទទ្វារ​រវាង​ភាគី​ទាំងពីរ​នេះ អាច​មាន​ចំណុច រសើប​មួយ​ចំនួន មិន​ត្រូវ​បាន​គេ​បង្ហាញ​ជា​សាធារណៈ។

លោក ហ៊ុន សែន បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ក្រោយ​ជំនួប​ទ្វេ​ភាគី​នោះ​ថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) បាន​កោតសរសើរ​លោក​ថា ពូកែ​ទប់ស្កាត់​ជំងឺ​កូវីដ និង​ឈ្លាសវៃ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ទៅ​រក​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​។ លោក​បន្ត​ថា ក្នុង​ជំនួប​នោះ ជប៉ុន ក៏បាន​សន្យា ត្រៀម​ផ្ដល់​ថវិកា​បន្ថែម​ទៀត សម្រាប់​កម្ពុជា ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ និង​ស្នើសុំ​ឲ្យ​បើក​ដំណើរការ​ជើង​ហោះហើរ​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ទាំង​វិស័យ​ពាណិជ្ជកម្ម​ទាំង វិស័យ​សេដ្ឋកិច្ច ទាំង​វិស័យ​ធុរកិច្ច។

លោកនាយក​រដ្ឋមន្ត្រី ឆ្លើយតប​ថា លោក​ស្វាគមន៍​ចំពោះ​ការ​ជំរុញ​ឲ្យ​បើក​ដំណើរការ​ជើង​ហោះហើរ និង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ឡើងវិញ ក្រោយ​ធូរស្បើយ​ជំងឺ​កូវីដ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង ប្រទេស​ទាំងពីរ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​។ ក្នុង​រយៈពេល​ប្រមាណ ៩​ខែ នៃ​ឆ្នាំ​២០២០​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​- ជប៉ុន មាន​ជាង​៨​រយ (៨០០)​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​ប្រមាណ​៥​រយ​(៥០០) លាន​ដុល្លារ និង​នាំចូល មកវិញ​ប្រមាណ​៣​រយ (៣០០) លាន​ដុល្លារ។

នៅ​ក្នុង​ជំនួប​បិទទ្វារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​បង្ហាញ​ថា តើ​ភាគី​ជប៉ុន បាន​ជជែក​អំពី​វិបត្តិ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កំពុង​កើត​មាននៅ​កម្ពុជា និង​ជំហរ​កម្ពុជា នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ឡើយ។

ទោះ​យ៉ាងណា នៅមុន​ជំនួប​ជាមួយ​លោក ហ៊ុន សែន​នេះ រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​ផ្ញើ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថា ប្រទេស​ជប៉ុន នឹង​បន្ត​ផ្តល់ ការ​គាំទ្រ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា អាច​ដើរ​លើ​មាគ៌ា​សំដៅ​ទៅ​រក​ទិសដៅ​នៃ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​របស់​ខ្លួន ដោយ​បញ្ចូល​កម្លាំង​យុវជន​ជា​សសរទ្រូង​។ លើស​ពី​នេះ នៅ​ក្នុង​សេចក្ដី ប្រកាស​របស់​ក្រសួងការបរទេស​ជប៉ុន បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋមន្ត្រីការបរទេស ជប៉ុន​នឹង​ជជែក​ពី​កង្វល់ និង​ផលប្រយោជន៍​រួម​ទៅលើ​កិច្ច​សហប្រតិបត្តិការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង បើកចំហ និង​បញ្ហា​ក្នុង​តំបន់​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង​ជាដើម។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​អាច​មាន​កិច្ចការ​សំខាន់ៗ​ពិភាក្សា​គ្នា​ជាច្រើន​ចំណុច​លើស​ពី​អ្វី​ដែល​លោកនាយ​មន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ជា​សាធារណៈ​។ លោក​ជឿជាក់​ថា ចំណុច​ដែល​ភាគី​ទាំងពីរ បាន​ជជែក​គ្នា​ស៊ីជម្រៅ​នោះ គឺ ជំហរ​របស់​កម្ពុជា​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ខណៈ​កន្លងមក​អន្តរជាតិ មើល​ឃើញ​ថា កម្ពុជា​មាន ជំហរ​លម្អៀង​ទៅ​រក​មហាអំណាច​ចិន៖ «បញ្ហា​ដែល​គាត់​លើក​មក​និយាយ​គឺ​បញ្ហា ទី​១ ជំហរ​កម្ពុជា​នៅ​ក្នុង​តំបន់​ជាពិសេស​គឺ​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក គេ​ចង់​ឲ្យ​កម្ពុជា​រក្សា​ជំហរ​ចុងក្រោយ ដែល​កាលពី​ប្រជុំ​នៅ​ប្រទេស​វៀតណាម​ថ្មីៗ​នេះ គឺ ជំហរ​របស់​កម្ពុជា​ឈរ​នៅ​កណ្ដាល ខុស​ពី​កន្លងមក​ដែល​កម្ពុជា ប្រកាស​ថា ខ្លួនឯង​ថា អព្យាក្រឹត្យ តែ​ឥរិយាបថ​យើង​ហាក់​ដូចជា ឈរ​នៅ​ខាង ចិន​ជាង»។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ លើកឡើង​ដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ រដ្ឋមន្ត្រីការបរទេស​ជប៉ុន ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដូច្នេះ​ប្រហែលជា មិន​មាន​ការ​លើកឡើង​ស៊ីជម្រៅ​អំពី​បញ្ហា​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​តាម​ការ​អំពាវនាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ស្នើ​លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Motegi Toshimitsu) លើកឡើង​ត្រង់ៗ​ទៅ​រដ្ឋាភិបាល​កម្ពុជា អំពី​ក្ដី​បារម្ភ​ចំពោះ​ការ​យាយី ការ​បំភិតបំភ័យ ការ​ធ្វើ​ទុក្ខបុកម្នេញ ការ​វាយ​ដំ​រាងកាយ និង​ការ​ចាប់​ខ្លួន​តាម​ទំនើងចិត្ត​លើ​មេដឹកនាំ​សហជីព សកម្មជន​ដីធ្លី អ្នកការ​កា​ពារ​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន និង​អ្នកនយោបាយ​ប្រឆាំង​ជាដើម​។ អង្គការ​អន្តរជាតិ​មួយ​នេះ លើកឡើង​ថា រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន គួរតែ​ប្រើ​ដំណើរ​នេះ​បង្ហាញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បាន​យល់​ដឹង​ថា ជំនួយ​ហិរញ្ញវត្ថុ និង​អភិវឌ្ឍន៍​របស់​ប្រទេស​ជប៉ុន​ចាំបាច់​ត្រូវតែ​ដើរ​ទន្ទឹម​ជាមួយ​ការ​ប្តេជ្ញាចិត្ត និង​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​។ លោក ឯម សុវណ្ណារ៉ា កត់សម្គាល់​ឃើញ​ថា ជំហរ​របស់​ជប៉ុន​ក្នុង​ពេលនេះ គឺ​ហាក់​ដូចជា គាំទ្រ​រដ្ឋាភិបាល​ឡើង​វិញ ផ្ទុយ​ពី​ជំហរ​ក្រោយពេល​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨​ភ្លាមៗ ដែល​កាលនោះ ជំហរ​ជប៉ុន សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​សន្លឹកឆ្នោត​មិន​បាន​ការ​ច្រើន​។ លោក ឯម សុវណ្ណារ៉ា ជឿ​ថា ជំហរ​របស់​ជប៉ុន​បែបនេះ គឺ​មិន​អាច​ជួយ​ជំរុញ​ឲ្យ​មានការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​បានទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន សែន រឿង​ទំនាក់ទំនង​និង​សេដ្ឋកិច្ច"

  1. Anonymous says:

    do not lying to us we know what JAPAN said to you .. if he saying in diplomacy’s word we will support democracy in Cambodia . what is that mean please answer my question AH CHESSTU in Cambodia . there is a lot of mean that the person like HUN SEN never understanding to it. please do not translated this word to suit you dump ideological idea that is so shameful to the nation. I hated to tell all those representative of all those world leader that they have to speak the simple word or used gangster word to them to them understood the real meaning that you wanted to say to them.

  2. Anonymous says:

    look at this animal face he is so proud to be the dump leader in the whole world in this century