បទវិភាគ
លោក ពៅ មេត្តា |២៥ សីហា ២០២០ |ម៉ោង ១០:១៣
VOD

បុរសពីរនាក់ជិះម៉ូតូកាត់មុខតុលាការកំពូល រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ពៅ មេត្តា)
យុត្តិធម៌និងសន្តិភាពមានការជជែកគ្នាច្រើននៅកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ ដោយក្រុមខ្លះថា សន្តិភាពសំខាន់ជាងយុត្តិធម៌ ខ្លះថា យុត្តិធម៌សំខាន់ជាងសន្តិភាព ហើយក្រុមខ្លះទៀតថា យុត្តិធម៌និងសន្តិភាពមិនអាចខ្វះគ្នាបានទេ។
ក្រុមដែលផ្តោតខ្លាំងលើសន្តិភាពគឺក្រុមគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ដោយអះអាងថា បើគ្មានសន្តិភាព ប្រទេសមានសង្គ្រាម មានតែការកាប់សម្លាប់ដូចសម័យខ្មែរក្រហមនោះ មិនអាចនិយាយពីយុត្តិធម៌ឬសិទ្ធិមនុស្សបានទេ។
ចំណែកក្រុមមួយទៀត ក្រុមអង្គការសង្គមស៊ីវិលនិងគណបក្សមិនមែនរដ្ឋាភិបាល តែងលើកឡើងពីយុត្តិធម៌ ដោយអះអាងថា បើគ្មានយុត្តិធម៌នោះទេ គឺមិនអាចមានសន្តិភាពឬសន្តិភាពមិនអាចស្ថិតស្ថេរបានទេ គឺថា បើគ្មានយុត្តិធម៌នោះនាំឱ្យមានការឈឺចាប់ ហើយបើមានការឈឺចាប់ នឹងនាំឱ្យមានការតស៊ូប្រឆាំងឈានដល់កើតជម្លោះឬសង្គ្រាមមិនខានឡើយ។
បើទោះជាបក្សកាន់អំណាចលើកឡើងពីប្រយោជន៍ធំធេងឬថា «បើគ្មានសន្តិភាព ក៏គ្មានអ្វីៗដូចថ្ងៃនេះ» ក៏ដោយ ក៏ក្រុមនេះមិនដែលច្រានចោលថា យុត្តិធម៌មិនសំខាន់ដែរ គ្រាន់តែថា យុត្តិធម៌ ឬសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យនោះ កើតឡើងពីសន្តិភាព។ រហូតដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឱ្យសរសេរពាក្យ«អរគុណសន្តិភាព»នៅគ្រប់ទីកន្លែង មិនថាសាលារៀន មន្ទីរពេទ្យ អគាររដ្ឋ តាមដងផ្លូវសាធារណៈ ឬនៅតាមតុលាការនោះទេ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ថ្លែងកាលពីថ្ងៃទី១៩ ខែសីហាថា សន្តិភាពដែលកើតឡើងនៅកម្ពុជាបច្ចុប្បន្ននេះ បានមកដោយលំបាក ហើយលោកថា ទោះក្នុងតម្លៃណាក៏ត្រូវតែការពារសន្តិភាពឱ្យបាន។
ទោះយ៉ាងណា លោក ស ខេង មិនភ្លេចរំឭកមន្ត្រីរបស់លោករៀបចំប្រព័ន្ធយុត្តិធម៌ឱ្យបានល្អព្រោះលោកជឿថា យុត្តិធម៌ជាគ្រឹះនៃសន្តិភាពនិងស្ថិរភាព។
លោក ស ខេង៖ «ការកសាងប្រព័ន្ធយុត្តិធម៌ពីលើដល់ក្រោមគឺជាគ្រឹះដ៏សំខាន់ ដើម្បីឱ្យស្រុកទេសយើងមានស្ថិរភាព មានស្ថិរភាពយូរអង្វែង! ព្រោះពិសោធន៍លើសកលលោកនេះ វាអញ្ចឹង! មិនថាតែកម្ពុជាទេ អាឈ្លោះបាក់បែកគ្នាទៅជាសង្គ្រាមហ្នឹង វាមកពីអញ្ចឹង»។
ទាក់ទងជាមួយបញ្ហាយុត្តិធម៌នេះ លោក ស ខេង បញ្ជាក់ថា មិនមែនសំដៅតែរឿងជម្លោះប្តឹងផ្តល់នៅតុលាការនោះទេ លោកថា បញ្ហាពលរដ្ឋក្រីក្រ អត់ឃ្លាន ឬគ្រោះធម្មជាតិផ្សេងៗ ក៏លោកជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយ ដោយមិនប្រកាន់និន្នាការបក្សនយោបាយទេ គឺលោកហៅថា យុត្តិធម៌ក្នុងការរស់នៅក្នុងសង្គម។
លោក ស ខេង ក៏បានរំឭកប្រាប់មន្ត្រីកុំឱ្យយកគំរូតាមខ្មែរក្រហមដែលធ្វើបាបពលរដ្ឋ ហើយថា ជាលទ្ធផលក៏ទទួលផលអាក្រក់វិញ។
លោក ស ខេង៖ «ហើយបើធ្វើតាមរបៀប ប៉ុល ពត យើងដឹងទាំងអស់គ្នាហើយ គឺមិនខ្ចីស្តាប់ មិនខ្ចីរវល់ពីពលរដ្ឋ ហើយនាំគ្នាគិតតែពីកាប់សម្លាប់។ កាប់សម្លាប់ពលរដ្ឋអត់ដឹងខ្យល់អី អត់មានកំហុស រហូតដល់កាប់សម្លាប់គ្នាឯង [ថ្នាក់ដឹកនាំ]ដឹកនាំកំពូលហ្នឹង។ ចឹងបានគេហៅថា កម្មរបស់គាត់ ទីបំផុតត្រូវដួលរលំ ហើយបែកបាក់ខ្ទេចខ្ទីគ្មានសេសសល់ទេ»។
លោក ស ខេង ក៏បានរំឭកមន្ត្រីការពារកុំឱ្យមានការគាបសង្កត់យកដីធ្លីរបស់ពលរដ្ឋ ហើយបើមានជម្លោះដីធ្លីកើតឡើង ត្រូវយកចិត្តទុកដាក់ដោះស្រាយផ្តល់យុត្តិធម៌ជូនពលរដ្ឋ។ លោកបញ្ជាក់ថា ពលរដ្ឋដែលរងគ្រោះពីការគាបសង្កត់រំលោភយកដីធ្លី ចេញតវ៉ារកយុត្តិធម៌ជារឿងត្រឹមត្រូវ។
សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែលើកឡើងថា លោកប្តូរជីវិតដើម្បីបានសន្តិភាពជូនជាតិនោះ ក៏លើកឡើងថា លោកជាអ្នកដែលមានចិត្តអាណិតអាសូរដល់ពលរដ្ឋដែលជួបការលំបាកនិងជួយស្វែងរកដំណោះស្រាយ។
កាលពីថ្ងៃទី១៦ ខែសីហា លោក ហ៊ុន សែន លើកឡើងថា លោកអន្តរាគមន៍ទៅស្ថាប័នផ្តល់កម្ចីឱ្យអនុគ្រោះដល់ពលរដ្ឋដែលជំពាក់បំណុលក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩នេះ។
លោក ហ៊ុន សែន៖ «គ្មានអ្នកណាដែលមានចិត្តជ្រះថ្លាជាង ហ៊ុន សែន ទេ! ខ្ញុំអំពាវនាវឱ្យមីក្រូហិរញ្ញវត្ថុ ឱ្យធនាគារមានការយោគយល់ចំពោះអ្នកដែលជំពាក់ប្រាក់ ហើយបានឱ្យរៀបចំឥណទានឡើងវិញ រហូតដល់រាប់សិបម៉ឺនគ្រួសារឯណោះ»។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីមិនយោគយល់ដល់អ្នកដែលលោកចាត់ទុកថា ស្តាប់តាមអតីតមេដឹកនាំបក្សប្រឆាំងស្ថិតនៅក្រៅប្រទេសនោះទេ។ លោកចាត់ទុកថា ក្រុមនេះព្យាយាមធ្វើសកម្មភាពបង្កឱ្យមានបញ្ហានៅក្នុងសង្គមឬបំផ្លាញសន្តិភាពដែលបានមកដោយលំបាក។
លោកនាយករដ្ឋមន្ត្រីអំពាវនាវឱ្យស្ថាប័នផ្តល់កម្ចីរឹបអូសយកទ្រព្យសម្បត្តិ ផ្ទះសម្បែង ឬដីធ្លីអ្នកដែលកំពុងធ្វើសកម្មភាពតាមមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស ដែលលោកចាត់ទុកថា ជាក្រុមឧទ្ទាមនោះ។
លោក ហ៊ុន សែន៖ «លើកទឹកចិត្តឱ្យរឹបអូស ដោយសារតែអ្នកឯងខូច ដូច្នេះលទ្ធផលដែលអ្នកឯងខូចទទួលបានមកវិញ គឺការរឹបអូសដីធ្លីនិងផ្ទះសម្បែង។ ប៉ុន្តែអ្នកស្លូតត្រង់ត្រូវទទួលបានការយោគយល់ពីធនាគារនិងមីក្រូហិរញ្ញវត្ថុ។ ប្រាប់អ្នកឯងឱ្យដឹង ភ្លឺភ្នែកសារជាថ្មីម្តងទៀត! កុំរួចហើយមកធ្វើបាតុកម្ម មើលមុខអាបាតុកម្មហ្នឹង អាចូលរួមធ្វើបាតុកម្ម អាហ្នឹងមានជំពាក់ធនាគារឬអត់? បើមានជំពាក់ធនាគារ គឺធនាគារហ្នឹងគាត់រឹបទៅ មីក្រូហ្នឹងគាត់រឹបទៅ ឱ្យហ្អែងបន្ថែមតែហ្មងទៅ»។
និយាយពីក្រុមអ្នកតវ៉ាឬបាតុកម្ម បច្ចុប្បន្នមានទាំងក្រុមតូច ក្រុមធំ ពេលខ្លះដើរជាក្បួន ពេលខ្លះ បិទផ្លូវ ហើយក៏មានផ្ទុះហិង្សាឬមានការបង្ក្រាបពីសមត្ថកិច្ចដែរ។ ក្រុមតវ៉ាទាំងនោះមានដូចជា ពលរដ្ឋអះអាងថា រងការរំលោភបំពានដីធ្លីពីអ្នកមានប្រាក់មានអំណាច ក្រុមកម្មកររោងចក្រអះអាងថា ថៅកែមិនបើកប្រាក់ឈ្នួលឱ្យ ឬ ក្រុមសកម្មជនបរិស្ថាននិងអ្នកប្រឆាំងការបោះបង្គោលព្រំដែនជាមួយវៀតណាម ជាដើម។
មិនមែនតែនៅកម្ពុជាទេដែលជជែកវែកញែកពីយុត្តិធម៌និងសន្តិភាពនេះ អ្នកប្រាជ្ញនិងមេដឹកនាំល្បីៗលើពិភពលោក ទាំងបច្ចុប្បន្ននិងកាលពីអតីតកាល ក៏បានជជែកពីបញ្ហានេះដែរ។
មេដឹកនាំទាមទារសិទ្ធិសេរីភាពមួយរូបនៅអាមេរិក លោក Martin Luther King Jr លើកឡើងថា៖ «សង្គមមានសន្តិភាពពិតប្រាកដ មិនមែនគ្រាន់តែមិនមានសង្គ្រាមឬជម្លោះនោះទេ គឺវាត្រូវតែមានយុត្តិធម៌នៅក្នុងសង្គមនោះ»។
អ្នកទស្សនវិជ្ជាជនជាតិអាល្លឺម៉ង់ លោក Martin Luther លើកឡើងថា៖ «សន្តិភាពមានសារៈសំខាន់ជាងយុត្តិធម៌ ហើយសន្តិភាពមិនធ្វើឱ្យមានប្រយោជន៍សម្រាប់យុត្តិធម៌ទេ ប៉ុន្តែយុត្តិធម៌អាចនាំឱ្យមានប្រយោជន៍សម្រាប់សន្តិភាព»។
ចំពោះសម្តេច Pope Paul VI លើកឡើងថា «បើសិនជាអ្នកចង់បានសន្តិភាព នោះអ្នកត្រូវធ្វើកិច្ចការដើម្បីជំរុញឱ្យមានយុត្តិធម៌ជាមុនសិន»៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
អ្នករាយការណ៍សិទ្ធិមនុស្ស វាយតម្លៃខ្ពស់ជាវិជ្ជមាន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាសិទ្ធិមនុស្ស និងកត្តារួមផ្សំមួយចំនួន
(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាគ្នាតាមរយៈវីដេអូជាមួយ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិកម្ពុជា, លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលដែលបង្ហាញដោយ គ.ស.ម.ក និងអន្តរក្រសួងទៅលើប្រធានបទនីមួយៗ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ សេរីភាពនៃការបញ្ចេញមតិ ក៏ដូជាការត្រួតពិនិត្យលើលិខិតបទដ្ឋានគតិយុត្ត និងវឌ្ឍនភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងលោកស្រី រ៉ូណា ស្មីត រវាងមេសិទ្ធិមនុស្សកម្ពុជា និងអន្តរក្រសួងតាមរយៈប្រព័ន្ធវីដេអូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ក៏បានលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងជាមួយនឹងលទ្ធផលជាវិជ្ជមាននេះជាបន្តទៀត។ ទន្ទឹមនឹងនេះ លោកស្រី រ៉ូណា ស្មីត ក៏បានបង្ហាញពីក្ដីកង្វល់ និងផ្តល់ជាអនុសាសន៍មួយចំនួនផងដែរ ដែលសុទ្ធតែជាអ្វីដែលរដ្ឋាភិបាលបាន និងកំពុងអនុវត្ត ដូចខាងក្រោម៖
* ការទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
* ការរៀបចំ និងការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ មានដូចជា ក្រមព្រហ្មទណ្ឌ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្ស ជាតិជាដើម។
លោកស្រីក៏បានបញ្ជាក់ផងដែរថា លោកស្រីរីកវាយនឹងចូលរួមផ្តល់យោបល់លើការរៀបចំ និងវិសោធនកម្មច្បាប់ សេចក្ដីព្រាងច្បាប់ទាំងនោះ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកផ្តល់នូវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយតាមប្រធានបទដែល លោកស្រី រ៉ូណា ស្មីត បានលើកឡើងដូចខាងក្រោម៖
ទី១៖ ការងាសិទ្ធិមនុស្ស និងយន្តការនៃការស៊ើបអង្កេតដោះស្រាយ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស៖ គ.ស.ម.ក. បានធ្វើបទបង្ហាញជូន លោកស្រី រ៉ូណា ស៊ុត នូវវឌ្ឍនភាពនៃការងាររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ដូចខាងក្រោម៖
* ឯកសារគោលរួមសម្រាប់របាយការណ៍នីមួយៗ (Commes Core Document) ក្រុមការងារបានធ្វើបច្ចុប្បន្នភាព និងបញ្ចប់រួចហើយ ដោយរង់ចាំការពិនិត្យសម្រេចចុងក្រោយពីអន្តរក្រសួងពាក់ព័ន្ធរួចនឹងបញ្ជូនទៅ អ.ស.ប តែម្តង។
* របាយការណ៍សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ៖ បានដាក់ជូនគណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប នៅខែមេសា ឆ្នាំ២០១៩ ហើយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងដឹកក្រុមការងារអន្តរក្រសួង ទៅការពាររបាយការណ៍នេះ នៅចំពោះមុខគណៈកម្មាធិការសិទ្ធិមនុស្ស អ.ស.ប នៅខែមីនា ឆ្នាំ២០២១។
* របាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៖ បានបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ជូនបន្តទៅ អ.ស.ប. កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។
* របាយការណ៍ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ បានបញ្ជូនទៅ អ.ស.ប ឆ្នាំ២០១៧ និងបានទៅការពារ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
* របាយការណ៍ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ៖ ក្រុមការងារផ្ទៃក្នុង បានបញ្ចប់នូវសេចក្ដីព្រាងដំបូង និងត្រៀមដាក់ ពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ។
* របាយការណ៍ពិនិត្យជាសកលតាមកាលកំណត់ UPR បានធ្វើការផ្សព្វផ្សាយអនុសាសន៍ ដែលបានទទួលយកដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្ត និងគ្រោងរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យការអនុវត្តអនុសាសន៍ទាំងនោះក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយស្ថានភាពកូវីដ-១៩ធូរស្រាល។
* ចំពោះរបាយការណ៍សិទ្ធិមនុស្ស ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នដទៃទៀត គ.ស.ម.ក. បានធ្វើការទាក់ទង និងសម្របសម្រួលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នទាំងនោះ ដើម្បីបញ្ចប់ឱ្យបានទាន់ពេល។
គ.ស.ម.ក. តែងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវជាប្រចាំ និងត្រួតពិនិត្យករណីរំលោភសិទ្ធិមនុស្សនៅតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែ កន្លែងឃុំឃាំង និងមណ្ឌលស្តារនីតិសម្បទា ដោយសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងអង្គការសង្គមស៊ីវិល ដើម្បីជំរុញឱ្យមានការដោះស្រាយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។
គ.ស.ម.ក. ក៏បានបង្ហាញនូវលទ្ធផលនៃការដោះស្រាយប្រកបដោយភាពជោគជ័យនៃករណីរលោភសិទ្ធិមនុស្សមួយចំនួន ជាឧទាហរណ៍ជាក់ស្តែង នៅដើមឆ្នាំ២០២០នេះ ជនដៃដល់ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីទទួលខុសត្រូវតាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹងយន្តការនៃការទទួល និងដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ គណៈកម្មាធិការសិទ្ធិមនុស្ស មានក្រុមការងារចុះស៊ើបអង្កេតផ្ទាល់ដល់ទីកន្លែង ហើយក៏មានការចូលរួមផងដែរពីក្រុមអ្នកច្បាប់ និងមេធាវីស្ម័គ្រចិត្ត ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដល់ពលរដ្ឋ រួមមាន ការប្រឹក្សាច្បាប់ ការសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ និងការការពារក្ដីនៅសវនាការ។
ទី២៖ វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹង ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញជាវិធានការបង្ការ និងទប់ស្កាត់ការចម្លងដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់បង្ការជាសាធារណៈ ការគ្រប់គ្រង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយមិនគិតពីជាតិសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនក្រីក្រ និងជនងាយរងគ្រោះ។ សិទ្ធិរស់រានមានជីវិតត្រូវបានផ្តល់ជាអាទិភាព សិទ្ធិទទួលបានព័ត៌មាន តាមរយៈនៃការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ ហើយវាជរដ្ឋាភិបាលបានបញ្ចេញនូវកញ្ចប់ថវិកាជូនប្រជាពលរដ្ឋក្រីក្រដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលកូវីដ-១៩ ដែលជាការធានា ដល់សិទ្ធិផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
ទី៣៖ សេរីភាពនៃការបញ្ចេញមតិ ការជួបជុំ និងសមាគម៖ កម្ពុជាគោរពនូវសេរីភាព នៃការបញ្ចេញមតិ និងមិនមានការរឹតដ្បិតសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងការជួបជុំទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលបញ្ចេញមតិ និងជួបជុំដោយបំពានច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់តែប៉ុណ្ណោះ។
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានក្រុមការងារបច្ចេកទេសបានបញ្ចប់រួចរាល់ហើយ នឹងដាក់ជូនគណៈរដ្ឋមន្ត្រីអនុម័តក្នុងពេលឆាប់ៗនេះ។
ពាក់ព័ន្ធនឹងលំហរសង្គមស៊ីវិល រាជរដ្ឋាភិបាលបានបង្កើតក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពរ របស់អង្គការសង្គមស៊ីវិល។ រាជរដ្ឋាភិបាលបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងជាយថាហេតុ។ យន្តការក្រុមការងារ របស់រាជរដ្ឋាភិបាលបង្កើតឡើង ដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់អង្គការសង្គម ស៊ីវិល ហើយក្រសួងមហាផ្ទៃ បានពិនិត្យឃើញជារួមថាការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិល នៅតាមមូលដ្ឋានមានភាពល្អប្រសើរ ជាធម្មតាដោយ មិនមានការរឹតដ្បិតឡើយ។
ក្រុមការងារក៏បាននឹងកំពុងធ្វើការពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល អំពីការធ្វើវិសោធនកម្មច្បាប់ស្ដីពី ការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
និងទី៤៖ ការត្រួតពិនិត្យលើលិខិតបទដ្ឋានគតិយុត្ត និងវឌ្ឍនភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌៖ ក្រសួងយុត្តិធម៌ កំពុងធ្វើការត្រួតពិនិត្យឡើងវិញ នូវបទដ្ឋានគតិយុត្តដែលកំពុងអនុវត្ត និងរៀបចំបទដ្ឋានគតិយុត្តថ្មីមួយចំនួន ដែលមានសារៈសំខាន់ក្នុងវិស័យយុត្តិធម៌ ដើម្បីឱ្យស្របតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងឆ្លើយតបតាមបរិបទសង្គមរបស់កម្ពុជា និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
ក្រសួងយុត្តិធម៌ ក៏បានបង្ហាញនូវយន្តការនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ក្នុងគោលដៅបង្កើនប្រសិទ្ធភាព នៃសេវាយុត្តិធម៌ បង្កើនសមត្ថភាពរបស់តុលាការ ក្នុងការដោះស្រាយសំណុំរឿងក្ដី បានឆាប់រហ័យ ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ និងរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ៕