សំណុំ​រឿង​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​ជាង​១០០​នាក់​ ​តុលាការ​​លើក​​ទៅ​​សួរ​ដេញ​ដោល​​បន្ត​​នៅ​ដើម​​ឆ្នាំ​ក្រោយ​

តុលាការ និងច្បាប់ | នយោបាយ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ញឹម សុខន | ២៦ វិច្ឆិកា ២០២០ |ម៉ោង ១៧:២៩
VOD

ក្រុម​អ្នកគាំទ្រ សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត នៅ​រង់ចាំ​ពីមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ក្រុម​អ្នកគាំទ្រ សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត នៅ​រង់ចាំ​ពីមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)


​សំណុំរឿង​ចោទប្រកាន់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ជាង១០០នាក់​ ថា​បាន ​«រួមគំនិតក្បត់» និង​បទ​ចោទ​មួយចំនួន​ទៀត ត្រូវលើ​កយក​ទៅ​សួរដេញដោល​ជាថ្មី​ទៀតនៅដើម​ឆ្នាំ២០២១ បន្ទាប់ពី​តុលាការ​សាកសួរ​ជនជាប់ចោទ​មួយចំនួន នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង មានប្រសាសន៍​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្រោយពី​បាន​បើក​សវនា​ការ​ពេញ​មួយ​ព្រឹក ក្រុមប្រឹក្សា​ជំនុំជម្រះបានសម្រេច​បង្រួម​សំណុំរឿង​ចំនួន៤ របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង ទៅជា២សំណុំរឿង​វិញ។

លោក​ថា៖ «សំណុំរឿង​ទី១ គ្រោង​បន្ត​សវនា​ការនៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលា​ព្រឹក ហើយ​សំណុំរឿង​ទី២ នឹង​បន្ត​សវនាការ​នៅ​ថ្ងៃទី៤ ខែ​មីនា ឆ្នាំ២០២១ ព្រឹក​ដូចគ្នា ហើយ​បញ្ជាក់​បន្ថែម​ថា ព្រឹក​មិញ​ជនជាប់ចោទ​ចំនួន៣៤រូប បាន​ចូល​សវនា​ការ»។

តែ​យ៉ាងណា លោក​មិនបាន​បញ្ជាក់​ថា តើ​សំណុំរឿង​ណាខ្លះ​ដាក់បញ្ចូល​គ្នាជា​សំណុំរឿង​ទី១ និង​សំណុំរឿង​ទី២នោះ​ទេ។

មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុម​មន្ត្រីនិង​សកម្មជន​អតីត​គណបក្ស​ប្រឆាំង លោក សំ សុ​គង់ មិន​អាច​ទាក់ទង​បានទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ប៉ុន្តែ​កន្លងទៅ លោក​ធ្លាប់​ប្រាប់​វី​អូ​ឌី​ថា ដីកាកោះ​ចំនួន៤ដែល​តុលាការ​ចោទប្រកាន់​កូន​ក្តី​របស់​លោក​ជិត១៥០នាក់​នោះ មាន​បទ​ចោទ​ដូចជា ចូលរួម​គំនិត​ក្បត់ ញុះញង់​ឱ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍ បទ​ឧបឃាត«ក្បត់ជាតិ» និង​បទ​ញុះញង់​ឱ្យ​យោធា​មិន​ស្តាប់​បង្គាប់។

សង្គម​ស៊ីវិល ក្រុម​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត នៅ​រង់ចាំ​ពីមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

អ្នក​រង​ការចោទប្រកាន់​មួយចំនួនដែល​តុលាការ​ហៅថា​ជា​ជនជាប់ចោទ បាន​បង្ហាញ​ការ​ខកចិត្ត បន្ទាប់ពី​ចេញពី​បន្ទប់​សវនា​ការ នៅ​ព្រឹកមិញ​នេះ។

កញ្ញា សេង ធារី ជា​ស្ថាបនិក​អង្គការ​ផ្នែក​តស៊ូ​មតិ និង​ជា​បុគ្គល​មួយ​រូប​ដែល​ត្រូវ​បាន​តុលាការ​កោះហៅ​នៅ​ថ្ងៃនេះ មានប្រសាសន៍​ថា ការចោទប្រកាន់​ទៅលើ​កញ្ញា មិន​មាន​មូលដ្ឋាន​ច្បាប់​ទេ។

កញ្ញា​ចាត់ទុក​ការចោទប្រកាន់​នេះថា​ ជា​ចេតនា​នយោបាយ​ដែល​រដ្ឋាភិបាល​ប្រើ​ប្រព័ន្ធ​យុត្តិធម៌​ធ្វើជា​ឧបករណ៍​នយោបាយ ដែល​មជ្ឈដ្ឋាន​ជាតិនិង​អន្តរជាតិបានដឹង​យូរ​មក​ហើយ។

កញ្ញា សេង ធារី ជា​ស្ថាបនិក​អង្គការ​ផ្នែក​តស៊ូ​មតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ក្រោយ​ចេញពី​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

កញ្ញា​ថា៖ «យើង​ទាំងអស់​ដឹង​ហើយ ដែល​អ្នកនយោបាយ​បាន​ប្រើ​តួអង្គ​តុលាការ​ ចៅក្រម​ ព្រះរាជអាជ្ញា ​[…] យើង​ទាំងអស់គ្នា​យល់​ហើយ​ថា រឿង​នេះ​គ្មាន​មូលដ្ឋាន​ច្បាប់​ទេ ហើយ​អ្វី​ដែលគេ​ចោទប្រកាន់​ខ្ញុំ​ថា​ក្បត់ជាតិ បើ​អ៊ីចឹង​ងាយ​យល់​ណាស់ ​គឺជា​ឆាកនយោបាយ ​ជា​ល្ខោន​នយោបាយ»។

អតីត​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង លោក ថាច់ សេដ្ឋា ដែល​ត្រូវ​បាន​កោះហៅ​ចូល​សវនា​ការ​ដែរ​នោះ មានប្រសាសន៍​ថា លោក​ជា​តួអង្គ​មួយ​រូប​ដែល​បាន​ចូលរួម​តស៊ូ​មតិ​ប្រឆាំង​នឹង​ប្រទេសជិតខាង ដើម្បី​ការពារ​ជាតិនិង​ទឹកដី តែ​បែ​ជា​រង​ការ​ចោទ​ថា​ បាន​ចូលរួម​គំនិត​ក្បត់​នឹងជា​តិ​របស់​ខ្លួន​ទៅវិញ។

អតីត​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង លោក ថាច់ សេដ្ឋា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ក្រោយ​ចេញពី​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

លោក​ថា៖ «ខ្ញុំ​មានកំណើត​ខ្មែរ​កម្ពុជាក្រោម ខ្ញុំ​នៅ​ក្បែរ​យួន ​នៅជា​មួយ​យួន ​តស៊ូ​ជាមួយ​យួន តែបើ​យើង​មានគំនិត​ក្បត់ មិនបាច់​មកដល់​[ទឹកដី​]ខ្មែរ​ហើយ​ក្បត់ជាតិ​ខ្លួនឯង​ទេ គ្រាន់តែ​ចូល​ជាមួយ​យួន ​ក្បត់ជាតិ​ខ្លួនឯង​ទៅ​បាត់​ហើយ»។

អ្នកចូលរួម​សវនាការ​ម្នាក់ទៀត គឺ​លោក សារ៉ូ ស៊ី​វុឌ្ឍី និយាយ​ថា រដ្ឋាភិបាល អំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៩ បាន​អំពាវនាវមិន​យកទោស​ពៃរ៍​ដល់​អតីត​សកម្មជន​បក្ស​ប្រឆាំង រហូត​មាន​សកម្មជន​ខ្លះត្រូវ​បាន​តុលាការ​ដោះលែងពី​មណ្ឌល​ឃុំឃាំង​បណ្តោះអាសន្ន។ ប៉ុន្តែ​លោក​ថា ពេលនេះ​បែរជា​ចោទ​ពួក​គាត់ថា​បាន​ចូលរួម​គំនិត​ក្បត់ ខណៈ​គាត់​មិនបាន​ធ្វើស​កម្ម​ភាព​អ្វី​សោះ ក្រោយពី​នាយក​រដ្ឋមន្ត្រី​ប្រកាស​នោះ។

លោក​ថា៖ «ខ្ញុំ​យល់ថា សំណុំរឿង​ខ្លះ ​វា​មាន​ចេតនា​ជា​រឿង​នយោបាយ​ច្រើនជាង បើ​រឿង​នយោបាយ​ធូរ​ វា​ធូរ បើ​រឿង​នយោបាយ​វា​តឹង វា​នឹង​មាន​បញ្ហា​តឹង​ដល់​ពួក​យើងខ្ញុំ​ទៀត សូម្បីតែ​ខ្ញុំ​មិន​ធ្វើ​អី​ ក៏​ត្រូវ​បាន​គេ​ចោទ​ដែរ»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ថា ជា​ធម្មតា ជនជាប់ចោទ​តែងតែ​លើកឡើង​បែបនេះ​ដើម្បី​ការពារ​ខ្លួន ប៉ុន្តែ​លោក​ថា ជា​នីតិវិធី​ច្បាប់ អ្វី​ៗផ្អែក​ទៅលើ​អង្គហេតុ អង្គច្បាប់ និង​ភស្តុតាង​ដែល​ជា​សក្ខីកម្ម​ដែល​មាន​ជាធរមាន។

លោក​ថា៖ «អ៊ីចឹង​គាត់ ​[ជនជាប់ចោទ​] គាត់​ត្រូវ​រក​ភស្តុតាង​ឱ្យ​បាន​រឹងមាំ​តាមផ្លូវ​ច្បាប់ ​ដើម្បី​ដោះបន្ទុក អ្វី​ដែល​គាត់​លើកឡើង​នេះ មិនមែន​ជា​មូលដ្ឋាន​ផ្លូវច្បាប់ ដើម្បី​ដោះបន្ទុក​នោះ​ទេ»។

យ៉ាងណា អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា ស្មី​ត កាលពី​ថ្ងៃពុធ​ម្សិលមិញ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​នៅ​បណ្តាញ​សង្គម​របស់​លោកស្រី ជុំវិញ​ការ​ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​ទ្រង់ទ្រាយធំ ដែល​មាន​សកម្មជន​អតីត​បក្ស​ប្រឆាំង​ជាង១០០នាក់​ជាប់ពាក់ព័ន្ធ​នេះ។

លោកស្រី​គូសបញ្ជាក់​ថា៖ «ការ​ជំនុំជម្រះ​ក្តី​ទ្រង់ទ្រាយ​ធំ​ទៅលើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទំនងជា​កើត​ចេញពី​ហេតុផល​នយោបាយ ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ និង​ជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​នីតិវិធី​ត្រឹមត្រូវ ដែល​បាន​បង្កើត​ឡើង​យ៉ាង​រឹងមាំដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ»។

ទោះ​យ៉ាងណា ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា នៅ​ទីក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ច្រាល​ចោលការ​លើកឡើង​របស់​លោកស្រី រ៉ូ​ណា ស្មី​ត ជុំវិញ​ករណីនេះ និង​បាន​ទាមទារ​ឱ្យ​អ្នករាយការណ៍​ពិសេសរបស់​អង្គការសហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រូប​នេះ គោរព​ការងារនិង​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ​កម្ពុជា​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "សំណុំ​រឿង​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​ជាង​១០០​នាក់​ ​តុលាការ​​លើក​​ទៅ​​សួរ​ដេញ​ដោល​​បន្ត​​នៅ​ដើម​​ឆ្នាំ​ក្រោយ​"

  1. so socheath says:

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាមទារឱ្យ លោកស្រីរ៉ូណា ស្មីត Rhona Smith អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។
    តាមសេចក្តីថ្លែងការណ៍ដែល ទទួលបាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានបេសកកម្ម
    អចិន្ត្រៃយ៍កម្ពុជា បានបដិសេធទាំងស្រុងចំពោះការចេញផ្សាយព័ត៌មាន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់លោកស្រីរ៉ូណា ស្មីត Rhona Smith ដែលបានលើកឡើងថា ការបើកសវនការលើអតីតក្រុមប្រឆាំងរយៈពេលប៉ុន្មានថ្ងៃនេះ គឺទំនងជាធ្វើឡើងក្នុងហេតុផលនយោបាយ។
    «ទស្សនៈផ្ទាល់ខ្លួនរបស់បុគ្គលដែលអះអាងថាជាអ្នកជំនាញ ប៉ុន្តែមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ គឺជាការលើកឡើងដែលសម្រាំងយកតែផ្នែកខ្លះ និងបកស្រាយដោយមួលបង្កាច់ មិនផ្អែកលើការពិត។ មានឧទាហរណ៍ អំពីករណីមន្ត្រីគណបក្សកាន់អំណាចជាច្រើន ដែលបានប្រព្រឹត្តខុស ហើយត្រូវបានយកមកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។ ការណ៍នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ការចូលរួមជាមួយគណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យ បុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ វាគឺជាយុត្តាធិការរបស់តុលាការនៅក្នុងការ កំណត់បទចោទ និងបន្តនីតិវិធី ដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុនិងអង្គច្បាប់។ ការធ្វើសេចក្ដីសន្និដ្ឋានថា ការបើកសវនាការជំនុំជម្រះលើបុគ្គលណាមួយធ្វើឡើងក្នុងហេតុផល នយោបាយនិងទម្រង់យុទ្ធសាស្ត្របំភិតបំភ័យចំពោះទស្សនៈផ្ទុយគ្នា គឺជាការនិយាយបំផ្លើសនិងជាការ ប្រមាថទាំងស្រុងលើស្ថាប័នតុលាការឯករាជ្យនៃរដ្ឋអធិបតេយ្យ»។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានពន្យល់ថា បទល្មើស «ឧបឃាត» និង «ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា៤៥១ និង មាត្រា៤៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានតាក់តែងឡើងដោយមានជំនួយពីអ្នកជំនាញផ្នែកច្បាប់មកពី ប្រទេសលោកខាងលិចផងដែរ។ ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ ព្រមទាំងមានសិទ្ធិរកមេធាវីការពារ ដើម្បីបង្ហាញ ទឡ្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក នៅក្នុងប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវ ការជំនុំជម្រះត្រឹមត្រូវ ធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ជនជាប់ចោទក៏បានត្រូវគេផ្តល់មេធាវី ការពារសិទ្ធិដោយមិនយកកម្រៃ ប៉ុន្តែពួកគាត់បានសម្រេចយកមេធាវីការពារ តាមជម្រើសផ្ទាល់ខ្លួនវិញ។
    កម្ពុជាបញ្ជាក់ទៀតថា ដំណើរការនីតិវិធីរបស់តុលាការចំពោះជនជាប់ចោទ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដោយផ្អែកទៅលើ បទល្មើសដែលបានចោទប្រកាន់ស្របតាមច្បាប់ ហើយក៏មិនបានពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនិងជួបជុំដោយសន្តិវិធីនោះឡើយ។ បើគេចាត់ទុកការអនុវត្តច្បាប់គឺជាការរឹតត្បិត សេរីភាព នោះគឺជាការបន្ទាបតម្លៃនៃគោលការណ៍នីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានទទូចថា អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពនៃ ប្រព័ន្ធតុលាការជាតិ ដែលក្នុងចំណោមនោះ មិនត្រូវធ្វើការវិនិច្ឆ័យជាមុន ឬធ្វើអ្វីដែលជះឥទ្ធិពលលើ លទ្ធផលនៃសំណុំរឿងពាក់ព័ន្ធនឹងបុគ្គលដែលកំពុងរង់ចាំសវនានោះឡើយ។ ការយកចិត្តទុកដាក់ ប្រកបដោយការប្រុងប្រយ័ត្ន និងគោរពនីតិវិធីតុលាការខាងលើ ព្រមជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកទទួលអាណត្តិនីតិវិធីពិសេស ដែលបានគូសបញ្ជាក់អំពីសារឮសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នឹងជួយឱ្យរដ្ឋទូទៅទាំងអស់ និងកម្ពុជា ជាពិសេស បន្តរក្សានូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការពិតប្រាកដ ជាមួយ អ្នករាយការណ៍ពិសេស៕

  2. so socheath says:

    ហាស ! ហាស
    មិនបង្អាប់ទេ ទូតស៊ុយអែតហ្នឹងនោះ ។ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ​ ?
    ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
    ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
    ដូចនេះនៅឬទៅ ​វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
    (បង្វែរ​ជំនួយ​ជាង​២០​លាន​ដុល្លារអាមេរិក​ពី​ការ​ជួយ​រដ្ឋាភិបាល​កម្ពុជា មកជួយ​
    អង្គការ​សង្គម​ស៊ីវិល​​ នេះជា សម្តីនាង ​ចក់ សុភាព ​នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ។
    (អង្គការ​សង្គម​ស៊ីវិល​​ការពារចោរ)