នយោបាយ
01 មិថុនា 2021
វីអូអេខ្មែរ
វីអូអេខ្មែរ
វ៉ាស៊ីនតោន — លោកស្រីអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានសម្តែងក្តីព្រួយបារម្ភពីវត្តមានយោធាចិននៅកម្ពុជា និងបានស្នើឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជារក្សាជំហរឯករាជ្យដើម្បីផលប្រយោជន៍ពលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានលើកឡើងពីក្តីព្រួយបារម្ភនេះក្នុងជំនួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃចន្ទ។
សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃចន្ទបានបញ្ជាក់ថា៖
«លោកស្រី Sherman អនុរដ្ឋមន្ត្រីការបរទេស បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីវត្តមានយោធានិងការសាងសង់អគាររបស់ចិននៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមដែលនៅក្នុងឈូងសមុទ្រថៃ»។
លោកស្រី Sherman ក៏បានស្នើឲ្យកម្ពុជាពន្យល់ពីការវាយចោលអគារចំនួន២ដែលសហរដ្ឋអាមេរិកផ្តល់ថវិកាសាងសង់ក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ដោយចាត់ទុកថាទង្វើនេះនឹងធ្វើឲ្យខូចខាតអធិបតេយ្យភាពកម្ពុជា គំរាមកំហែងដល់សន្តិសុខតំបន់ និងមានផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងអាមេរិកនិងកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមទៀតថា៖ «លោកស្រីអនុរដ្ឋមន្ត្រីបានទទូចឲ្យថ្នាក់ដឹកនាំកម្ពុជារក្សាគោលនយោបាយការបរទេសឯករាជ្យ និងរក្សាតុល្យភាព ដើម្បីផលប្រយោជន៍ដ៏ល្អបំផុតរបស់ពលរដ្ឋកម្ពុជា»។
ប្រតិភូជាន់ខ្ពស់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលដឹកនាំ ដោយលោកស្រី Sherman បានទៅដល់ប្រទេសកម្ពុជានៅថ្ងៃចន្ទ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលដែលស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងដោយមានការចោទប្រកាន់តាមផ្លូវតុលាការលើសកម្មជនសហជីព និងអ្នកនយោបាយគណបក្សប្រឆាំងក្នុងនោះមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនិងបានបង្ខំឲ្យថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សរស់នៅនិរទេសខ្លួនក្រៅប្រទេស។
ក្នុងជំនួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែន លោកស្រី Sherman ក៏បានសង្កត់ធ្ងន់លើ សារៈសំខាន់នៃសិទ្ធិមនុស្សនិងការការពារសេរីភាពជាមូលដ្ឋាននៃទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា៖
«លោកស្រីបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្សក្នុងប្រទេសនិងអន្តរជាតិនិងធានាដល់ការការពារសិទ្ធិកម្មករ។ លោកស្រីក៏បានអំពាវនាវដល់អាជ្ញាធរឲ្យទម្លាក់ចោលការចោទប្រកាន់ដែលមានលក្ខណៈនយោបាយប្រឆាំងនឹងអ្នកនយោបាយប្រឆាំង អ្នកសារព័ត៌មាននិងសកម្មជននានា»។
លោកស្រី Sherman ក៏បានជំរុញរដ្ឋាភិបាលកម្ពុជាឲ្យបើកចំហរលំហនយោបាយនិងសង្គមស៊ីវិលនៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២និងការបោះឆ្នោតជាតិឆ្នាំ២០២៣។
លោកស្រី Sherman ក៏បានជួបនឹងតំណាងអង្គការសង្គមស៊ីវិល និងលោក កឹម សុខា ផងដែរដោយផ្តោតលើអនាគតប្រទេសកម្ពុជាប្រកបដោយសន្តិភាព ចម្រុងចម្រើន អធិបតេយ្យនិងប្រជាធិបតេយ្យ។
លោកស្រីអនុរដ្ឋមន្ត្រីក៏បានធានាដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីចេតនារបស់សហរដ្ឋអាមេរិកក្នុងការធ្វើការជាមួយនឹងប្រទេសកម្ពុជាក្នុងឋានៈជាប្រធានប្តូរវេនរបស់អាស៊ានក្នុងឆ្នាំ២០២២ផងដែរ៕
I quest this AH CHESSTU felling sick when he know his future will be soon end. being an evil man for so many decade finally this evil monster come to an end soon . as I used to say the evil will have it’s day
I can not say this strong man of Cambodia will be that strong to fight back to the US . if nay thing felt not just only him will getting a big problem his hole families and also all Cambodian . I quest HUN SEN is trying to great world war three in this region .