សង្គ្រោះជាតិចាប់ផ្តើមធ្វើយុទ្ធនាការលើកបដាទាមទារដោះលែងលោក កឹម សុខា

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧​ | ម៉ោង 4:08 PM
http://vodhotnews.com

នយោបាយ

គណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការលើកបដាទាមទារដោះលែងលោក កឹម សុខា



​​គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃចន្ទនេះប្រកាសថា ​គណបក្សនេះ​​នឹងចាប់ផ្តើមធ្វើយុទ្ធនាការលើកបដាជារូបភាព នៅតាម​ទីស្នាក់​ការ​បក្ស​ទូទំាង​ប្រទេស ដើម្បីទាមទារឲ្យដោះលែង​លោក កឹម សុខា ដោយ​គ្មាន​លក្ខខណ្ឌ​។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកញ្ញានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានថ្លែងថា ផ្ទំាងបដា ដោយមានរូបលោក កឹម សុខា រួមជា​មួយ​សារ​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​​ នឹង​ត្រូវដាក់តាំង និងផ្សព្វផ្សាយ ​នៅតាមទីស្នាក់ការគណបក្សនេះ ​ទូ​ទាំ​ងប្រទេស​​ ដើម្បីជម្រុញ​​ឲ្យមាន​យុត្តិ​ធម៌ ដល់ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​​ លោក ​កឹម សុខា​។​

លោកមានប្រសាសន៍ថា៖ «គណបក្សយើង [សង្គ្រោះជាតិ] នឹងដាក់ [បដារូបភាព] នៅតាមទីស្នាក់ការគណបក្សនៅគ្រប់ខេត្តរាជធានីទាំងអស់។ យើង នឹងពិនិត្យមើលភាពជាក់ស្តែងទៀតថាតើ ការតស៊ូមតិរបស់យើងធ្លាក់ទៅដល់តាមស្រុកតាមអីយ៉ាងណានោះកាលណាមានការទទួលរងគ្រោះដោយអយុត្តិធម៌ ប្រតិកម្មជាធម្មជាតិវាចេញមក ដើម្បីតស៊ូឲ្យមានការត្រួតពិនិត្យ ទៅលើភាពអវិជ្ជមានដែលកើតមានហ្នឹង»

លោក សុន ឆ័យ ឲ្យដឹងបន្តថា គណបក្ស មិនមានការបារម្ភចំពោះការលើកបដានោះទេ ដោយថា ដរាបតុលាការ មិនទាន់សម្រេចថា លោក កឹម សុខា មានទោស នោះការតស៊ូមតិ ដើម្បីទាមទារឲ្យមានការដោះលែង គឺមិនខុសច្បាប់នោះទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ហៅការលើកបដាទាមទារនេះ ពុំមានឥទ្ធិពលអ្វី ទៅលើការសម្រេចចិត្តរបស់តុលាការនោះទេ។

ករណីនេះ លោក លោក ខៀវ សុភ័គ ហាក់យល់ផ្ទុយវិញ ដោយថា ការលើកបដាទាមទារនេះ មានចេតនាបង្កើតឲ្យមានបដិវត្តន៍ពណ៌ច្រើនជាង ដោយលោក ក៏ព្រមានដោយមិនចំឈ្មោះថា អាចនឹងមានការចាប់ខ្លួនអ្នកផ្តួចផ្តើមឲ្យមានយុទ្ធនាការនេះ។

លោកថា៖ «យើងចាំមើលថា នណារជាអ្នកបញ្ជារឲ្យធ្វើ ប្រជុំព្រឹកមិញ យើងដឹងហើយអ្នកណាជាអ្នកបញ្ជារ គឺអ្នកហ្នឹងឯងជាអ្នកទទួលខុសត្រូវ។ ប្រហែលជាអ្នកហ្នឹង ដែលផ្តើមធ្វើបដិវត្តន៍ពណ៌។ អ្នកបញ្ជាទេ ដែលសំខាន់! អ្នកបញ្ជារឲ្យធ្វើនៅក្នុងគណបក្សសង្គ្រោះជាតិនោះណា ហើយយើងដឹងអ្នកហ្នឹងហើយ! មិនបាច់លើកឈ្មោះមកអីទេ! យកមកដល់ផ្ទះនោះ។ ពិបាកអីៗ អ្នកណាបញ្ជារយើងដឹងតើ ហើយគ្នាគាត់ហ្នឹងអ្នកប្រាប់ អ្នកណាបញ្ជាឲ្យលើកបដា អ្នកណាបញ្ជាជាអ្នកហ្នឹង»។

​លោក​ កឹម សុខា ដែល​ពេល​នេះ ​កំពុង​ត្រូវ​បានឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្តត្បូងឃ្មុំ ត្រូវ​បាន​ចាប់​ខ្លួន ទាំងមានអភ័យឯកសិទ្ធិសភា កាលពីរំលងអធ្រាត្រ ថ្ងៃទី៣ខែកញ្ញា ដោយចោទថា ពីបទក្បត់ជា​តិដោយរដ្ឋាភិបាលកម្ពុជា។

ក្រោយ​​ចាប់​ខ្លួន​មេ​បក្សប្រឆំាង​លោក កឹម សុខា​ តំណាង​អង្គការ​សហប្រជាជាតិ​ និង​ស្ថានទូត​ធំៗ​រួម​មាន​ អង់គ្លេស​ អូស្ត្រាលី​ អាមេរិក​ និង​សហភាព​អឺរ៉ុប​និង​ប្រទេស​មួយ​ចំនួន​ទៀត​ បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ជុំវិញ​ការ​ចាប់​ខ្លួន​មេ​បក្ស​រូប​នោះ​ ហើយ​ពួក​គេ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ឈប់​ការ​​គំរាមកំហែង​លើ​គណបក្សប្រឆាំង​។ ប៉ុន្តែប្រទេស​កុម្មុយនីស្តចិនបាន​គាំទ្រ​ចំណាត់​ការ​នេះ​​៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Related Articles

2 Responses to "សង្គ្រោះជាតិចាប់ផ្តើមធ្វើយុទ្ធនាការលើកបដាទាមទារដោះលែងលោក កឹម សុខា"

  1. Anonymous says:

    Free Kem Sokha !

  2. Anonymous says:

    យុត្តិធម៏ត្រូវតែឈ្នះ។