ប្រវត្តិ​ការងារ​របស់​អនាគត​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី

ដោយ មាន ឫទ្ធិ
2019-06-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ផែទ្រីក មើហ្វ៊ី (Patrick Murphy) ឧបការី​រង​រដ្ឋមន្ត្រី​ស្ដីទី នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា និង ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​អាមេរិក។ Photo courtesy of US Embassy in Phnom Penh
លោក ផែទ្រីក មើហ្វ៊ី (Patrick Murphy) ឧបការី​រង​រដ្ឋមន្ត្រី​ស្ដីទី នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា និង ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​អាមេរិក។ Photo courtesy of US Embassy in Phnom Penh


លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) គឺជា​បេក្ខជន​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ដែល​នឹង​ត្រូវ​ចូល​មក​បន្ត​តំណែង​ជំនួស​ឱ្យ​លោក វីល្លៀម ហៃដ៍ (William Heidt) ដែល​បាន​បញ្ចប់​អាណត្តិ​របស់​លោក​កាលពី​ចុង​ឆ្នាំ​២០១៨ កន្លងទៅ​។ បច្ចុប្បន្ន ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​កំពុង​ដំណើរការ​នីតិវិធី​នៃ​ការតែងតាំង និង​ស្បថ ដើម្បី​អនុញ្ញាត​ឱ្យ​លោក​ចូលកាន់​តំណែង​ជា​ផ្លូវការ​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​កម្ពុជា​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ បន្ទាប់ពី​តំណែង​នេះ​ត្រូវ​ទុក​ឱ្យ​នៅ​ទំនេរ​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក។ តើ​លោក ប៉ាទ្រីក ម័រហ្វី មាន​ប្រវត្តិ​ការងារ​យ៉ាង​ដូចម្ដេច​ខ្លះ និង​ថា​តើ​លោក​មាន​ចក្ខុវិស័យ​យ៉ាង​ដូចម្ដេច​ដែរ ជុំវិញ​បញ្ហា​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ទំនាក់ទំនង​ជា​រួម​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា?

លោក ប៉ាទ្រីក ម័រហ្វី បច្ចុប្បន្ន​ជា​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍។ ក្នុងនាម​ជា​សមាជិក​ជាន់ខ្ពស់​អាជីព​ផ្នែក​កិច្ចការ​បរទេស លោក​បាន​បម្រើ​ការងារ​ជា​អនុប្រធាន​បេសកកម្ម និង​ជា​ភារៈធារី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​ថៃ ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦ និង​ប្រចាំ​ប្រទេស​ប្រទេស​ឡឺសូតូ (Lesotho) ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ​២០០៨ ។​

លោក​ធ្លាប់​បម្រើ​ការងារ​ជា​តំណាង​ពិសេស​របស់​សហរដ្ឋអាមេរិក​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ជា​នាយក ឬ​នាយករង​នៃ​ការិយាល័យ​អាស៊ីអាគ្នេយ៍​ដីគោក ជា​ទីប្រឹក្សា​នយោបាយ​សម្រាប់​ក្រុម​ការងារ​ប្រទេស​ហៃទី និង​ជា​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ប្រទេស​ភូមា និង​ឡាវ​។ ចាប់​តាំង​ពី​លោក​បាន​ចូល​បម្រើ​ការងារ​ឱ្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​តាំងពី​ឆ្នាំ១៩៩២ មក លោក​បាន​បំពេញបេសកកម្ម​ការងារ​ការទូត​នៅ​ប្រទេស​ភូមា ចិន អ៊ីរ៉ាក់ ហ្គីណេ និង​ម៉ាលី។ លោក ប៉ាទ្រីក ម័រហ្វី ក៏​ធ្លាប់​ចូលរួម​បម្រើ​ការងារ​ស្ម័គ្រចិត្ត​ឱ្យ​ភ្នាក់ងារ​អ្នកស្ម័គ្រចិត្ត​អាមេរិក Peace Corps នៅ​ប្រទេស​កាមេរ៉ូន។ លោក​បាន​ទទួល​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពី​សាកលវិទ្យាល័យ Johns Hopkins University (SAIS) ពី​មហាវិទ្យាល័យ National War College និង​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ Vermont។ លោក​ក៏​ធ្លាប់​បាន​សិក្សា​នៅ​វិទ្យាស្ថាន​អឺរ៉ុប នៅ​ទីក្រុង​នីស (Nice) នៃ​ប្រទេស​បារាំង​ផង​ដែរ។

នៅមុន​ពេល​លោក​ចូល​បម្រើ​ការងារ​ឱ្យ​សេវាកម្ម​កិច្ចការ​បរទេស លោក ប៉ាទ្រីក ម័រហ្វី គឺជា​អ្នកសេដ្ឋកិច្ច​មួយ​រូប​ប្រចាំ​អង្គការ World Wildlife Fund និង​ជា​អ្នកវិភាគ​គោលនយោបាយ​ឱ្យ​ស្ថាប័ន​ឈ្មោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ក្រៅ​ប្រទេស (Overseas Development Council)​។ ក្រៅពី​ភាសា​អង់គ្លេស​ដែល​ជា​ភាសា​កំណើត លោក​ចេះ​និយាយ​ភាសា​បារាំង អេស្បាញ ចិន និង​ភូមា។

អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃទី១៧ មិថុនា ថា បច្ចុប្បន្ន ក្រសួងការបរទេស​អា​មេ​រិ​ក​កំពុងធ្វើការ​ជាមួយ​ព្រឹទ្ធសភា​អាមេរិក ជុំវិញ​ដំណើរការ​តែងតាំង​លោក ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។ ប្រសិនបើ​លោក​ត្រូវ​បាន​តែងតាំង និង​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​មែន​នោះ នោះ​លោក​នឹង​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក​ទី១៧ ប្រចាំ​ក្រុងភ្នំពេញ ជំនួស​ឱ្យ​ឯកអគ្គរដ្ឋទូត​ចាស់ លោក វីល្លៀម ហៃដ៍ (William Heidt) ដែល​បាន​ចប់​អាណត្តិ​កាលពី​ចុង​ឆ្នាំ ២០១៨ កន្លងទៅ។

សារព័ត៌មាន​អនឡាញ​ផ្សាយ​ជា​ភាសា​អង់គ្លេស​ឈ្មោះ Asia Times ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង រាយការណ៍​កាលពី​ថ្ងៃទី១៤ មិថុនា ថា ផ្អែក​តាម​ប្រភព​មួយ​ចំនួន​មិន​បញ្ចេញ​ឈ្មោះ លោក ប៉ាទ្រីក ម័រហ្វី អាច​នឹង​ត្រូវ​ស្បថ​ចូលកាន់​តំណែង​ផ្លូវការ​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ។ សារព័ត៌មាន​ដដែល​នេះ​រាយការណ៍​ថា យ៉ាងយូរ​បំផុត​ត្រឹម​ដើមខែ​កក្កដា​ខាងមុខនេះ លោក ប៉ាទ្រីក ម័រហ្វី អាច​នឹង​ឡើង​ចូល​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ។

សារព័ត៌មាន​ដដែល​នេះ​សរសេរ​ថា ការ​ពន្លឿន​ដំណើរការ​តែងតាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​នេះ​គឺជា​ការ​បញ្ជាក់​អំពី​តួនាទី​សំខាន់​របស់​ទីក្រុង​វ៉ាស៊ីនតុន​ចំពោះ​បញ្ហា​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​នេះ​កំពុងតែ​រង​សម្ពាធ​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ដោយសារ​ជំហាន​ដើរ​ធាក់​ថយក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា។ សារព័ត៌មាន​នេះ សរសេរ​ថា លោក ប៉ាទ្រីក ម័រហ្វី ជា​អ្នកការទូត​ជើងចាស់​អាមេរិកាំង​មួយ​រូប​ដែល​ដើរ​តាម​បន្ទាត់​ប្រជាធិបតេយ្យ​យ៉ាង​តឹងរ៉ឹង។

ដំណើរការ​តែងតាំង​លោក​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាមេរិក​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ល្អក់​កករ ក្រោយ​របប​ក្រុងភ្នំពេញ​បាន​រម្លាយ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដោយ​ចោទ​សហរដ្ឋអាមេរិក​ថា ជា​មេខ្លោង​បដិវត្ត​ពណ៌​នៅ​កម្ពុជា​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់។ ការ​ឡើង​កាន់​តំណែង​របស់​លោក​នេះ ក៏​ធ្វើឡើង​ស្រប​ពេល​ដែល​សមាជិកសភា​និង​ព្រឹទ្ធសភា​អាមេរិក​កំពុង​នាំគ្នា​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​ក្រុងភ្នំពេញ​តាមរយៈ​ការ​បង្កក​ទ្រព្យសម្បត្តិ​ការ​រឹតត្បិត​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​នេះ និង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ​ហៅថា GSP របស់​ខ្លួន។ បញ្ហា​ប្រឈម​មួយទៀត​នោះ គឺ​សហរដ្ឋអាមេរិក ពុំ​ដែល​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ព្រឹត្តិការណ៍​បោះឆ្នោត​នៅ​កម្ពុជា ដោយ​ចាត់ទុកថា ការ​បោះឆ្នោត​នេះ​គ្មាន​ភាព​សេរី គ្មាន​ភាព​ត្រឹមត្រូវ និង​គ្មាន​ភាព​គួរ​ឱ្យ​ទុក​ចិត្ត​បាន​នោះ​ទេ។

ក្នុង​សវនាការ​សួរដេញដោល​ផ្ទាល់មាត់​ដោយ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​ដែល​ជា​ផ្នែក​មួយ​នៃ​នីតិវិធី​តែងតាំង​លោក​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ​កាលពី​ថ្ងៃទី៤ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅ លោក ប៉ាទ្រីក ម័រហ្វី បង្ហាញ​ជំហរ​ចង់​ឃើញ​សហរដ្ឋអាមេរិក​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​បន្ថែម​ទៀត​មក​លើ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ ដើម្បី​ដាក់​សម្ពាធ​មក​លើ​របប​ក្រុងភ្នំពេញ​ឱ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ។ លោក​ក៏​ចង់​ឃើញ​របប​ក្រុងភ្នំពេញ បើក​ឱ្យ​ដំណើរការ​ឡើងវិញ និង​ពង្រីក​លំហ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​រួមមាន​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) និង​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles