សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ថា ច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​របប​ភ្នំពេញ​កំពុង​ដំណើរការ​ទៅ​មុខ

ដោយ សេក បណ្ឌិត
2020-05-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ចៅហ្វាយ​ក្រុង​ដែនឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ជា យូហន។

ចៅហ្វាយ​ក្រុង​ដែនឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ជា យូហន។ Screenshot


សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ថា ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ​កំពុង​ដំណើរការ​ទៅ​មុខ​ដោយ​ពួកគេ​រំពឹង​ថា ច្បាប់​នេះ​នឹង​ចេញ​ជា​រូបរាង​នៅ​ពេល​ខាងមុខ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​លើកឡើង​ថា អ្វី​ដែល​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​កំពុង​ធ្វើ​នេះ ជា​ការ​យក​មាតុភូមិ​របស់ខ្លួន​ជា​សត្រូវ។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ដែល​កំពុង​ស្វះស្វែង​ជំរុញ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី ឱ្យ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុមមេ​ដឹកនាំ​របប​ក្រុងភ្នំពេញ​ដែល​រំលោភ​សិទ្ធិមនុស្ស ដែល​ច្បាប់​នេះ​ស្រដៀង​នឹង​ច្បាប់​គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ឱ្យ​ដឹងថា ពេលនេះ​សេចក្ដីព្រាងច្បាប់​នេះ​បាន​ចូល​ដល់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ ហើយ​សភា​សហព័ន្ធ​ប្រទេស​នេះ​ក៏​កំពុង​ចាប់ផ្ដើម​ធ្វើ​ការងារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ច្បាប់​នេះដែរ។

អតីត​ចៅហ្វាយក្រុង​ដែនឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន ឱ្យ​ដឹង​ថា កាល​ពី​ខែ​មេសា សភា​សហព័ន្ធ​ផ្នែក​សិទ្ធិមនុស្ស​បាន​អញ្ជើញ​តំណាង​ពលរដ្ឋ​ខ្មែរ​រួមមាន តំណាងរាស្ត្រ អ្នកច្បាប់ ប្រធាន​សមាគម សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​បុគ្គល​សំខាន់ៗ​ផ្សេង​មួយចំនួនទៀត​ទៅ​ជួបប្រជុំគ្នា ដោយ​ពួកគេ​ចង់ដឹង​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ឱ្យ​សហគមន៍​ខ្មែរ​បង្ហាញ​ភស្តុតាង​ដែល​សហគមន៍​ខ្មែរ​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ទាំងនោះ​។ លោក​អះអាង​ថា សហគមន៍​ខ្មែរ​មាន​ភស្តុតាង​ជាច្រើន​បង្ហាញ​ទៅ​សភា៖ «គេ​សួរ​នោះ​គេសួរ​ថា មូលហេតុ​អី​បាន​យើង​ដាក់ពាក្យ​ឱ្យ​មានច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ហើយ​ប្រទេស​កម្ពុជា​មាន​ស្ថានការណ៍​យ៉ាងម៉ិច​យើង​មាន​ភស្តុតាង​ច្រើនណាស់ ឧបមា ការ​សម្លាប់​លោក ឈុត វុទ្ធី លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី ៗ មិនមែន​បាញ់​នៅ​កណ្ដាល​ព្រៃ​ឯណា​បាញ់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ទាំង​ថ្ងៃ»។

រីឯ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ប្រទេស អូស្ត្រាលី លោក អ៊ិន ហេមរា ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះដែរ​ឱ្យ​ដឹងថា កាល​ពី​លើក​មុនៗ​ការស្នើ​ទណ្ឌកម្ម​លើ​មន្ត្រី​របប​ក្រុងភ្នំពេញ​ច្រើនតែ​ជាការ​ស្នើឡើង​ពី​សមាជិកសភា​គណបក្ស​ប្រឆាំង​ទេ។ ប៉ុន្តែ​លោក​ថា ការស្នើច្បាប់​លើក​នេះ​ច្បាប់​នេះ​គឺជា​ការ​ស្នើឡើង​ពី​អនុគណៈកម្មការ​សិទ្ធិមនុស្ស​ក្រសួងការបរទេស នៃ​រដ្ឋាភិបាល​អូស្ត្រាលី ដូច្នេះ​លោក​រំពឹងថា​ច្បាប់​នេះ​នឹង​អាច​ចេញ​រូបរាង​ក្នុងពេល​ឆាប់ៗ​នេះ៖ «គឺ​ខាង​រដ្ឋាភិបាល ខាង​ក្រសួង​ការបរទេស​គាត់​ស្នើ​ឱ្យ​អនុគណៈកម្មការ​សិទ្ធិមនុស្ស​ធ្វើការ​ស្រាវជ្រាវ​មើល គួរ​មានច្បាប់​នេះ​ឬ​អត់ អ៊ីចឹង​គឺ​ចេញ​ពីរ​រដ្ឋាភិបាល​ហើយ​ខ្ញុំ​មើល​ទៅ​អត់​មាន​អ្នក​ប្រឆាំង​ទេ គឺ​មានតែ​អ្នក​ស្រប»។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ថា អូស្ត្រាលី​មិន​អាច​នៅ​ស្ងៀម​ទុក​ក្រុម​ដឹកនាំ​របប​ក្រុងភ្នំពេញ​ធ្វើបាប​ពលរដ្ឋ​និង​រំលោភសិទ្ធិ​មនុស្ស​តាម​ទំនើងចិត្ត​នោះ​ទេ​។ ពួកគេ​រំពឹង​ថា រដ្ឋាភិបាល​និង​រដ្ឋសភា​ប្រទេស​អូស្ត្រាលី​នឹង​យក​គំរូ​តាម​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​សហរដ្ឋអាមេរិក ដែល​បានធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​បាតដៃ​ប្រឡាក់​ឈាម​ទាំង​នោះ។

ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ហៅ​កិច្ចប្រឹងប្រែង​របស់​សហគម​ន៍​ខ្មែរ​អូស្ត្រាលី​ដែល​កំពុង​ធ្វើ​នេះ​ថា ជា​ការ​យក​មាតុភូមិ​របស់ខ្លួន​ជា​សត្រូវ។ លោក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​អូស្ត្រាលី​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​។ ប៉ុន្តែ​នៅ​ពេល​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​សួរ​លោក​ថា តើ​លោក​យល់​ថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ធ្វើ​ច្បាប់​នេះ តាម​សំណើ​របស់​សហគមន៍​ខ្មែរ​ដែរឬទេ​? លោក​ឆ្លើយថា នេះ​ជា​សិទ្ធិសេរីភាព និង​ការសម្រេច​ដែល​ស្ថិតក្នុង​ដែនដី​អធិបតេយ្យ​របស់​អូស្ត្រាលី៖ «ខ្ញុំ​អត់​មានមតិ​អ្វី​ទៅ​លូកលាន់​ទៅក្នុង​ដែន​សមត្ថកិច្ច​ដែនដី​អធិបតេយ្យ​របស់​អូស្ត្រាលី ប៉ុន្តែ​ជា​ការ​ពិសោធន៍ ខ្ញុំ​ឃើញ​ក្រុម​នោះ (សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលីជួប​បរាជ័យ​តែ​ប៉ុណ្ណឹង​ឯង»។

សហរដ្ឋអាមេរិក​បាន​ឈានមុខ​គេ​ក្នុង​ការ​អនុម័ត​ច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់​ទណ្ឌកម្ម​បុគ្គល​ពីរ​នាក់​នៅ​កម្ពុជា គឺ​មន្ត្រី​ជំនិត​របស់លោក ហ៊ុន សែន រួមមាន​មេកង​អង្គរ័ក្ស​របស់លោក ហ៊ុន សែន នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​ជា​ទេសរដ្ឋមន្ត្រី និង​លោក ទ្រី ភាព ជា​ឈ្មួញ​ឈើ​នៅ​កម្ពុជា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

អតីត​ចៅហ្វាយក្រុង​ដែនឌឺណុង (Dandenong) លោក ជា យូហ៊ន ឱ្យ​ដឹងថា ដោយសារ​សព្វថ្ងៃនេះ​រដ្ឋាភិបាល​អូស្ត្រាលី កំពុង​រវល់​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ទើប​សន្ទុះ​នៃ​ការ​ធ្វើ​ច្បាប់​ហាក់​នៅ​យឺត​យ៉ាវ ប៉ុន្តែ​លោក​ជឿជាក់​ថា នៅ​ពេល​ជំងឺ​នេះ​បាន​ធូរស្រាល ច្បាប់​នេះ​នឹង​ត្រូវ​បាន​រដ្ឋសភា​លើក​យក​ទៅ​អនុម័ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ថា ច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​របប​ភ្នំពេញ​កំពុង​ដំណើរការ​ទៅ​មុខ"

  1. Anonymous says:

    I think if they really want to get away they can apply to IRAG or IRAN it will be OK to take refugee

  2. Anonymous says:

    That very good’ Good news for cambodian people’ . cambodia is leaded by Veitcong mafia and his groups’ they never respected international and human right or constitution or Law&order’ because this beast regime rule like mafia ‘.they did the coup 1997 killing more khmer and they dissolve opposition party without respected constitution So please act and stop the corrupted mafia groups to come in australia’. God bless khmer good people’