ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តព្រះវិហារ គ្រោង​ឆ្លងដែន​ទៅ​សុំ​ដី​រដ្ឋាភិបាល​ថៃ​រស់នៅ

ដោយ ហ៊ុំ ចំរើន
2024.03.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តព្រះវិហារ គ្រោង​ឆ្លងដែន​ទៅ​សុំ​ដី​រដ្ឋាភិបាល​ថៃ​រស់នៅ

ពលរដ្ឋរងគ្រោះដីធ្លី និងកំពុងរត់ពួននៅក្នុងព្រៃ នៅ​ស្រុកគូលែន ខេត្តព្រះវិហារ កំពុង​បេះ​បន្លែ​ធ្វើ​ម្ហូប។ រូបពីពលរដ្ឋ


ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តព្រះវិហារ ដែល​កំពុង​រត់​ពួន​ក្នុង​ព្រៃ គេច​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ គ្រោង​នាំ​គ្នា​ដើរ​កាត់​ព្រៃ​ឆ្លងដែន​ទៅ​សុំ​រដ្ឋាភិបាល​ថៃ​បោះ​ជុំរុំ​រស់នៅ​ទីនោះ ដើម្បី​ចិញ្ចឹម​ជីវិត និង​កូនៗ បាន​សិក្សា​រៀន​សូត្រ ប្រសិនបើ​អាជ្ញាធរ​ខេត្តព្រះវិហារ​មិន​ព្រម​ដោះ​លែង​ពលរដ្ឋ​ជាប់​ឃុំ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គេ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្តព្រះវិហារ​សិក្សា​ស្រាវជ្រាវ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ។

ពលរដ្ឋរងគ្រោះដីធ្លី និងកំពុងរត់ពួននៅក្នុងព្រៃចំនួន ៣ទីតាំងផ្សេងគ្នា ជិត ១០០គ្រួសារ នៅ​ស្រុកគូលែន ខេត្តព្រះវិហារ គ្រោង​ដើរ​កាត់​ព្រៃ​ឆ្លងដែន​ចូល​​ប្រទេស​ថៃ ដើម្បី​សុំ​រដ្ឋាភិបាល​ថៃ​បោះ​ជំរំ​រស់នៅ បន្ទាប់​ពី​អាជ្ញាធរ​ខេត្តព្រះវិហារ​ដុត​ផ្ទះ​សម្បែង និង​យក​ដី​ស្រែ​ចម្ការ​ឲ្យ​ទៅ​ក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex) និង​ចាប់​ពលរដ្ឋ ដែល​ចេញ​តវ៉ា​ដាក់​ពន្ធនាគារ។

អង្គុយ​ដេញ​មូស​ឲ្យ​កូន​បណ្ដើរ យំ​បណ្ដើរ លោកស្រី លូត សាឡា រៀបរាប់​ប្រាប់​វិទ្យុ អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៧ ខែមីនា ក្នុង​ពេល​កំពុង​រត់​ក្នុង​ព្រៃ​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ដោះស្រាយ​ប្រគល់​ដី​ឲ្យ​ពលរដ្ឋ​ជិត ១០០គ្រួសារ​វិញ​នោះ​ទេ ពលរដ្ឋ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី នាំ​គ្នា​ដើរ​ឆ្លងដែន​ចូល​ទៅ​សុំ​រដ្ឋាភិបាល​ថៃ​បោះ​ជុំរុំ ធ្វើការ​រក​ប្រាក់​ចិញ្ចឹម​ជីវិត និង​ឲ្យ​កូនៗ របស់​ពួក​គាត់​បាន​រៀន​សូត្រ​នៅ​ទី​នោះ ពីព្រោះ​ពលរដ្ឋ​បាត់បង់​គ្រប់​យ៉ាង និង​ថែម​ទាំង​អាជ្ញាធរ​ខេត្តព្រះវិហារ​តាម​ចាប់​ពួក​គេ​ឥត​ឈប់ឈរ​បែប​នេះ។


បុរស​ទើប​ចេញ​ពី​ក្នុង​តំបន់​ព្រៃ​ជ្រៅម្នាក់​ទៀត​ ហើយ​ប្រពន្ធ​កំពុង​ជាប់​ពន្ធនាគារ គឺ​លោក ឈឿយ ឈាង រៀបរាប់​ថា លោកនាំកូនចំនួន ៣នាក់រត់គេចពីអាជ្ញាធរតាមចាប់ខ្លួន នៅ​ក្នុង​ព្រៃ​អស់​រយៈ ៤យប់ ៥ថ្ងៃ ដោយ​មិន​មាន​បាយ​ហូប ហូប​តែ​ដើម​ចេក​បុក​អំបិល លោក​មិន​មាន​អ្វី​សល់​ទៀត​នោះ​ទេ ព្រោះ​ប្រពន្ធ​ជាប់ពន្ធនាគារ កូនៗ បាត់បង់​ការ​សិក្សា និង​ប្រឈម​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់។ លោក​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ដោះ​ស្រាយ​ដីធ្លី​ឲ្យ​ពលរដ្ឋ​បាន​អាស្រ័យ​ផល និង​ឈប់​តាម​ចាប់​ពលរដ្ឋ​បន្ថែម​ទៀត។

ជុំវិញ​រឿង​នេះ វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​រង​ខេត្តព្រះវិហារ លោក ណុប វុទ្ធី បាន​ទេ នៅ​ថ្ងៃ​ទី២៨ ខែមីនា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។ ទោះ​ជា​យ៉ាង​នេះ​ក្ដី កាល​ពី​ថ្ងៃ​ទី១២ ខែមីនា អភិបាល​ខេត្តព្រះវិហារ លោក គីម រិទ្ធី បាន​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ឃុំស្រយង់ និង​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ដី​ជាង ១ពាន់​ហិកតារ​ត្រូវ​បាន​កាត់​ឆ្វៀល និង​ធ្វើ​ប្លង់រឹង ឲ្យ​ប្រជាពលរដ្ឋ​ជិត ១៥០គ្រួសារ រស់នៅ​ភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ដែល​មាន​ទីតាំង​ជាប់​ក្រុមហ៊ុន សិលា ដាម៉ិច។ ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​ថា ការ​បែងចែក​ដី​ទាំង​នោះ គឺ​ផ្ដល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​រង​ការ​បង្ក្រាប​ដោយ​ហិង្សា កាលពីថ្ងៃទី៦ ខែមីនានោះទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់​ឃើញ​ថា ប្រសិន​បើ​ករណី​នេះ​កើត​ឡើង​ប្រាកដ​មែន ហើយ​អាជ្ញាធរ​មិន​ព្រម​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋ​មាន​កន្លែង​រស់នៅ​សមរម្យ​នោះ​ទេ វា​បញ្ជាក់​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល​ថ្មី មិន​អាច​អនុវត្ត​បាន​រលូន និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត។

ក្រោយ​សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ ប្រដាប់​ដោយ​អាវុធ បាន​ចុះ​រុះរើ និង​ដុត​ផ្ទះ​សម្បែង រហូត​ដល់​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា និង​បាន​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ កាល​ពី​ព្រឹក​ថ្ងៃ​ទី៦ ខែមីនា។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ចំនួន ២៧នាក់ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត កំពុង​រត់​ពួន​ក្នុង​ព្រៃ​គេច​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ ខណៈ​ពួក​គេ​បាត់បង់​ដីធ្លី ផ្ទះ​សម្បែង និង​កំពុង​រស់នៅ​បែកបាក់​​គ្រួសារ។ ពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ឪពុក​ម្ដាយ​ ដោយ​បន្សល់​ទុក​កូន​តូចៗ រស់នៅ​ទាំង​ខ្វះ​អាហារ​បរិភោគ​គ្រប់គ្រាន់ និង​គ្មាន​កន្លែង​ស្នាក់នៅ​ត្រឹមត្រូវ​ជា​ដើម។ ប្រជាពលរដ្ឋ​ចំនួន ២ឃុំ គឺ​ឃុំស្រយង់ និង​ឃុំត្បែង​ពីរ ជាង ៣០០គ្រួសារ កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សិលា ដាម៉ិច ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​កាត់​ឆ្វៀល​ដី​របស់​ពួក​គេ​ទុក​សម្រាប់​អាស្រ័យផល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ក៏ប៉ុន្តែ អាជ្ញាធរ​នៅ​មិន​ទាន់​ដោះ​ស្រាយ​ឱ្យ​ពួក​គេ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles