កម្ពុជា​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក

ដោយ សុខ សេរី
2012-05-03
​វិទ្យុ​អាស៊ីសេរី

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ព្រម​ទាំង​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១២ បាន​រំលឹក​វិញ្ញាណក្ខន្ធ ដោយ​ឈរ​ស្មិងស្មាធិ៍​មួយ​នាទី​ចំពោះ​អ្នក​កាសែត​នានា ដែល​ត្រូវ​បាន​គេ​បាញ់​សំលាប់ ឬ​ធ្វើ​ឃាត និង​រង​អំពើ​ហិង្សា​នានា​កន្លង​មក។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១២។ (RFA/Sok Serey)

រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្នុង ពិធី ប្រារព្ធ ទិវា សេរីភាព សារព័ត៌មាន ពិភពលោក នា រាជធានី ភ្នំពេញ នៅ ថ្ងៃ ទី ៣ ខែ ឧសភា ឆ្នាំ ២០១២។ (RFA/Sok Serey)


ការ​រំលឹក​វិញ្ញាណក្ខន្ធ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១២។

មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា បាន​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ចំហ​ថែម​ទៀត​ដើម្បី​ឲ្យ​អ្នក​កាសែត​នានា ទទួល​បាន​នូវ​ព័ត៌មាន​គ្រប់គ្រាន់​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ជូន​មហាជន ដោយ​ជៀស​វៀង​ការ​រឹតត្បិត​សេរីភាព​នេះ។

មួយ​វិញ​ទៀត មន្ត្រី​រូប​នេះ​ក៏​បាន​ទទូច​សុំ​ឲ្យ​អ្នក​កាសែត​នានា​នៅ​កម្ពុជា បំពេញ​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​រាយការណ៍​នូវ​ព័ត៌មាន​ពិត ទទួល​ខុស​ត្រូវ​ខ្ពស់ និង​មិន​រំលោភ​លើ​សិទ្ធិ​អ្នក​ដទៃ។ 

ការ​រំលោភ​សិទ្ធិ​អ្នក​ដទៃ​នោះ គឺ​មាន​ដូចជា ការ​លាត​ត្រដាង​ឲ្យ​មហាជន​ដឹង​ឮ​អំពី​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៃ​ការ​ចាប់​រំលោភ​សេពសន្ថវៈ ឬ​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​ជាដើម។ អ្នក​កាសែត​ត្រូវ​តែ​រក្សា​ការសម្ងាត់​នៃ​អត្តសញ្ញាណ​ប្រភព​ព័ត៌មាន។

ក្រៅ​ពី​នេះ អ្នក​កាសែត​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទេ គឺ​រក្សា​នូវ​ភាព​សុចរិត និង​សេចក្ដី​ថ្លៃថ្នូរ​នៅ​ពេល​បំពេញ​តួនាទី។

តំណាង​រង​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ជេមស៍ ហ៊ីណាន (James Heenan) បាន​មាន​ប្រសាសន៍​ថា អ្នក​កាសែត​នៅ​កម្ពុជា គប្បី​រាយការណ៍​ឲ្យ​បាន​ច្រើន​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ទោះ​បី​ជា​រឿង​នោះ​ល្អ ឬ​មិន​ល្អ​ក៏ដោយ ពីព្រោះ​វា​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក ជេមស៍ ហ៊ីណាន៖ «ការ​រាយការណ៍​ព័ត៌មាន​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច ឬ​ក៏​បំពេញ​ចិត្ត​អ្នក​ណា​មួយ​នោះ គឺ​ជា​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ នេះ​មាន​ន័យ​ថា បើ​យើង​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​បាន​ល្អ​លើក​ស្ទួយ​តម្លៃ​សិទ្ធិ​មនុស្ស មិន​ឲ្យ​មាន​អំពើ​ហិង្សា»

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅ​មិន​ទាន់​ប្រៀប​ស្មើ​នឹង​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​លោក​សេរី​នៅ​អឺរ៉ុប​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​វា​បាន​ឈាន​ដល់​កម្រិត​ស្តង់ដារ​មួយ​ខ្ពស់​នៅ​ក្នុង​តំបន់។

​លោក ខៀវ កាញារីទ្ធ៖ «រាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​នូវ​ការ​លំបាក​ក្តី ឬ​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​មួយ​ដ៏​ពេញលេញ គឺ​នៅ​ពេល​ថ្មីៗ​នេះ នៅ​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ដែល​យើង​ហៅ​ថា ប្រទេស​ភូមា នេះ បាន​ប្រកាន់​យក​នូវ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ ក្នុង​នោះ​ក៏​គាត់​ចាប់​ផ្តើម​អំពី​សេរីភាព​សារព័ត៌មាន ដោយ​បាន​ប្រកាស​ថា ច្បាប់​សារព័ត៌មាន​ដែល​គាត់​អនុម័ត​ប្រើ គឺ​ចម្លង​ដក​ស្រង់​ពី​ច្បាប់​សារព័ត៌មាន​កម្ពុជា»

ចំណែក​ឯ​ព្រះភិក្ខុ​សង្ឃ ព្រះនាម គ្រួច សុមាន ព្រះជន្ម ២៧​ព្រះវស្សា ដែល​បាន​និមន្ត​ចូល​រួម​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នេះ​ដែរ បាន​មាន​ព្រះ​ថេរដីកា​ថា ព័ត៌មាន​ពិត និង​សច្ចភាព គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​សង្គម៖ «បើ​សិន​បើ​យើង​ផ្សព្វផ្សាយ​ភាព​តែ​ការ​ពិត អ្វី​ដែល​បាន​កើត​ឡើង​ជាក់​ស្ដែង គឺ​សង្គម​របស់​យើង​មាន​ការ​រីក​ចំរើន​ដុះដាល​ទៅ​មុខ។ …​ពរ​តាម​ព្រះពុទ្ធ​សាសនា គឺ​ថា បុគ្គល​ណា​ដែល​ញុះញង់​គេ គឺ​បុគ្គល​ហ្នឹង​ពុំ​មាន​សេចក្ដី​សុខ​ទេ»

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី កន្លង​មក បាន​រិះគន់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន​នៅ​កម្ពុជា គឺ​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​កាន់​អំណាច។

តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​សារព័ត៌មាន​ចំនួន​ជាង ៥០០​អង្គភាព។ ទស្សនាវដ្ដី​ចំនួន​ជាង ៧០​អង្គភាព និង​ស្ថានីយ​វិទ្យុ​ចំនួន​ជាង ១០០​អង្គភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles