ការស៊ើបអង្កេត មានការ​វិវត្តន៍​ទៅមុខ​ច្រើន ជុំវិញ​ការស្លាប់​របស់លោក ឈុត វុទ្ធី និង អ៊ិន រតនា​

ថ្ងៃទី 4 ឧសភា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: ​លោក ទិ​ត សុធា សមាជិក​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ គណៈកម្មការបាន​សាកសួរ​ជាមួយនឹង​សាក្សី​ជាច្រើន ពាក់ព័ន្ធ​នឹង​ការស្លាប់​លោក ឈុត វុទ្ធី និង​លោក អ៊ិន រតនា ហើយ​ទទួលបាន​ដំណឹង​ថ្មីៗពី​កន្លែងកើតហេតុ និង​បានធ្វើ​ការងារ​ស៊ើបអង្កេត​ប្រមូល​ភស្ដុតាង រួមទាំង​ការផ្ដល់​ព័ត៌មាន​ពីសា​ក្សី​។

​លោក ទិ​ត សុធា បាន​បញ្ជាក់ថា “​ដំណើរការ​ស៊ើបអង្កេត មានការ​វិវត្តន៍​ទៅមុខ​ច្រើន​មែនទែន​។ យើង​ទទួលបាន​ព័ត៌មាន ​មាន​ភាពច្បាស់លាស់​ច្រើនជុំវិញ​ការស្លាប់​របស់លោក ឈុត វុទ្ធី និង អ៊ិន រតនា​”​។​

​ក៏ប៉ុន្តែ​លោក​បានបញ្ជាក់​បន្តថា មកដល់ពេលនេះ គណៈកម្មការ​ស៊ើបអង្កេតមិនទាន់​អាចនិយាយបាននៅក្នុង​ដំណាក់កាល​នេះ​ទេ ពីព្រោះ​ស្ថិតនៅក្នុង​ការស៊ើបអង្កេត​។ រីឯ​សេចក្ដីសន្និដ្ឋាន​រួម នឹងធ្វើ​សេចក្ដីរាយការណ៍ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ជាមុនសិន​។ ដូច្នេះ​ការស៊ើបអង្កេតនឹង​បញ្ចប់​នៅពេល​ឆាប់ៗ​នេះ​។

​លោក ទិ​ត សុធា ដែល​កំពុង​ស្ថិតនៅ​ខេត្តកោះកុង ក្នុង​ក្រុម​គណៈកម្មការ​ចម្រុះ បាន​ឲ្យ​ដឹងថា “​ក្រុមការងារ​បាន​ជួប​សាក្សី​ជាច្រើន ចុះទៅ​កាន់​កន្លែងកើតហេតុ និង​ជួប​ជនសង្ស័យ រ៉ា​ន់ បូ​រ័ត្ន ផងដែរ​។ ប៉ុន្តែ​មិនទាន់​ដឹងថា ពេលណាទើប​បញ្ចប់​ការស៊ើបអង្កេត​នោះទេ​។ តែបើ​ចប់​ការស៊ើបអង្កេត ក៏​ត្រូវរាយការណ៍ជូន​ទៅ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​របាយការណ៍​ចុងក្រោយ​របស់​គណៈកម្មកា​រ​ចម្រុះ នឹងធ្វើ​ឲ្យ​ស្ងប់ចិត្ត​ទាំងអស់គ្នា​”​។

​សូម​រម្លឹកថា ជនសង្ស័យ​ម្នាក់ក្នុងចំណោម ២​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​លោក អ៊ិន រតនា មន្ត្រី​អាវុធហត្ថ កាលពី​ថ្ង​ទី​២៦ ខែមេសា ឆ្នាំ​២០១២ នៅ​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ខេត្តកោះកុង នៅ​រសៀល​ថ្ងៃទី​៣​ឧសភា ឆ្នាំ​២០១២​។

​កងរាជអាវុធហត្ថ​ខេត្តកោះកុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១២​។​

​ជនសង្ស័យ​នោះ ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន អាយុ ២៦​ឆ្នាំ ដែលជា​កូន​របស់លោក ហ៊ុន រ៉ា​ន់ អតីត​មេព្រៃ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ជនសង្ស័យ​រូបនេះ​ទៅកាន់​តុលាការ​ខេត្តកោះកុង ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ​។ រ៉ា​ន់ បូ​រ័ត្ន ជា​សន្តិសុខ​របស់​ក្រុមហ៊ុន Timber Green ដែល​បានកា​ប់រាន​ព្រៃឈើសង់​ទំនប់​ស្ទឹង​ឫស្សី​ជ្រំ​ក្រោម​។​

​ឯកសារ​របស់​សង្គម​ស៊ីវិល ដែល​រួមមាន​៖ អង្គការ​លីកាដូ អាដហុក និង​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា ជាដើម​នោះ គ្រោង​នឹង​បញ្ចេញ​នៅពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ក្រុមការងារ​អង្គការ​ទាំងនោះ​បាន​ចុះ​ដល់ទី​កន្លែងកើតហេតុ និង​ជួប​សាក្សី​មួយចំនួន ដើម្បី​ស្វែងរក​ការពិត​ក្នុងករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី និង​ប៉េអឹម​ម្នាក់ នៅ​ខេត្តកោះកុង​។​

​តាម​របាយការណ៍​រប​ស់​សង្គម​ស៊ីវិល គឺ​ច្បាស់​ណាស់​ថា ឃាតកម្ម​ដ៏​រន្ធត់​នោះ មាន​អ្នក​ទី​៣ ជា​អ្នកបាញ់ ហើយ​ជនសង្ស័យ រ៉ា​ន់ បូ​រ័ត្ន ដែល​ប៉េអឹម​ចាប់បញ្ជូន​ទៅកាន់​តុលាការ​ខេត្តកោះកុង ជាប់​សង្ស័យ​ខ្លាំងជាងគេក្នុង​រឿង​បាញ់សម្លាប់​លោក ឈុត វុទ្ធី និង​ប៉េអឹម អ៊ិន រតនា​៕​ S

What Next?

Recent Articles