តំណាង​អយ្យការ សាកសួរ​ជនសង្ស័យ ក្នុង​រឿង​បាញ់សម្លាប់​លោក ឈុត វុទ្ធី​

ថ្ងៃទី 4 ឧសភា 2012
ដោយ: សុខ ភក្តី
CEN

ខេត្តកោះកុង: រហូតដល់​ម៉ោង ១០ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី​៤​ឧសភា ឆ្នាំ​២០១២ តំណាង​អយ្យការ​តុលាការ​សាលាដំបូង​ខេត្ត​កោះកុង បន្ត​ការសាកសួរ​ជនសង្ស័យ​ម្នាក់ ជា​សន្តិសុខ​ក្រុមហ៊ុន ក្នុង​រឿង​បាញ់សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​លោក អ៊ិន រតនា ប៉េអឹម​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២​។​

​លោក អ៊ិន គង់​ជិត បុគ្គលិក​អង្គការ​សិទ្ធិមនុស្សលីកាដូ ប្រចាំ​ខេត្ត​កោះកុង បានឲ្យ​ដឹង​ថា តំណាង​អយ្យការ​តុលាការ​ខេត្ត​កោះកុង បាន​សាកសួរ​ជនសង្ស័យ​ម្នាក់ ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន សន្តិសុខ​របស់​ក្រុមហ៊ុន Trimber Green ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​៣​ឧសភា និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៤​ឧសភា ឆ្នាំ​២០១២​។​

​បន្ទាប់​ពី​ការសាកសួរ​នោះ តំណាង​អយ្យការ នឹង​សម្រេចថា​តើ​ត្រូវ​លើកលែង​ការ​ចោទ​ប្រកាន់ ឬក៏​ចោទប្រកាន់​លើ​ជនសង្ស័យ ពី​បទ​អ្វី ហើយ​បញ្ជូន​រឿង​ទៅ​កាន់​ចៅ​ក្រម​​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​។​

​សូម​រម្លឹកថា ជនសង្ស័យ​ម្នាក់ ក្នុងចំណោម ២​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​លោក អ៊ិន រតនា មន្ត្រី​អាវុធហត្ថ កាល​ពី​ថ្ង​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ត្រូវបាន​សមត្ថកិច្ចបញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​កោះកុង កាលពី​រសៀល​ថ្ងៃ​ទី​៣​ឧសភា ឆ្នាំ​២០១២​។

​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១២​។ ជនសង្ស័យ​នោះ ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន អាយុ ២៦​ឆ្នាំ ដែលជា​កូន​របស់​លោក ហ៊ុន រ៉ា​ន់ អតីត​មេព្រៃ​។ រ៉ា​ន់ បូ​រ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន Timber Green ដែល​បាន​កាប់​រាន​ព្រៃឈើសង់​ទំនប់​ស្ទឹង​ឫស្សី​ជ្រំ​ក្រោម​។​

​ក្នុង​ពេល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យបញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​កោះកុង គឺ​គណៈកម្មការ​ចម្រុះ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នោះ ដឹកនាំ​ដោយ​លោក ម៉ក់ ជី​តូ កំពុង​ធ្វើ​ការងារ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ការពិត​។ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ មិន​ត្រូវបាន​គេ​បញ្ចេញ​ឲ្យដឹង​ទេ​៕​ S

What Next?

Recent Articles