លោក ជា មុនី ស្នើ​ឲ្យ​ក្រសួងបរិស្ថាន ចុះ​ត្រួតពិនិត្យ​បរិស្ថាន​នៅ​រោងចក្រ​ញូ​អាត​ឃី​ត​

ថ្ងៃទី 4 ឧសភា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: ​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១២ បាន​ផ្ញើលិខិត​ជូន​លោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ស្នើសុំ​ឲ្យ​មាន​ការចាត់​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​បរិស្ថាន​ទូទៅ នៅក្នុង​បរិវេណ​រោងចក្រ​ញូ​អាត​ឃី​ត មាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ភូ​មិន ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​លិខិត​នោះបាន​បង្ហាញថា នៅក្នុង​បរិវេណ​រោងចក្រ​ញូ​អាត​ឃី​ត មាន​ធុំក្លិន​របៀប​ក្លិន​ចំណី​ត្រី ជះក្លិន​ស្អុយ​ចូលមកក្នុង​អគារ C របស់​រោងចក្រ ដែល​ធ្វើ​ឲ្យ​កម្មករ​-​កម្មការិនី​កំពុង​បម្រើ​ការងារ ពិបាក​ទ្រាំ​ក្នុងការ​ដកដង្ហើម​។ លើសពីនេះ នៅ​កន្លែង​បោកគក់​របស់​រោងចក្រ ក៏មាន​ជះក្លិន​ស្អុយ​ភាយ​ចេញពី​ក្នុង​លូ​សំអុយ ធ្វើ​ឲ្យ​កម្មករ​-​កម្មការិនី​បម្រើ​ការងារ​នៅក្នុង​បរិវេណ​បោកគក់​នេះ ពិបាក​ទ្រាំ​ក្នុងការ​ដកដង្ហើម​ផងដែរ​។​

​លិខិត​របស់លោក ជា មុនី បាន​បញ្ជាក់ថា “​ក្លិនស្អុយ​ដែល​បង្ហាញ​ពី​កង្វក់​បរិស្ថាន នៅក្នុង​បរិវេណ​រោងចក្រ​ញូ​អាត​ឃី​ត បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សុខភាព​របស់​កម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​នេះ​”​។​

​នៅក្នុង​លិខិត​ដដែល​នោះ បាន​សំណូមពរ​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ត្រួតពិនិត្យ​បរិស្ថាន​ទូទៅ នៅក្នុង​បរិវេណ​រោងចក្រ​ញូ​អាត​ឃី​ត មាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ឲ្យ​បានច្បាស់លាស់ និង​មាន​វិធានការ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ចូលរួមចំណែក​គិតគូរ​ដល់​សុខភាព​របស់​កម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​នេះ​៕ K​

What Next?

Recent Articles