សង្គម​ស៊ីវិល និង​សហជីព ស្នើ​ឲ្យ​មាន​កសាង​រូបសំណាក លោក ឈុត វុទ្ធី

ថ្ងៃទី 3 ឧសភា 2012
ដោយ: រតនា
CEN

ភ្នំពេញ: ​សង្គម​ស៊ីវិល និង​មេ​សហជីព​សេរី​កម្មករ ព្រមទាំង​តំណាង​គណបក្សនយោបាយ​មិន​កាន់អំណាច បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង និង​នៅក្រៅ​ប្រទេស ព្រមទាំង​ប្រជាជាតិ​ទូទៅ​ដែល​ស្រឡាញ់​ធនធានធម្មជាតិ និង​បរិស្ថាន​ធម្មជាតិ​នោះ ចូលរួម​គ្នា​សាងសង់​រូប​សាំ​ន​ក់លោក ឈុត វ​ទ្ធី ប្រធាន​អង្គការ​ការពា​ធនធាន​ធម្មជាតិ នៅ​តំបន់​ព្រៃឈើ​ដែល​ត្រូវ​អភិរក្ស​។​

​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹង​យ៉ាងនេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្រឡាញ់​បរិស្ថាន​ត្រូវតែ​រួមគ្នា​សាងសង់​រូបចម្លាក់ លោក ឈុត វុទ្ធី ធ្វើ​អំពី​ឈើ ពីព្រោះ​គាត់ ( ឈុត វ​ទ្ធី )​ចូលចិត្ត​ព្រៃឈើ​នោះ ជា​វីរៈជន​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​។​

​លោក ជា មុនី បាន​មានប្រសាសន៍​បញ្ជាក់ថា “​ដោយសារតែ​លោក ឈុត វុទ្ធី ចូលចិត្ត​ព្រៃឈើ​នោះ យើង​កសាង​រូបចម្លាក់​គាត់ នៅ​ច្រកចូល​ទៅកាន់​ព្រៃ​ឡង់​មួយកន្លែង និង​កសាង​រូបចម្លាក់​មួយទៀត​នៅក្នុង​តំបន់​ព្រៃឈើ​ដែល​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​គាត់ គឺ​នៅ​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​”​។

​លោក​បន្តថា ការសង​រូបចម្លាក់​នេះ ទុក​ឲ្យ​មនុស្សជាតិ​ទុ​ទៅ​ចូល​រួមគ្នា​ការពារ​ធនធានធម្មជាតិ​ទាំងអស់គ្នា​។​
​ ​
​រីឯ​លោក សេង រិទ្ធី ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នៃ​សមាគមយុវជន​ខ្មែរ បាន​មានប្រសាសន៍ថា លោក ឈុត វុទ្ធី គឺជា​អ្នកការពារ​បរិស្ថាន និង​ជា​សកម្មជន​ដ៏​សំខាន់ គួរតែមាន​រូបសំណាក​របស់គាត់ ដើម្បី​អ្នកផ្សេងៗ​បាន​ស្គាល់​គាត់​។ លោក​បញ្ជាក់ថា “​គាត់​(​ឈុត​វុទ្ធី​) ជា​អ្នក​ដែល​ក្លាហាន​មួយរូប​”​។

​លោក​បន្តថា ការធ្វើ​រូបសំណាក​លោក ឈុត វុទ្ធី ជា​ការណ៍​មួយ​ប្រសើរ​ដើម្បី​ឲ្យ​គេ​បាន​ស្គាល់ ដឹង​ជាទូទៅ​។​

​ចំណែក​លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP-Center) បាន​មានប្រសាសន៍ថា លោក ឈុត វុទ្ធី ជា​សកម្មជន​មួយរូប តស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ ការពារ​ធនធានធម្មជាតិ ការពារ​ព្រៃ​ឡង់ មិនមែន​ដើម្បី​ផលប្រយោជន៍​ខ្លួន​គាត់​ទេ ដើម្បី​ប្រជាពលរដ្ឋ សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។

​លោក​បញ្ជាក់ថា “​គាត់​(​ឈុត​វុទ្ធី​)​គួរតែ​ទទួលបាន​ងារ​ជា​វីរៈជន គួរតែមាន​ការសាងសង់​រូបសំណាក​គាត់ សម្រាប់​ទុកជា​និម្មិត​រូប សម្រាប់​គោរព​វីរៈភាព​របស់គាត់ និង​ជា​គំរូ​សម្រាប់​អ្នកជំនាន់ក្រោយ​ទាំងអស់​”​។

​ជាមួយគ្នា​នោះដែរ លោក យ៉ង គឹមអេង បាន​បញ្ជាក់ថា ការសាងសង់​រូបសំណាក លោក ឈុត វុទ្ធី ដែលជា​វីរៈជន​ការពារ​ធនធានធម្មជាតិ ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​ធ្វើ​ពិធី​រំលឹក​ចំពោះ​គាត់ នៅ​រៀងរាល់ថ្ងៃ ដែល​គេ​បាញ់សម្លាប់​គាត់ ជាការ​បង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​មិនត្រូវ​ការ​ហិង្សា​ទេ កម្ពុជា​ត្រូវការ​ការដោះស្រាយ​ជម្លោះ បញ្ហា​ផ្សេងៗ​ដោយ​អហិង្សា ដោយ​ការនិយាយ ដោយ​ការចរចា​គ្នា​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ទេព ន​ន្ទ​រី បាន​មានប្រសាសន៍ថា នៅក្នុង​ទស្សនៈ​របស់លោក គួរតែ​លើកទឹកចិត្ត​អ្នក​ដែលមាន​ឧ​ត្ត​ម​គតិ​ជាតិ​។ លោក​បញ្ជាក់ថា “​ខ្ញុំ​ឯកភាព​សុំ​ឲ្យ​មាន​គោរមងារ​ដល់​អ្នក ដែលមាន​ឧ​ត្ត​ម​គតិ​ជាតិ​របៀបនេះ​”​។​

​លោក អ៊ូ ច័ន្ទ​រិ​ទ្ធ មន្ត្រីជាន់ខ្ពស់​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកតំណាងរាស្ដ្រ​មណ្ឌល​ខេត្តកណ្ដាល មានប្រសាសន៍ថា លោក​គាំទ្រ​នូវ​សំណើ​ការសង់​រូប​ជា​និម្មិត​រូប​ជូន​លោក ឈុត វុទ្ធី​។

​លោក​បញ្ជាក់ថា “​គណបក្ស​សិទ្ធិមនុស្ស គាំទ្រ​នូវ​សកម្មភាព​របស់លោក ឈុត វុទ្ធី ព្រោះ​យើង​ឃើញថា អ្វីដែល​គាត់​ធ្វើ គឺ​ការពារ​ផលប្រយោជន៍​ជាតិ ប្រជាពលរដ្ឋ ការពារ​បរិស្ថាន ធនធានធម្មជាតិ​ទាំងអស់​។ គាត់​ជាម​នុស្ស​មួយ​ក្លាហាន ហ៊ាន​ចូលទៅ​តទល់​ជាមួយ​អាជ្ញា​ធរមាន​ប្រដាប់អាវុធ​បែបនេះ ខ្ញុំ​សុំ​សរសើរ​នូវ​វីរៈភាព​របស់លោក​”​។​

​សូមជម្រាបថា កាលពី​ម៉ោង​វេលា​ជាង ១២ ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ រួម​ដំណើរ​ដោយ​កញ្ញា ផន បុ​ប្ជា និង​ឈ្មោះ អូ​លេ​ស្យា ប្លុក​ឃី (​ស្រី​) ជនជាតិ​កាណាដា ជា​បុគ្គលិក​កាសែត ឌឹ​ខេ​ម​បូ​ឌា ដេលី បាន​ចុះ​ទៅយក​ព័ត៌មាន​នៅ​ទីតាំង​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ នៅ​ភូមិ​កោះ​ប៉ោ ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ត្រូវបាន​សន្តិសុខ​ការពារ​ក្រុមហ៊ុន ហាមឃាត់ ហើយក៏​មាន​អន្តរាគមន៍​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ចុះទៅ​កន្លែងកើតហេតុ​។

​ក្រោយមក ក៏​មានការ​ប្រទាញប្រទង់​គ្នា ធ្វើ​ឲ្យ​មានការ​ផ្ទុះអាវុធ​បណ្តាល​ឲ្យ លោក ឈុត វុទ្ធី ស្លាប់ នៅនឹងកន្លែង​ដោយសារ​គ្រាប់កាំភ្លើង​បាញ់​ចូលក្នុង​ឡាន​ធ្លាយ​ត្រូវ​ជង្គង់​ប្លាត​ទៅ​ចំពោះ (​ស្លាប់​ក្នុង​ឡាន​)​។ ក្នុង​ព្រឹត្តិការណ៍​នោះ ប៉េអឹម ឈ្មោះ អ៊ិន រតនា ក៏ត្រូវ​ស្លាប់ ដោយ​ត្រូវ ២​គ្រាប់ ១​គ្រាប់​ចំពោះ ១​គ្រាប់​ទៀត​ចំ​គល់​ដោះ​ខាងឆ្វេង ស្លាប់​នៅនឹងកន្លែង​ក្បែរ​ឡាន​លោក ឈុត វុទ្ធី​។​

​កាលពី​ថ្ងៃទី​៣០​មេសា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ចុះហត្ថលេខា បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​បន្ត​ការស៊ើបអង្កេត​បន្ថែមទៀត ទៅលើ​ហេតុការណ៍ ដែល​កើតឡើង លើ​ឃាតកម្ម​លោក​ឈុត​វុទ្ធី និង​ប៉េអឹម អ៊ិត រតនា នៅ​ខេត្តកោះកុង​៕​

What Next?

Recent Articles