ថ្ងៃទី 3 ឧសភា 2012
ដោយ: សុខ ភក្តី
CEN
ភ្នំពេញ: ថ្ងៃនេះ យើងបានជួបជុំគ្នា ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ជាមួយនឹងការវាយតម្លៃជារួមអំពីស្ថានភាពសារព័ត៌មានប្រសើរជាងឆ្នាំមុន បើទោះបីជាកាលពីសប្តាហ៍មុនការឃុំខ្លួនអ្នកកាសែត ដឺឃែមបូឌា ដេលី ជាស្ត្រីចំនួនពីរនាក់ជាបណ្តោះអាសន្ន បានឆ្លុះបញ្ចាំងអំពីការពិតមួយ ដែលថា ការតស៊ូដើម្បីសេរីភាព គឺជាដំណើរផ្លូវមួយវែងឆ្ងាយទៀត ដែលយើងទាំងអស់គ្នាត្រូវតែសាមគ្គីគ្នាពុះពារគ្រប់ឧបសគ្គនៅក្នុងបេសកកម្មជាអ្នកផ្តល់ព័ត៌មានជូនសាធារណជន។

ក្រុមអ្នកកាសែត ជួបជុំ នៅតុកាហ្វេ ក្រោមដើមអំពិល ជាប់របងរដ្ឋសភាចាស់
មិនដូចនៅក្នុងពិភពលោកទាំងមូលដែលមានអ្នកកាសែតចំនួន៦២នាក់ត្រូវបានសម្លាប់ នោះទេ។ យើងមិនបានមើលឃើញអ្នកកាសែតកម្ពុជាណាម្នាក់ ត្រូវបានសម្លាប់នៅក្នុងមួយឆ្នាំកន្លងមកឡើយ។

ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែមីនា នាពេលដំណើរទស្សនកិច្ច លោក ហ៊ូ ជិនតាវ ប្រធានាធិបតីចិន
ចំណែកចំនួនអ្នកកាសែតត្រូវចាប់ខ្លួនអ្នកកាសែតប្រឈមនឹងការប្តឹងផ្តល់ និងការគំរាមកំហែងបានធ្លាក់ចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែមីនា នាពេលដំណើរទស្សនកិច្ច លោក ហ៊ូ ជិនតាវ ប្រធានាធិបតីចិន
តាមកំណត់ត្រារបស់ក្លឹបអ្នកកាសែតកម្ពុជា មួយឆ្នាំកន្លងមក មានអ្នកកាសែតចំនួន ៧នាក់ ត្រូវបានចាប់ខ្លួន។ តួលេខចាប់ខ្លួន បានធ្លាក់ចុះពីចំនួន ១០ នាក់ កាលពីឆ្នាំមុន ហើយចំនួនបណ្តឹងប្រឆាំងអ្នកកាសែត ក៏បានធ្លាក់ចុះពី ៩ ករណី មកត្រឹម ៤ ករណី។ ចំណែកការគំរាមកំហែងក៏បានធ្លាក់ចុះ មកត្រឹម ៥ ករណី ពីចំនួន ៧ ករណី។ ការគ្មានអ្នកកាសែតណាម្នាក់ ត្រូវបានសម្លាប់ការធ្លាក់ ចុះចំនួនអ្នកកាសែត ត្រូវចាប់ខ្លួន ត្រូវប្តឹងផ្តល់ និងត្រូវគំរាមកំហែង នាំអោយយើងឈានដល់ការសន្និដ្ឋានថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានលក្ខណ:ប្រសើរជាងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។
ប៉ុន្តែយើងនៅតែមានកង្វល់ និងបារម្ភ នៅពេលដែលយើងក្រឡេកមើលព្រឹត្តិការណ៍ កាលពីសប្តាហ៍មុន ដែលមានការបាញ់សម្លាប់សកម្មជនបរិស្ថានលោកឈុតវុទ្ធី ហើយអ្នកកាសែតជាស្ត្រីពីរនាក់ គឺ ផន បុប្ផា ជនជាតិកម្ពុជា និង OlesiaPlokhii ជនជាតិកាណាដា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន មុនពេលដោះលែងអោយមានសេរីភាព។
ការចាប់ខ្លួនអ្នកកាសែត នៅពេលបំពេញភារកិច្ច បានចង្អុលបង្ហាញប្រាប់យើងថា ការគំរាមកំហែងដល់សេរីភាពសារព័ត៌មាននៅតែមាននៅទីកន្លែងខ្លះ ក្នុងប្រទេសកម្ពុជា ដោយតម្រូវអោយយើងគ្រប់គ្នា ត្រូវតែអំពាវនាវអោយមានការយកចិត្តបន្ថែមទៀត ពីរដ្ឋាភិបាល ដើម្បីធានាថាសេរីភាពសារព័ត៌មាន ត្រូវបានធានាទាំងស្រុង ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
ឆ្លៀតឱកាសនេះយើងសូមធ្វើគារវកិច្ចចំពោះសេចក្តីក្លាហានរបស់អ្នកកាសែតទាំងឡាយ ហើយក៏ធ្វើគារវកិច្ចដល់ព្រលឹងអ្នកកាសែតចំនួន ៦២ នាក់ ដែលបានស្លាប់នៅក្នុងពិភពលោក ដោយសារតែបេសកម្មដ៏ថ្លៃថ្លារបស់ពួកគេ ដើម្បីលទ្ឋិប្រជាធិបតេយ្យ។
ទន្ទឹមនោះ យើងលើកទឹកចិត្តអោយអ្នកកាសែតកម្ពុជាទាំងអស់ បន្តសេចក្តីក្លាហាន ដើម្បីដើរតួនាទីជាអ្នកជ្រោងទង់ប្រជាធិបតេយ្យនៅកម្ពុជា អោយរឹងមាំតាមរយ:ការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ដោយគ្មានការភ័យខ្លាចជូនដល់សាធារណជន។
ឆ្នាំនេះយើងជ្រើសរើសយកប្រធានបទ “សារព័ត៌មានបែបថ្មី៖ លំហរថ្មីដើម្បីប្រជាធិបតេយ្យ” ដោយស៊ីគ្នានឹងប្រធានបទ ដែលប្រកាសដោយសហប្រជាជាតិ “ សម្លេងថ្មី៖ សេរីភាពសារព័ត៌មានជួយផ្លាស់ប្តូរសង្គម”។
បច្ចេកវិទ្យាព័ត៌មាន និងការរីកដុះដាលនៃប្រព័ន្ធអ៊ីនធើណិត បានបញ្ចប់យុគសម័យមួយ នៃការបិទមាត់មនុស្សជាតិ មិនអោយនិយាយនូវអ្វី ដែលពួកគេចង់និយាយ។ វានឹងក្លាយជាកំហុសឆ្គងមួយ សម្រាប់រដ្ឋាភិបាលណាមួយ លើលោក បើសិនជាគេជ្រើសរើសយកនយោបាយគាបសង្កត់សេរីភាពសារព័ត៌មាន នៅក្នុងដំណាក់កាលមួយ ដែលបច្ចេកវិទ្យាព័ត៌មានបានធ្វើប្រជាធិបតេយ្យនីយកម្មពិភពលោកទាំងមូល។
សម្លឹងមកក្នុងរង្វង់ប្រទេសកម្ពុជាវិញ មនុស្សកាន់តែច្រើន បាននាំគ្នាសម្តែងមតិចែករំលែកព័ត៌មាន និងធ្វើទំនាក់ទំនងតាមសារព័ត៌មានសង្គម (social media) ដូចជាការបង្កើតជាប្លក់ វេបសាយផ្ទាល់ខ្លួន facebook ឬ Twitter ជាដើម។មនុស្សកាន់តែច្រើនឡើងៗ ពិសេសយុវជន និងយុវតី បានប្រើប្រាស់ប្រព័ន្ឋអនឡាញ ( online ) ឬក៏សារព័ត៌មានបែបថ្មី ដូចជាសារព័ត៌មានសង្គម ដើម្បីសម្តែងមតិយោបល់គ្រប់ប្រភេទ ចែករំលែកចំណេះដឹង បង្ហាញការព្រួយបារម្ភ ឬក៏ធ្វើសកម្មភាពសង្គមផ្សេងៗទៀត។
នេះគឺជាការពង្រីកលំហរថ្មីសម្រាប់ប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។ សារគ្រប់ប្រភេទ ទាំងការរិះគន់ និងសរសើររដ្ឋាភិបាល ត្រូវបានគេផ្សព្វផ្សាយដោយសេរី និងគ្មានការរឹតត្បិត តាមអនឡាញ នៅក្នុងប្រទេសកម្ពុជា។ ការទំនាក់ទំនង ការចែករំលែកព័ត៌មាន ការពិភាក្សាផ្លាស់ប្តូរយោបល់ តាមអនឡាញ គួរតែត្រូវបានការពារយ៉ាងពេញលេញ ដើម្បីធានាលំហូរសេរី និងគ្មានការភ័យខ្លាចនៃព័ត៌មាន។ ក្នុងន័យនេះ ក្រៅពីការការពារដល់អ្នកសារព័ត៌មានអាជីព វាជាការចាំបាច់ ដែលរដ្ឋាភិបាលត្រូវធានាថា គ្មានប្រជាជនកម្ពុជាណាម្នាក់ត្រូវបានសម្លាប់ ចាប់ខ្លួន ឬក៏គំរាមកំហែង ដោយសារតែពួកគេបញ្ចេញយោបល់ ឬក៏ធ្វើការពិភាក្សាទៅលើបញ្ហាសង្គមទាំងឡាយតាមអនឡាញ។
ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ នឹងរឹតតែចាំបាច់ថែមទៀត នៅពេលដែលកម្ពុជាត្រូវធ្វើការបោះឆ្នោតឃុំសង្កាត់ ក្នុងខែមិថុនាខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅក្នុងឆ្នាំ២០១៣ខាងមុខ។
ដើម្បីដើរតួនាទីប្រកបដោយប្រសិទ្ធភាពជាសសរទ្រូងប្រជាធិបតេយ្យ ក្លឹបអ្នកកាសែតកម្ពុជា ឆ្លៀតឱកាសនេះ អំពាវនាវអោយអ្នកសារព័ត៌មានគ្រប់រូប ធ្វើសេចក្តីរាយការណ៍គ្រប់ជ្រុងជ្រោយ និងឯករាជ្យ ដើម្បីផ្តល់ព័ត៌មានគ្រប់គ្រាន់ ដល់ប្រជាជនកម្ពុជា។
មានតែនៅពេលមួយ ដែលពួកគេអាចមានព័ត៌មានគ្រប់គ្រាន់ ប្រកបដោយគុណភាពប៉ុណ្ណោះ ដែលប្រជាជនអាចជ្រើសរើសតំណាង និងមេដឹកនាំបានត្រឹមត្រូវ ហើយធ្វើអោយលទ្ធិប្រជាធិបតេយ្យមួយរីកស្គុះស្គាយ នៅក្នុងព្រះរាជាណាចក្រ ដ៏តូចច្រឡឹងនេះ។
.របាយការណ៍ស្ថានភាពអ្នកកាសែត ចាប់ពីថ្ងៃទី៣ ឧសភា ឆ្នាំ២០១១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២
តាមការសង្កេតរបស់ក្លឹបអ្នកកាសែតកម្ពុជា ស្ថានភាពអ្នកកាសែតសេរីភាពនៃការបញ្ចេញមតិ ចន្លោះពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២ ហាក់នៅតែមានភាពស្រអាប់អាស្រ័យ ដោយការគំរាមកំហែងមកលើអ្នកកាសែតក្នុងពេលបំពេញវិជ្ជាជីវៈនៅតែកើតមានជាបន្តបន្ទាប់ ហើយអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ទៀតនោះ គឺកាសែតសំខាន់ៗ ដូចជា រស្មីកម្ពុជា កម្ពុជាថ្មី កោះសន្តិភាព ជាដើម បានរងនូវបណ្តឹង ដែលករណីនេះ កម្រនឹងកើតមានឡើងក្នុងបណ្តាឆ្នាំមុនៗ។ ទន្ទឹមនោះទិដ្ឋភាពអវិជ្ជមានបង្កឡើងដោយអ្នកសារព័ត៌មាន និងធ្វើអោយប៉ះពាល់ដល់ក្រមសីលធម៌ វិជ្ជាជីវៈ នៅតែជាបញ្ហា ដែលត្រូវយកចិត្តទុកដាក់នៅឡើយ។
បណ្តឹងចំពោះអ្នកសារព័ត៌មាន ដែលពាក់ព័ន្ធនឹងវិជ្ជាជីវៈមានចំនួន ៤ ករណី ( ប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនមាន ៩ ករណី ) ក្នុងបណ្តឹងទាំង ៤ នោះ ត្រូវបានប្តឹងពីបទបរិហារកេរ្តិ៍ផ្សាយព័ត៌មានមិនពិត។ ប៉ុន្តែក្នុងបណ្តឹងចំនួន ៤ ករណីនោះ គឺមានបណ្តឹងចំនួន ១ ប៉ុណ្ណោះ ត្រូវបានដោះស្រាយ សម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ។ បណ្តឹងមួយករណីទៀត ត្រូវបានតុលាការលើកលែងការចោទប្រកាន់ ខណៈពេលដែលតុលាការពិនិត្យឃើញថា អ្នកកាសែត មិនមានពិរុទ្ធភាព។
អំពីការចាប់ខ្លួនអ្នកកាសែត ឆ្នាំនេះ អ្នកកាសែតចំនួន ៧ នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ប្រៀបធៀបរយៈពេលដូចគ្នា នៃឆ្នាំមុនមានចំនួន ១០ នាក់។
ទន្ទឹមនោះសកម្មភាពយកតួនាទីជាអ្នកសារព័ត៌មានទៅស្វែងរកលាភសក្ការៈ បណ្តាលអោយមានការចោទប្រកាន់ពីបទជំរិតទាប្រាក់ និងឈានដល់ការចាប់ខ្លួន គឺនៅតែកើតមាន និងកំពុងជះឥទ្ធិពលអវិជ្ជមាន ដល់វិស័យសារព័ត៌មាននៅកម្ពុជា។
ចំណែកការគំរាមគំហែង កើតមានចំនួន ៥ ករណី បើប្រៀបរយៈពេលដូចគ្នានៃឆ្នាំមុនមាន ៧ ករណី ហើយការគំរាមគំហែងទាំងអស់នោះ គឺភាគច្រើនកើតឡើង ដោយផ្ទាល់ចំពោះអ្នកសារព័ត៌មាន ដែលកំពុងបំពេញបេសកកម្មក្នុងវិជ្ជាជីវៈ។
ខាងក្រោមនេះ គឺជារបាយការណ៍ទាក់ទងទៅនឹងបណ្តឹងការចាប់ខ្លួន និងការគំរាមកំហែង ប្រឆាំងនឹងអ្នកកាសែត៖
១.បណ្តឹង៖
-ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១១៖ កាសែតរស្មីកម្ពុជា រងនូវបណ្តឹងបរិហារកេរ្តិ៍ ដែលប្តឹងដោយ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប បន្ទាប់ពីកាសែតនោះបានចេញផ្សាយ នូវអត្ថបទចំនួន ២ ដែលពាក់ព័ន្ធការរកស៊ីឈើខុសច្បាប់ ហើយពុំមានការបង្ក្រាប។
-ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១១៖ លោក ធាម សំបូរ អាយុ ៣៦ឆ្នាំ សហការី កាសែតកម្ពុជាថ្មី ត្រូវបានសាលាដំបូងខេត្តកណ្តាល កោះហៅអោយចូលខ្លួនទៅសាកសួរពាក់ព័ន្ធបណ្តឹងផ្សាយព័ត៌មានមិនពិត ដែលប្តឹងដោយ លោក ហេង វណ្ណា អធិការរងស្រុកមុខកំពូល។ បណ្តឹងនេះត្រូវបានសម្រុះសម្រួលបញ្ចប់ ក្រោយពីមានការអន្តរាគមន៍ពីក្លឹបអ្នកកាសែតកម្ពុជា ដោយសម្រុះសម្រួលអោយដើមបណ្តឹងយល់ព្រមដកពាក្យបណ្តឹង។
-ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១៖ តុលាការខេត្តសៀមរាប បានប្រកាសសាលក្រមសម្រេច លើកលែងការចោទប្រកាន់លើអ្នកកាសែតរស្មីកម្ពុជាមួយរូប ដែលរងនូវបណ្តឹងពីបទបរិហារកេរ្តិ៍ ប្តឹងដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប។ សាលក្រមបានបញ្ជាក់ថា បន្ទាប់ពីតុលាការពិចារណាលើសំណុំរឿងឃើញថា មិនមានពិរុទ្ធភាពគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកបានឡើយ។
– ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២៖ លោក ឱម សារឿន អ្នកយកព័ត៌មានកាសែតកោះសន្តិភាព ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបានតុលាការខេត្តកោះហៅទៅបំភ្លឺពាក់ព័ន្ធបណ្តឹងផ្សាយព័ត៌មានមិនពិត ដែលប្តឹង ដោយមន្ត្រីប៉ូលីសស្រុកអន្លង់វែង ក្រោយពេលដែលកាសែតកោះសន្តិភាព កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០១២ ចុះផ្សាយអត្ថបទក្រោមចំណងជើងថា “រឿងរ៉ាវចាប់កូនកម្លោះដាក់ពន្ធនាគារខកខាន ក្រេបច័ន្ទទឹកឃ្មុំ”។
២. ការចាប់ឃុំខ្លួន៖
-ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១១៖ អ្នកកាសែត ៣ រូប រួមមាន លោក ស៊ឹម សារឿន អាយុ ៥១ឆ្នាំ សមាជិក “សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា” លោក ទា រើន អាយុ ៤៨ ឆ្នាំ អ្នកយកព័ត៌មានកាសែត “សំដីរាស្ត្រ” លោក ជុំ សុភារុន អាយុ ៤២ឆ្នាំ អ្នកយកព័ត៌មានកាសែត “កម្ពុជាថ្ងៃថ្មី” ត្រូវបានសមត្ថកិច្ច ចាប់ឃុំខ្លួនតាមបណ្តឹងមន្ត្រីយោធា ឈ្មោះ ទៀត ប៊ុនទិន ប្តឹងពីបទជំរិតទាប្រាក់តាមទូរស័ព្ទ ចំនួន ២០ ដុល្លារ។
-ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១១៖ សមត្ថកិច្ចបានចាប់ឃុំខ្លួនអ្នកកាសែតម្នាក់ ឈ្មោះ ខន បូរ៉ា ហៅ រ៉ាមោគ អាយុ ៣៧ ឆ្នាំ មុខងារជាសហការីកាសែតសកលប្រចាំខេត្តសៀមរាប ដោយចោទប្រកាន់ពីបទជំរិតទារប្រាក់ពីអ្នករកស៊ីឈើគ្រញូង តាមឡានចំនួន ២.០០០ ដុល្លារ។ ប៉ុន្តែក្រោយមកចាងហ្វាងកាសែតសកល បានចេញលិខិតបដិសេធថា ឈ្មោះ ខន បូរ៉ា នោះ មិនមែនជាសហការីរបស់ខ្លួននោះទេ។
-ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១២៖ សាលាដំបូងខេត្តកំពត បានឃុំខ្លួនបណ្តោះអាសន្ន អ្នកកាសែតម្នាក់ឈ្មោះ ហង្ស ម៉ៅ អាយុ ៣៩ឆ្នាំ អ្នកយកព័ត៌មានឲ្យកាសែតបាយ័ន ពាក់ព័ន្ធបទលួច និងប៉ុនប៉ងចូលលំនៅដ្ឋានអ្នកដទៃ ដោយគ្មានការអនុញ្ញាត។
ប៉ុន្តែអ្នកកាសែតរូបនោះបានបដិសេធការចោទប្រកាន់ដោយមិនមានភស្តុតាងច្បាស់លាស់។
-ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២៖ អ្នកកាសែត ២ រូប គឺទី១ លោក ប្រាក់ សុខឡេង, ទី២ លោក រ៉ន ស៊ាន ទាំងពីរនាក់ ជាអ្នកយកព័ត៌មានឲ្យកាសែតការពិត ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ គំរាមគំហែងយកប្រាក់ពីស្ត្រី ឈ្មោះ ផាត់ តាណា អ្នករកស៊ីឈើខុសច្បាប់។ តាមការឲ្យដឹងរបស់អ្នកកាសែតបានឲ្យដឹងថា ការចាប់ឃាត់ខ្លួនអ្នកកាសែត ទាំងពីររូបនោះ គឺធ្វើឡើងក្រោយពេល ដែលអ្នកកាសែតរូបនោះ បានរារាំងការដឹកជញ្ជូនឈើខុសច្បាប់ របស់ស្ត្រីឈ្មោះ ផាត់ តាណា និងបានរាយការណ៍ឲ្យសមត្ថកិច្ចប៉ូលិស។
៣. ការគំរាមកំហែង៖
-ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១១៖ លោក សូយ យូម៉ឺន អាយុ ៤៥ ឆ្នាំ សហការី កាសែតរស្មីកម្ពុជា ត្រូវបានក្រុមសន្តិសុខយាមឃ្លាំងអោយក្រុមហ៊ុន ហាក់ ម៉ៅ ប្រមាណ ៤ ទៅ ៥ នាក់ ព្រួតគ្នាវាយដំ និងប្រមាថយ៉ាងធ្ងន់ធ្ងរ ព្រមទាំងចាប់ដកយកម៉ាស៊ីនថតរូបភាពយ៉ាងកម្រោល ខណៈពេលដែលសហការីរូបនោះ ព្យាយាមថតយករូបភាពតាមផ្លូវសាធារណៈ ស្របតាមវិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន។
-ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១៖ លោក លី ប៊ុនហេង អាយុ ៣១ឆ្នាំ មុខងារអ្នកយកព័ត៌មាន កាសែតដំណឹងចុងក្រោយ ត្រូវបានជនមិនស្គាល់មុខវាយប្រហារនឹងទឹកអាស៊ីត ក្នុងពេល ដែលអ្នកកាសែតរូបនោះ កំពុងធ្វើដំណើរជាមួយភរិយានិងកូនតាមផ្លូវក្នុងរាជធានីភ្នំពេញ។
គេមិនបានដឹងថា ការវាយប្រហារដោយទឹកអាស៊ីតនោះ បង្កឡើងដោយមូលហេតុអ្វីនោះទេ ខណៈពេលដែលជនបង្កហេតុ បានរត់គេចខ្លួន។ ប៉ុន្តែករណីនេះមិនពាក់ព័ន្ធការបំពេញវិជ្ជាជីវៈនោះទេ។
-ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១១៖អ្នកកាសែតមួយក្រុម ដែលកំពុងជួបជុំគ្នានៅស្នាក់ការអង្គការឃ្លាំមើលកម្ពុជា បានរងនូវការគំរាមគំហែង ដោយគ្រាប់បែកសម្លាប់ពីសំណាក់មន្ត្រីនគរបាលខេត្ត ស្ទឹងត្រែងមួយរូបឈ្មោះ ញាំង សុផាត ដែលខឹងនឹងអ្នកកាសែតមួយក្រុមនោះ ចេះតែសុំលុយពីគាត់ ដែលរកស៊ីដឹកឈើគ្រញូងតាមម៉ូតូ។ ករណីនេះ គ្រាន់តែជាការគំរាមប៉ុណ្ណោះ។
-ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២៖ អ្នកកាសែតនគរវត្តម្នាក់ឈ្មោះ ហុក លី ប្រចាំខេត្តកំពត រងការគំរាមកំហែងអាយុជីវិតពីស្ត្រីម្នាក់ ឈ្មោះ ចាន់ ស្រីស ក្រោយពេលដែលកាសែត នគរវត្ត ចុះផ្សាយ អត្ថបទក្រោមចំណងជើងថា “មេឈ្មួញ ចាន់ ស្រីស ល្បីរត់ពន្ធប្រេងនៅត្រពាំងរពៅ”។
-ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២៖ ស្ត្រីអ្នកកាសែត ឌឺឃែមបូឌាដេលី ២រូប ទី១-ឈ្មោះ ផន បុប្ជា ជនជាតិខ្មែរ និងទី២-ឈ្មោះ Olesia Plokhii ជនជាតិកាណាដា រងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីសំណាក់កងកម្លាំង PM ការពារក្រុមហ៊ុនព្រៃសម្បទាននៅខេត្តកោះកុង ក្នុងពេលដែលមន្ត្រី បរិស្ថានរួមដំណើរជាមួយអ្នកកាសែតម្នាក់ត្រូវបាញ់សម្លាប់។ ការគំរាមកំហែងនោះធ្វើឡើងក្នុងពេល ដែលអ្នកកាសែតទាំងពីរនាក់នោះ ព្យាយាមចូលយកព័ត៌មាននិងថតរូបអំពីសកម្មភាពបំផ្លាញព្រៃឈើ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
អ្នកកាសែតទាំង ២ រូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមួយរយៈ មុននឹងធ្វើការដោះលែង ឲ្យមានសេរីភាពឡើងវិញ៕
