Thursday, 03 May 2012
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

យ៉ាងហោចណាស់ អ្នកភូមិ បឹងកក់ និងបុរីកីឡា ៦នាក់ ក្នុងចំណោម ជាង ២០០នាក់ បានរងរបួស កាលពី ម្សិលមិញ ក្នុងការប៉ះទង្គិចគ្នា មួយជាមួយ កម្លាំង ប្រដាប់អាវុធ ចម្រុះ រាជធានី ភ្នំពេញ បន្ទាប់ពី ពួកគេ ព្យាយាម រុញច្រាន រនាំង ការពារ របស់ សមត្ថកិច្ច ដើម្បី នាំញត្តិ ស្នើសុំ អន្តរាគមន៍ បោះបង្គោល ព្រំប្រទល់ ដី ។ រូប មិនា
ភ្នំពេញ: អ្នកភូមិបឹងកក់ និងបុរីកីឡា យ៉ាងហោចណាស់៦នាក់ ក្នុងចំណោមជាង២០០នាក់ បានរងរបួស កាលពីម្សិលមិញក្នុងការប៉ះទង្គិចគ្នាមួយជាមួយកម្លាំងប្រដាប់អាវុធ ចម្រុះរាជធានីភ្នំពេញ បន្ទាប់ពីពួកគេព្យាយាមរុញច្រានរនាំងការពាររបស់សមត្ថកិច្ច ដើម្បីនាំញត្តិស្នើសុំអន្តរាគមន៍ឲ្យបោះបង្គោលព្រំប្រទល់ដី១២,៤៤ ហិកតា ទៅដាក់នៅការិយាល័យធនាគារពិភពលោក និងសហភាពអឺរុប ប្រចាំកម្ពុជា។
ស្ត្រីវ័យ៣០ឆ្នាំម្នាក់មកពីភូមិ១ ក្នុងតំបន់បឹងកក់ អ្នកស្រី ស្រី សុផល ថា មន្ត្រីនគរបាលដែលពាក់ឯកសណ្ឋានឈុតបៃតងចាស់ «បានលើកដៃវាយខ្ញុំពីរដៃផ្ទួនៗចំផ្ទៃមុខ និងមន្ត្រីនគរបាលម្នាក់ទៀតបានធាក់ចំភ្លៅខាងឆ្វេងនិងពោះរបស់ខ្ញុំ បណ្ដាលឲ្យខ្ញុំវិលមុខ និងចុកឆ្អល់យ៉ាងខ្លាំង»។

កម្លាំងសមត្ថកិច្ចជាច្រើនដែលព្យាយាមរារាំងអ្នកតវ៉ាម្សិលមិញ។ (រូប ជីវ័ន)
ចំណែកឯ មន្ត្រីនគរបាលដែលវាយមកលើអ្នកភូមិមុនគេនោះ ត្រូវបានពលរដ្ឋម្នាក់មកពីភូមិ១ ក្នុងតំបន់បឹងកក់ថតរូបជាប់ទាំងមុខនិងស្លាកឈ្មោះ ប៉ុន្តែមន្ត្រីនគរបាលរូបនោះ បានបដិសេធ ដោយនិយាយថា៖«យើងគ្មានមូលហេតុអ្វីទៅវាយពលរដ្ឋនោះទេ គឺយើងគ្រាន់តែរុញច្រានកុំឲ្យពួកគេទៅលើផ្លូវធំ(មហាវិថីព្រះនរោតម្ត)ដែលនាំឲ្យកកស្ទះចរាចរណ៍ និងខូចសណ្ដាប់ធ្នាប់»។
អ្នកស្រីបូវ សោភា អាយុ៣៦ឆ្នាំ មកពីភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលមានរបួសស្នាមដាច់រលាត់ស្មងជើងឆ្វេង បាននិយាយថា ក្រុមនគរបាលប្រឆាំងកុបកម្ម បានទាត់ឈូសជើងរបស់គាត់និងស្បែកជើងប៊ូ។
អ្នកស្រីបានបញ្ជាក់ថា៖«យើងគ្រាន់តែលើកគ្នាមកដាក់ញត្តិ សុំឲ្យមានការជួយអន្តរាគមន៍បោះបង្គោលកំណត់ព្រំប្រទល់ដី១២,៤៤ហិកតា ដែលផ្តល់ដោយប្រមុខរដ្ឋាភិបាលដល់យើងខ្ញុំឲ្យបានច្បាស់លាស់ប៉ុណ្ណោះ ត្រូវកម្លាំងនគរបាលចម្រុះវាយប្រដេញ ដូចជាសត្វ»។
ដោយក្ដីឈឺចុកចាប់ក្នុងចិត្ត និងរាងកាយបានរងការវាយដំពីក្រុមសមត្ថកិច្ចផងនោះ អ្នកស្រី សួង សម័យ អាយុ៥៣ឆ្នាំ មកពីភូមិ២២ក្នុងតំបន់បឹងកក់ បាននិយាយប្រាប់ភ្នំពេញប៉ុស្តិ៍ទាំងទឹកភ្នែករលេងរលោងថា កម្លាំងសមត្ថកិច្ចនគរបាលចម្រុះបានចាប់ច្របាច់កាច់បំបាក់ម្រាមដៃចង្អុលខាងឆ្វេងរបស់គាត់ នៅពេលដែលគាត់លើកដៃចង្អុលមុខមន្ត្រីនគរបាលម្នាក់ដែលបានវាយមកលើពួកគាត់នោះ។
អ្នកស្រីនិយាយទៀតថា៖«ខ្ញុំឈឺចិត្តណាស់…ពួកគេសាហាវឃោរឃៅយង់ឃ្នងលើកដៃវាយខ្ញុំជាស្ត្រីចំណាស់ទន់ខ្សោយ ដែលអាចធ្វើជាម្ដាយរបស់ពួកគេបាន»។
តំណាងក្រុមបាតុករម្នាក់ ក្នុងចំណោមប្រាំនាក់ ដែលដាក់ច្រវាក់ដៃខ្លួនឯង ដើម្បីដាក់សម្ពាធដល់អាជ្ញាធរឲ្យបញ្ឈប់ការប្រើប្រព័ន្ធតុលាការ មកលើពួកគាត់ដែលតវ៉ាក្នុងរឿងដីធ្លី អ្នកស្រី ហេង មុំ ថា៖ «យើងបានប្រាប់ពីគោលបំណងនៃការដង្ហែក្បួនតវ៉ាទាមទាររបស់យើង ហើយបានព្យាយាមដើរតាមផ្លូវ ដែលសាលារាជធានីបានកំណត់ឲ្យ ប៉ុន្តែពួកយើងនៅតែរងការវាយបង្ក្រាបដោយហិង្សាពីកម្លាំងសមត្ថកិច្ច។ តើឯណាទៅយុត្តិធម៌?»។
លោក កើត ឆែ អនុប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ បានបដិសេធថា សាលារាជធានីភ្នំពេញមិនបានឯកភាពឬយល់ព្រមឲ្យមានការដង្ហែក្បួនតវ៉ានេះទេ និងបានជំរុញឲ្យសាកសួរទៅតំណាងក្រុមអ្នកតវ៉ាក្នុងតំបន់បឹងកក់ ថាតើពួកគាត់មានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញដែរឬអត់?
ទោះជាបែបណាក្ដី ក្រោយពីមានការប៉ះទង្គិចគ្នារួច ក្រុមអ្នកតវ៉ាត្រូវបានគេអនុញ្ញាតឲ្យតំណាងរបស់ពួកគេ យកញត្តិទៅដាក់នៅការិយាល័យធនាគារពិភពលោក និងសហគមន៍អឺរុប ប្រចាំកម្ពុជា រួចហើយបន្តទៅដាក់នៅសភាជាតិថែមទៀត។
អ្នកស្រីទេព វន្នី តំណាងក្រុមបាតុករមកពីតំបន់បឹងកក់បានថ្លែងថា ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ក្រៅពីបានដាក់ញត្តិនៅស្ថាប័នទាំងបីខាងលើ ពួកគាត់បានដាក់ញត្តិទៅស្ថានទូត អាមេរិក ជប៉ុន អូស្ត្រាលី អង់គ្លេសនិងស្ថាប័នព្រឹទ្ធសភាផងដែរ។
លោក ចាន់ សូវេត អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការអាដហុក បាននិយាយថា តាមការពិនិត្យភាពជាក់ស្ដែងនៃការដើរក្បួនតវ៉ា ប្រជាពលរដ្ឋមានភាពខុសឆ្គងត្រង់ថាពួកគាត់ដាក់ច្រវាក់ និងដោះអាវ អាក្រាតខ្លួនប្រាណ ប៉ុន្តែទង្វើនេះគឺជាជម្រើសចុងក្រោយរបស់ពួកគាត់ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពនិងរយៈពេលជាយូរមកហើយ ដើម្បីតែដីធ្លីនិងទីជម្រករបស់ពួកគាត់ត្រូវបានគេរំលោភបំពានយក។ លោក បន្តថា៖ «បើសិនជាអាជ្ញាធរនៅតែបន្តការបង្ក្រាប ជាជាងរកដំណោះស្រាយ យើងយល់ថាការនេះនឹងនាំឲ្យអន្តរាយដល់រដ្ឋាភិបាល…» ៕