ថ្ងៃទី 6 ឧសភា 2012
ដោយ: ចៅចិត្រ
CEN
ភ្នំពេញ: ភាគច្រើនគេសង្កេតឃើញថា រាល់ការស្ថាបនា និងជួសជុលផ្លូវថ្នល់ ច្រើនតែធ្វើឡើងតាំងពីព្រឹកព្រលឹម ទាំងកណ្តាលថ្ងៃត្រង់ រហូតដល់ថ្ងៃរសៀលទើបឈប់ ដែលជាបញ្ហាធ្វើឲ្យមានការកកស្ទះដល់ចរាចរណ៍ និងធ្វើឲ្យមានការយឺតយ៉ាវដល់មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងប្រជាពលរដ្ឋដទៃទៀត ជាក់ស្តែងដូចជានៅផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន មានការបិទផ្លូវអស់មួយរយៈមកហើយ ដើម្បីធ្វើការជួសជុល។
ជាទូទៅ ការជួសជុលផ្លូវ និងការស្តារហេដ្ឋារចនាសម្ព័ន្ធនានា គឺជាការល្អប្រសើរបំផុត តែបើតាមសង្កេតឃើញថា ប្រហែលជាទំលាប់ហើយមើលទៅ បានជារាល់ពេលនៃការជួសជុលផ្លូវម្តងៗ តែងតែមានការដាក់រនាំងខណ្ឌចែក ឬក៏បិទផ្លូវតែម្តង។

មានការបិទផ្លូវអស់មួយរយៈមកហើយ ដើម្បីធ្វើការជួសជុល
សកម្មភាពទាំងនេះ បានធ្វើឲ្យមានការរអ៊ូរទាំពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុននានា ដែលបង្កមកពីការឈូសឆាយផ្លូវ បណ្តាលឲ្យមានមានដីហុយនៅពេលថ្ងៃ រំខានដល់ពួកគាត់ ហើយម្យ៉ាងទៀត ការជួសជុលផ្លូវនោះ ផ្លូវខ្លះក្រុមអ្នកជួសជុលបានដាក់រនាំងខណ្ឌបិទផ្លូវ ទាំងនេះធ្វើឲ្យមានការកកស្ទះ ការយឺតយ៉ាវ ចំណាយពេលច្រើនក្នុងការជិះផ្លូវវាង។ ម្យ៉ាងបច្ចុប្បន្ន តម្លៃប្រេងសាំងក៏មានការកើនឡើងជារៀងរាល់ថ្ងៃ។
មតិមួយចំនួនបានលើកឡើងថា ចុះប្រសិនបើការជួសជុលផ្លូវនេះ ធ្វើឡើងនៅពេលយប់វិញនោះ តើវាមានភាពងាយស្រួលយ៉ាងណាវិញទៅ? ការជួសជុលផ្លូវពេលយប់មិនបង្កឲ្យមានការកកស្ទះ មិនរំខានដល់អ្នកដំណើរ ហើយម្យ៉ាងទៀត ឲ្យកម្មករជួសជុលផ្លូវ ធ្វើការបានយ៉ាងល្អ ព្រោះវាត្រជាក់។ ការស្ថាបនា និងជួសជុលផ្លូវផ្សេងៗ នៅឯប្រទេសជាច្រើន គេអនុវត្តបែបបនេះ គេជួសជុលផ្លូវតែពេលយប់ និងផ្តល់ប្រាក់កម្រៃបន្ថែមខ្លះទៀតដល់កម្មករផងដែរ៕ K
