ដោយ ជិន ជេដ្ឋា
2012-05-06
វិទ្យុអាស៊ីសេរី
ប្រទេសកម្ពុជា និងបណ្ដាប្រទេសសមាជិកអាស៊ាន ប្ដេជ្ញាបង្កើតសេចក្ដីព្រាងច្បាប់គ្រប់គ្រង និងលើកកម្ពស់សិទ្ធិការងារពលករចំណាកស្រុក ក្នុងតំបន់អាស៊ាន (ASEAN)។
សេចក្ដីព្រាងនេះ ទើបចាប់ផ្ដើមធ្វើនៅឆ្នាំនេះ ហើយគេសង្ឃឹមថា នឹងបញ្ចប់នៅក្នុងឆ្នាំ ២០១៣ ឬដើមឆ្នាំ ២០១៤។ ស្របពេលនេះដែរ មន្ត្រីក្រសួងការងារបញ្ជាក់ថា កម្ពុជាក៏មានច្បាប់ការងារជាតិរបស់ខ្លួនមួយដែរ ក្នុងការគ្រប់គ្រង និងដោះស្រាយទៅលើបញ្ហាទំនាស់ការងារទាំងនេះ។
នៅគ្រាដែលធនធានមនុស្ស និងកម្លាំងពលកម្មនៅកម្ពុជា មានការប្រកួតប្រជែងខ្លាំង នៅបណ្ដាប្រទេសក្នុងតំបន់ ក្រុមមន្ត្រីការងារអាស៊ាន បានបើកកិច្ចប្រជុំមួយនៅទីក្រុងភ្នំពេញ នៅថ្ងៃទី ៦ ឧសភា ដើម្បីចាប់បង្កើតសេចក្ដីព្រាងច្បាប់មួយ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិការងារពលករនៅក្នុងតំបន់អាស៊ាន។
អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា លោក ហូ វុឌ្ឍី មានប្រសាសន៍ថា ប្រទេសទាំងអស់នៃសមាជិកអាស៊ាន មានការប្ដេជ្ញាចិត្ត និងធានាឲ្យបាននូវការការពារសិទ្ធិការងាររបស់ពលករ។
លោក ហូ វុឌ្ឍី៖ «ប្រទេសទាំងដប់មានCommitment (ការប្ដេជ្ញាចិត្ត) ដូចគ្នាទាំងប្រទេសបញ្ជូន និងប្រទេសទទួលធ្វើម៉េចឲ្យពលករនៃប្រទេសទាំង ១០ អាចចេញចូលទៅមក ក្រោមការគ្រប់គ្រងក្នុងច្បាប់ និងបទដ្ឋានតែមួយដូចគ្នា បានស្របតាមបទដ្ឋានអន្តរជាតិ»។
លោកបញ្ជាក់ថា សេចក្ដីព្រាងច្បាប់របស់ក្រុមមន្ត្រីការងារអាស៊ាន នៅពេលនេះ គឺមានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រង និងលើកកម្ពស់សិទ្ធិការងារពលករខ្មែរ។ ប៉ុន្តែកម្ពុជា ក៏មិនរង់ចាំតែសេចក្ដីព្រាងនេះដែរ ព្រោះប្រទេសកម្ពុជា មានច្បាប់ជាតិរបស់ខ្លួន ក្នុងការដោះស្រាយលើបញ្ហាទាំងអស់នេះដែរ។
ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា វ៉ាយ. អ. ឌី. ភី (YRDP) លោក ជាង សុខា មានប្រសាសន៍ថា លោកសាទរចំពោះគំនិតផ្ដួចផ្ដើមរបស់កម្ពុជា។
លោក ជាង សុខា មានប្រសាសន៍៖ «អ្វីដែលលោកបានលើកអម្បាញ់មិញយើងថា មានច្បាប់ប្រទេសរបស់យើង។ ប៉ុន្តែ រាល់សកម្មភាពនេះ ប៉ុន្តែរាល់សកម្មភាពមួយចំនួនទាក់ទងទៅនឹងការរំលោភសិទ្ធិពលករ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយ យើងឃើញថា មានកំណើនច្រើន។ ត្រង់ចំណុចនេះ អាចឆ្លុះបញ្ចាំងឲ្យឃើញថា យើងមានច្បាប់ តែមិនទាន់មានប្រសិទ្ធភាពនៅក្នុងការអនុវត្ត។ អ៊ីចឹងហើយការជំរុញឲ្យមានការអនុវត្តច្បាប់នៅក្នុងកម្រិតប្រទេស ក៏ជាកត្តាមួយជួយជំរុញឲ្យកាត់បន្ថយនូវការរំលោភសិទ្ធិដែរ»។
លោកបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌប្រទេសកម្ពុជា មានច្បាប់ជាច្រើន ដែលអាចធ្វើឲ្យសង្គមការងារនៅកម្ពុជាមានភាពល្អប្រសើរឡើង។ ប៉ុន្តែការអនុវត្តច្បាប់នៅមានកម្រិតនៅឡើយ ហើយជាទូទៅ គេសង្កេតឃើញថា មានកម្មកររោងចក្រស្ទើរគ្រប់ទីកន្លែងតែងធ្វើបាតុកម្ម កូដកម្មទាមទារឲ្យថៅកែគោរពច្បាប់ការងារ ដោយពួកគេត្អូញត្អែរថា ថៅកែរោងចក្រខ្លះ បង្ខំកម្មករឲ្យធ្វើការលើសម៉ោង ឬ បង្ខំកម្មករឲ្យធ្វើការក្នុងថ្ងៃបុណ្យជាតិ អន្តរជាតិ ដែលប្រឆាំងឆន្ទៈកម្មករ និងរំលោភច្បាប់ការងារ។
ជាងនេះទៅទៀត រាល់ការតវ៉ារបស់កម្មករ មិនត្រូវបានដោះស្រាយ ឬក៏បានដោះស្រាយដោយលំអៀង ដោយសារអំពើពុករលួយ ឬក៏ប្រទេសកម្ពុជា មិនមានតុលាការសម្រាប់ដោះស្រាយវិវាទការងារជាដើម។
របាយការណ៍វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា ស្ដីពីទេសន្តរប្រវេសក៍ខុសច្បាប់កម្ពុជា ឆ្នាំ ២០១១ បង្ហាញថា ប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមចាកចោលស្រុក ទៅរកការងារចាប់តាំងពីឆ្នាំ ១៩៨០ ជាងមកម្ល៉េះ ដែលកាលនោះ ភាគច្រើនជាជនភៀសសឹកនៅព្រំដែនខ្មែរថៃ។
ក្រៅពីនេះ ចរន្តស្វែងរកការងារខុសច្បាប់នេះ ក៏ចេះតែបន្តមកទល់សព្វថ្ងៃ ហើយបានរីករាលដាលដល់ប្រទេសផ្សេងៗ ទៀត ដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រទេសដទៃទៀត។ ពួកគេត្រូវគេបោកប្រាស់ និងបង្ខំឲ្យធ្វើការដូចកញ្ជះដាច់ថ្លៃ និងប្រឈមគ្រោះថ្នាក់បំផុត។
របាយការណ៍ដដែលនេះបង្ហាញថា នៅឆ្នាំ ២០០៩ មានពលករខ្មែរជិត ៦ ម៉ឺននាក់ ធ្វើការនៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ជាកម្មកររោងចក្រ និងអ្នកបម្រើតាមផ្ទះ។
យ៉ាងណាក៏ដោយ គេជឿថា សេចក្ដីព្រាងច្បាប់គ្រប់គ្រង និងលើកកម្ពស់សិទ្ធិការងាររបស់ពលករ ក៏នៅតែមិនប្រសើរជាងសព្វថ្ងៃនេះទេ ប្រសិនបើអ្នកដឹកនាំពុំមានឆន្ទៈគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។