ផ្ទះ​សាមសិប​ខ្នង​ត្រូវ​របើក​ដំបូល នៅ​សង្កាត់​ស្វាយប៉ាក​

ថ្ងៃទី 6 ឧសភា 2012
ដោយ: ខេមា
CEN

ភ្នំពេញ: ​លំនៅដ្ឋាន​ប្រមាណ​ជា ៣០​ខ្នង នៅ​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវ​របើក​ដំបូល​អស់​នៅ​ល្ងាច​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១២ ដោយសារ​ខ្យល់​កន្ដ្រាក់​ដ៏​ខ្លាំង ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ភូមិ​នេះ​។

​ស័ង្កសី ផ្ទាំង​កៅស៊ូ កំណាត់ឈើ​ស្ដើងៗ និង​របស់របរ​ស្រាលៗ ត្រូវ​កម្លាំង​ខ្យល់កួច​នាំយក​ឡើងទៅ​លើ​អាកាស ហើយ​ធ្លាក់​រប៉ាត់រប៉ាយ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ដែល​រងគ្រោះ តែ​បាតុភូត​នេះ​មិន​បណ្ដាលឱ្យមាន​ប្រជាពលរដ្ឋ​រងគ្រោះថ្នាក់​ទេ​។
​ ​
​លោក កូប ស្លេះ អភិបាលរងខណ្ឌ​ឫស្សីកែវ និង​ជា​ប្រធាន​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន ចុះ​ពង្រឹង​សង្កាត់​ស្វាយប៉ាក បានឱ្យដឹង​នៅ​ព្រលប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១២ ថា នៅ​ចំពោះមុខ​នេះ ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​រងគ្រោះ​ដោយសារ​ខ្យល់កួច​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក បានទទួល​កៅស៊ូ​តង់​សម្រាប់ធ្វើ​ដំបូល​ជ្រក​បណ្ដោះអាសន្ន មួយ​គ្រួសារ​តង់​មួយ​។ ចំពោះ​ជំនួយ​សង្គ្រោះ​ផ្សេងៗ មិនទាន់មាន​ទេ​៕ K

What Next?

Recent Articles