ដោយ គី សុខលីម
RFI
អង្គការសង្កេតការណ៍បោះឆ្នោត Comfrel បានសង្កេតឃើញថា មេគ្រួសារលែងមានឥទ្ធិពលលើសំឡេងឆ្នោតទៀតហើយសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។ កាលពីអាណត្តិមុនៗ សមាជិកក្នុងគ្រួសារនីមួយៗតែងតែបោះឆ្នោតជ្រើសរើសគណបក្សនយោបាយតាមមេគ្រួសារដែលមានឥទ្ធិពលហិរញ្ញវត្ថុ។

កត្តា ហិរញ្ញវត្ថុ ជំរុញ ឲ្យ សមាជិក គ្រួសារ មាន ឯករាជ្យ ពី មេគ្រួសារ ក្នុងការ ជ្រើសរើស គណបក្ស នយោបាយ (RFI/Siv Channa)
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការសង្កេតការណ៍បោះឆ្នោតនៅក្នុងប្រទេសកម្ពុជា Comfrel បានអះអាងនៅថ្ងៃអាទិត្យទី៦ខែឧសភានេះថា មេគ្រូសារដែលធ្លាប់តែមានឥទ្ធិពលលើការជ្រើសរើសគណបក្សនយោបាយនោះ ឥឡូវ មិនសូវមានឥទ្ធិពលដូចពីមុនទៀតឡើយ។
កាលពីអាណត្តិមុនៗ ជាពិសេស ចាប់តាំងពីអាណត្តិឆ្នាំ១៩៩៣ដល់អាណត្តិបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០០៧និងអាណត្តិបោះឆ្នោតជាតិឆ្នាំ២០០៨ កន្លងមក គ្រួសារខ្មែរមួយចំនួនធំបានសម្រេចចិត្តបោះឆ្នោតជ្រើសរើសគណបក្សនយោបាយតាមឪពុកដែលជាមេគ្រួសារ។ ប៉ុន្តែនិន្នាការនេះបានថយចុះពីអាណត្តិមួយទៅអាណត្តិមួយ។
លោក គល់ បញ្ញា ដែលជាអ្នកជំនាញសង្កេតការណ៍បោះឆ្នោតតាំងពីច្រើនអាណត្តិមកហើយនោះ បានពន្យល់ថា ការថយចុះនៃនិន្នាការនេះគឺបណ្តាលមកពីមូលហេតុចម្បងតែមួយគត់គឺកត្តាហិរញ្ញវត្ថុ។ អ្នកជំនាញរូបនេះបានពន្យល់លម្អិតថា៖ «កាលពីពេលមុន នៅក្នុងសង្គមខ្មែរ ឪពុកភាគច្រើនគឺជាអ្នករកលុយកាក់សម្រាប់ចិញ្ចឹមផ្គត់ផ្គង់គ្រួសារ។ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានការប្រែប្រួល មានន័យថា នាពេលបច្ចុប្បន្ននេះ សមាជិកក្នុងគ្រួសារសុទ្ធតែមានការងារធ្វើរៀងៗខ្លួន។ ដូច្នេះ ពួកគេសម្រេចចិត្តជ្រើសរើសគណបក្សនយោយបាយដោយខ្លួនឯង»។
លទ្ធផលជំរឿនសហគ្រាសចុងក្រោយបានបង្ហាញថា ប្រទេសកម្ពុជាមានចំនួនសហគ្រាសកន្លះលានដោយប្រើប្រាស់កម្លាំងពលកម្មចំនួន១លាន៧សែននាក់។ ក្នុងចំណោមចំនួននេះ ស្ត្រីមានចំនួនជាង១លាននាក់ ពោលគឺស្មើនឹង៦១%រីឯបុរសតំណាងអោយតែ៣៩%ប៉ុណ្ណោះ។ បើផ្អែកលើតួលេខនេះ គេអាចនិយាយបានថា ស្ត្រីលែងពឹងពាក់ទាំងស្រុងលើចំណូលរបស់ស្វាមីទៀតហើយ។
ជាការពិត និន្នាការបោះឆ្នោតតាមមេគ្រួសារបានថយចុះច្រើនមែននៅទីក្រុងភ្នំពេញប៉ុន្តែ នៅជនបទ ការបោះឆ្នោតតាមគ្នានៅតែមានច្រើនដែរ។
ក្រៅពីការបោះឆ្នោតតាមមេគ្រួសារ លោក គល់ បញ្ញា សង្កេតឃើញថា អំពើហិង្សាមុនពេលបោះឆ្នោតរវាងអ្នកគាំទ្របក្សមួយនិងបក្សមួយទៀតមានការថយចុះគួរអោយកត់សម្គាល់បើប្រៀបធៀបទៅនឹងអាណត្តិមុនៗ។ លោក បញ្ញា បានបន្តទៀតថា៖ «អំពើហិង្សាមានការថយចុះមែនប៉ុន្តែការរើសអើងជាពាក្យសម្តីរវាងសកម្មជនគណបក្សនយោបាយនៅតែមានដដែល។ អ្វីដែលជាការវិវឌ្ឍន៍ល្អគឺនៅត្រង់ថា កាលពេលពីមុន ពួកគេយកដំបងឬអាវុធគំរាមដាក់គ្នាប៉ុន្តែ ឥឡូវនេះ ពួកគេគ្រាន់តែបោះសម្តីដាក់គ្នាទៅវិញទៅមកប៉ុណ្ណោះ»។
សូមបញ្ជាក់ថា ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៣ខែមិថុនាខាងមុខនេះ និងការបោះឆ្នោតតំណាងរាស្រ្តនៅឆ្នាំ២០១៣។ ចាប់ពីពេលនេះតទៅ គេសង្កេតឃើញថា សកម្មជនគណបក្សនយោបាយគ្រប់គណបក្សទាំងអស់បាននាំគ្នាចុះមូលដ្ឋានលន់តួអង្វរសុំការគាំទ្រពីប្រជាពលរដ្ឋ៕