ថ្ងៃទី 6 ឧសភា 2012
ដោយ: កូឡាប
CEN

រមណីយដ្ឋាន ឋានសួគ៌ បូកគោ ត្រូវបាន សម្ពោធ ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេចនាយករ ដ្ឋ មន្ត្រី ហ៊ុន សែន នៅ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១២
កំពត: ភ្នំបូកគោ ស្ថិតនៅលើទឹកដីខេត្តកំពត មានកម្ពស់ ១.០៧៥ ម៉ែត្រ មានអាកាសធាតុត្រជាក់សែនមនោរម្យ ដែលត្រូវបានរៀបចំឡើងក្នុងអំឡុងឆ្នាំ១៩១៧ ជាកន្លែងសម្រាកលំហែកាយរបស់ក្រុមអាណានិគមបារាំង ដែលមានសំណង់លំនៅដ្ឋាន សណ្ឋាគារ កាស៊ីណូ វិហារកាតូលិក វត្តអារាម ទំនប់ទឹក អាងទឹក ស្ថានីយអគ្គិសនី និងសំណង់រដ្ឋបាលមួយចំនួនទៀត ដែលមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាទីក្រុងមួយនាសម័យនោះ និងមានឈ្មោះល្បីល្បាញទាំងក្នុង និងក្រៅប្រទេស ក្នុងនោះរួមទាំងនៅតំបន់អឺរ៉ុបផងដែរ។

រមណីយដ្ឋានឋានសួគ៌បូកគោ ត្រូវបានសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២
ឆ្លងកាត់ព្យុះសង្គ្រាមជាច្រើនទសវត្សរ៍ រមណីយដ្ឋានបូកគោត្រូវបានទុកចោលបាត់ដំណឹងសូន្យឈឹងលែងនឹកនា ហើយធ្វើឲ្យមនុស្សមួយចំនួនភ្លេចបាត់តែម្តង។
ចាប់តាំងពីបានអនុវត្តគម្រោងវិនិយោគនេះ ក្រុមហ៊ុនសុខាម៉ូតែលបានចំណាយថវិកាសាងសង់ជាងពីររយលានដុល្លារសហរដ្ឋអាមេរិក នៅក្នុងគម្រោងវិនិយោគសរុបប្រមាណជាងមួយពាន់លានដុល្លារសហរដ្ឋអាមេរិក។

ជាមួយការកសាងសមិទ្ធផលលើវិស័យសេវាកម្មសណ្ឋាគារ ក្រុមហ៊ុនសុខាអូតែល នៅបានសាងសង់រូបសំណាកយាយម៉ៅ ដ៏ធំស្កឹមស្កៃមួយ ធ្វើអំពីថ្មបេតុង លើទីទួលសុវត្ថិភាព ស្ថិតនៅចំពីមុខព្រះរាជដំណាក់ស្លាខ្មៅ មានបាតបល្ល័ង្គទំហំ ២៤ ម៉ែត្របួនជ្រុង កម្ពស់ជាង ៨ ម៉ែត្រ និងរូបសំណាកយាយម៉ៅកម្ពស់ជាង ១៤ ម៉ែត្រ ដែលនៅមុនពិធីសម្ពោធបានចាប់ផ្តើម សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការបួងសួងសុំសេចក្តីសុខ ពីបរមីលោកយាយម៉ៅ សូមតាមជួយបីបាច់រក្សាការពារព្រះរាជាណាចក្រកម្ពុជា សូមមានសេចក្តីសុខសេចក្តីចម្រើន និងមានការអភិវឌ្ឍគ្រប់ក្រុមគ្រួសារចាប់ពីពេលនេះតរៀងទៅ។

រមណីយដ្ឋានឋានសួគ៌បូកគោខេត្តកំពត បានសម្ពោធដំណាក់កាលដំបូង ដែលរួមមានសណ្ឋាគារ និងផ្លូវបេតុងកៅស៊ូបីខ្សែ ប្រវែង ៤៩ គីឡូម៉ែត្រ នៅពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអបអរសាទរចំពោះសមិទ្ធផលទាំងអស់ ដែលបានសម្ពោធ និងបានកត់សម្គាល់ថា នេះជាការចាប់ផ្តើមដ៏ល្អ នៃទីរមណីយដ្ឋានដែលមានកម្ពស់ ១.០៧៥ ម៉ែត្រ និងបានបង្កើតឡើងតាំងពីឆ្នាំ១៩១៧ ប៉ុន្តែបានទុកចោលនៅក្នុងទសវត្សរ៍ឆ្នាំ៧០ ហើយបានវិនិយោគដោយក្រុមហ៊ុនសុខាម៉ូតែលនោះ។ ក្រុមហ៊ុននេះបានចុះកិច្ចសន្យាជួលដី សម្រាប់គម្រោងអភិវឌ្ឍន៍ឧទ្យានជាតិព្រះមុនីវង្សបូកគោ ទំហំ ១៤ ម៉ឺនហិកតា ពីរាជរដ្ឋាភិបាលរយៈពេល ៩៩ឆ្នាំ។
រមណីយដ្ឋានឋានសួគ៌បូកគោ ត្រូវបានសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា “ខ្ញុំពិតជាមានការសប្បាយរីករាយ ជាមួយនឹងអ្វីដែលបានកើតឡើងនៅលើទឹកដី ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រ មានអាយុកាលជាងមួយសតវត្សរ៍មកហើយនេះ”។ ខ្ញុំសូមអរគុណចំពោះក្រុមហ៊ុន ដែលបានធ្វើឲ្យគម្រោងការដ៏ធំមួយនេះសម្រេចបាន ក្នុងពេលវេលាមួយដ៏លំបាក និងបានដោះស្រាយការងារធ្វើយ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋ។
សម្តេចតេជោថ្លែងថា ការវិនិយោគនៅរមណីយដ្ឋានឋានសួគ៌បូកគោ បានបំពេញតាមទិសស្លោក “តារារះនៅទិសនិរតី” ហើយថ្ងៃនេះ យើងឡើងឋានសួគ៌ទាំងអស់គ្នា សូមឲ្យបានសេចក្តីសុខទាំងអស់គ្នា។
បន្ទាប់ពីដាក់សម្ពោធជាផ្លូវការដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រមណីដ្ឋានបូកគោ នៅថ្ងៃបុណ្យវិសាខបូជា មានចំនួនភ្ញៀវទេសចរទៅកម្សាន្តកាន់តែច្រើនឡើងៗ ខណៈពេលអ្វីៗដែលនៅទីនោះបានបើកឲ្យដំណើរទាំងស្រុង មានទាំងសណ្ឋាគារ ផ្លូវថ្នល់។ កាលពីមុន បើយើងចង់ទៅកម្សាន្តនៅភ្នំបូកគោ ត្រូវចំណាយពេលពេញមួយព្រឹកទើបឡើងដល់លើភ្នំ ប៉ុន្តែពេលនេះយើងធ្វើដំណើរតែជាងមួយម៉ោងប៉ុណ្ណោះ នឹងដល់កំពូលភ្នំបូកគោ ដែលមានទេសភាពធម្មជាតិស្រស់ស្អាតជាទីទាក់អារម្មណ៍៕ K