គណបក្សនយោបាយ នឹង​ចុះហត្ថលេខា​លើ​ក្រម​សីលធម៌ សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​

ថ្ងៃទី 7 ឧសភា 2012
ដោយ: សុខ ភក្តី
CEN

ភ្នំពេញ: គណបក្សនយោបាយ នឹង​ចូលរួម​ពិធី​ចុះហត្ថលេខា​លើ​ក្រមសីលធម៌ សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ឃុំ​សង្កាត់​។ ពិធី​ចុះហត្ថលេខា ដែល​រៀបចំឡើង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ អ៊ី​ម​ភឺ​រៀល ហ្កាដិ​ន ក្នុង​រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​លើកឡើង​ថា ក្រុមការងារ​អង្គការ​សង្គម​ស៊ីវិល ស្តីពី ហិរញ្ញវត្ថុ​នយោបាយ រួមមាន គណៈកម្មាធិការ​ខុមហ្វ្រែល គណៈកម្មាធិការ​និ​កហ្វិច សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យភាព​សង្គម​(CISA) និង​អង្គការ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក្នុង​ប្រតិបត្តិការ (DHRAC) ក្រោម​ការជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ពី​មូលនិធិ​អន្តរជាតិ សម្រាប់​ប្រព័ន្ធ​បោះឆ្នោត​(IFES) នឹង​រៀបចំ​ “​ពិធី​ចុះហត្ថលេខា​មួយ​របស់​គណបក្ស​នយោបាយ​ទៅលើ​ការគាំទ្រ​ក្រម​សីលធម៌​របស់​គណ​បក្ស​នយោបាយ​សម្រាប់​ការឃោសនាបោះឆ្នោត សេចក្តី​ថ្លែង​ការណ៍រួម​ស្តីពី​ការគាំទ្រ​ការបង្កើត​ច្បាប់​ហិរញ្ញវត្ថុ​គណបក្សនយោបាយ និង​ការបង្ហាញ​ព័ត៌មាន​ដោយ​ស្ម័គ្រចិត្ត​អំពី​ហិរញ្ញវត្ថុ​សម្រាប់​ការឃោសនា​របស់​គណបក្ស​នយោបាយ​”​។​

​សេចក្តីប្រកាស​លើក​ឡើង​ថា គោលបំណង​នៃ​ការចុះហត្ថលេខាលើ​គំនិត​ផ្តួចផ្តើម​ខាងលើនេះ គឺ​ដើម្បី​លើកកម្ពស់​តម្លាភាព យុត្តិធម៌ និង​សុចរិត​ភាព​នៅ​ក្នុង​ការ​បោះឆ្នោត​។​

​តំណាង​គណបក្ស​នយោបាយ រដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ស្ថានទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ខាងលើនេះ​។​

​ជា​ការកត់សម្គាល់ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១២ មាន​គណបក្សនយោបាយ​ចំនួន ១០ បាន​ចុះឈ្មោះដាក់​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោតក្នុង​ឃុំ​សង្កាត់ សរុប​ចំនួន ១.៦៣៣ ឃុំ​សង្កាត់ ទូទាំង​ប្រទេស​។

​រីឯ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១២៕​ S

What Next?

Recent Articles