តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ស្វែង​រក​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​ខ្មែរ​ក្រោម​ដែល​ជាប់​ឃុំ​នៅ​ប្រទេស​យួន

ច័ន្ទ 07 ឩសភា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​៣រូប​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្វះស្វែង​រក​ការ​អន្តរាគមន៍​ពី​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ត្រូវ​អាជ្ញាធរ​យួន​ឃុំឃាំង​ដោយ​អយុត្តិធម៌។

លោក ចៅហេន សកម្មជនខ្មែរក្រោមកំពុងព្យាបាលនៅមន្ទីរពេទ្យដោយ ជើងជាប់ខ្នោះ

លោក ចៅហេន សកម្មជនខ្មែរក្រោមកំពុងព្យាបាលនៅមន្ទីរពេទ្យដោយ ជើងជាប់ខ្នោះ

ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​រួម​គ្នា​ដោយ​លោក យន្ត ថារូ , លោក ឡុង រី និង​លោក សុខ អ៊ុំស៊ា អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សមរង្ស៊ី ផ្ញើ​ទៅ​លោក ហោ ណាំហុង រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា តាម​រយៈ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ បាន​លើក​ឡើង​ថា លោក ចៅ ហេន សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​តវ៉ា​ទាមទារ​ដីធ្លី​របស់​ខ្លួន​ដែល​អាជ្ញាធរ​យួន​បាន​រឹបអូស ត្រូវ​សមត្ថកិច្ច​យួន​ចាប់​ឃុំ​ឃាំង​យ៉ាង​យុត្តិធម៌​ ដោយ​តុលាការ​ខេត្ត​មាត់ជ្រូក​កាត់​ទោស​ទៅ​តាម​អ្វី​ដែល​អាជ្ញាធរ​យួន​ចង់​បាន រហូត​ដល់​២ឆ្នាំ។ ដោយ​បន្ត​ថា ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ឥឡូវ​នេះ​លោក ចៅ ហេន បាន​ជាប់​ពន្ធនាគារ​ជាង​១ឆ្នាំ​រួច​ហើយ ម្យ៉ាង​វិញ​ទៀត​សុខភាព​របស់​គាត់​មាន​ជំងឺ​យ៉ាង​ទម្ងន់​និយាយ​មិន​បាន​នៅ​ក្នុង​ពន្ធនាគារ។

លិខិត​របស់​អ្នក​តំណាង​រាស្រ្ត​បាន​បញ្ជាក់​ថា ជាទូទៅ​ពិធី​បុណ្យ​ផ្សេងៗ​របស់​ប្រទេស​យួន គឺ​តែង​តែ​មាន​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត និង​ពិរុទ្ធ​ជន ដូច​ជា​នៅ​ថ្ងៃទី​៣០ ខែ​មេសា ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ដ៏​ធំ​របស់​ប្រទេស​យួន ដែល​បាន​ឈ្នះ​សង្រ្គាម​ពី​សហរដ្ឋ​អាមេរិក។ ដូច្នេះ លោក ចៅ ហេន បើ​គិត​ទាំង​ការ​ជាប់​ពន្ធនាគារ ទាំង​ការ​លើក​លែង​ទោស មក​ដល់​ពេល​នេះ​គួរ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សិទ្ធិ​សេរីភាព។ ពិសេស​ទៅ​ទៀត​នោះ លោក ចៅហេន គឺ​ជា​ជន​ជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម ដែល​គួរ​ត្រូវ​បាន​លើក​កម្ពស់ និង​លើក​ស្ទួយ ព្រម​ទាំង​អធ្យាស្រ័យ មិន​ត្រូវ​គាប​សង្កត់​ធ្វើ​ទារុណ​កម្ម​រូប​គាត់​ដោយ​អំពើ​ព្រៃផ្សៃ អមនុស្ស​ធម៌​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។

ដោយ​សារ​តែ​ហេតុ​ផល​ទាំង​នេះ អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ទាំង​បី​រូប​បាន​ស្នើ​ឲ្យ​ក្រសួង​ការបរទេស​កម្ពុជា ចាត់​វិធាន​ការ​ទៅ​ស្ថាន​កុងសុល​ខ្មែរ​ប្រចាំ​ទៅ​ទីក្រុង​ព្រៃនគរ ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​យួន ដើម្បី​ដោះលែង​លោក ចៅ ហេន ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ជា​ឧត្តម​ប្រយោជន៍ នៃ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ក្នុង​នាម​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា ដូច​ស្ថាន​ទូត​យួន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​ជួយ​ដល់​ជន​អន្តោប្រវេសន៍​គេ​នៅ​កម្ពុជា​សព្វថ្ងៃ៕

What Next?

Recent Articles