ថ្ងៃទី 7 ឧសភា 2012
ដោយ: រស្មី
CEN
ភ្នំពេញ: ប៉ុន្មានថ្ងៃនេះ បណ្ដាញឃោសនាជប៉ុនបានមកស្រុកខ្មែរ បន្ទាប់ពីពួកគេបានទទួលព័ត៌មានថា មានជនជាតិជប៉ុនម្នាក់ធ្វើជាតំណាងឲ្យកម្ពុជា ទៅចូលរួមរត់ម៉ារ៉ាតុង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងឡុងដ៍។
ជាមួយគ្នានេះ កីឡាកររត់ម៉ារ៉ាតុងកម្ពុជា ហែម ប៊ុនទីង ដែលទៅហាត់ជាឯកជននៅកេនយ៉ានោះ ក៏បានវិលត្រឡប់មកស្រុកខ្មែរវិញ ហើយកីឡាកររូបនេះក៏កំពុងតែរកច្រកចូលក្នុងក្រុមជម្រើសជាតិ។
មានទូរទស្សន៍ជប៉ុនមួយក្រុមបានមកកម្ពុជា ដោយសារតែគេចាប់អារម្មណ៍ជាមួយរឿងលោក Takizaki Kuniaki (Neko) ដែលជាអ្នកកំប្លែងជនជាតិជប៉ុន បានមានវាសនាទៅចូលរួមប្រកួតកីឡាអូឡាំពិក លើវិញ្ញាសាម៉ារ៉ាតុង។ អ្នកសរសេរព័ត៌មានកីឡា របស់គេហទំព័រ CEN ក៏ធ្លាប់បានជួបជាមួយអ្នកកាសែតរបស់ជប៉ុន ឈ្មោះ Atsushi IWASA ជាអ្នកឆ្លើយឆ្លងព័ត៌មានកាសែត MAINICHI របស់ជប៉ុន ដែលមានការិយាល័យនៅទីក្រុងបាងកក ស្រុកថៃ ពីករណី ហែម ប៊ុនទីង ដែរ។

លោក អ៊ុក សិទ្ធិជាតិ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
លោក Atsushi បានអះអាងថា ប្រជាជនជប៉ុនបានចាប់អារម្មណ៍ពីរឿងនេះ ហើយគេចង់ដឹងថា ហេតុអ្វីក៏កម្ពុជាសម្រេចជ្រើសរើសយកលោក Neko បែបនេះ។ តាមពិត សម្រាប់កម្ពុជាបានត្រៀមកីឡាករ ហែម ប៊ុនទីង ជាបេក្ខភាពសម្រាប់កីឡាអូឡាំពិក តាំងពី ៤ឆ្នាំ មុនមកម្ល៉េះ តែនៅឆ្នាំ២០១១ ខណៈដែលកម្ពុជាត្រូវចូលរួម SEA Games នោះ ប៊ុនទីង បានបដិសេធមិនចូលក្រុមជម្រើសជាតិ ហើយសម្រាប់ឆ្នាំ២០១២ នេះទៀត ខណៈដែលរដូវប្រមូលផ្ដុំជម្រើសជាតិមកដល់នោះ ប៊ុនទីង បាត់មុខ មិនដឹងនៅទីណា អ៊ីចឹងហើយទើបសហព័ន្ធអត្តពលកម្ម មិនបញ្ចូលគេទៅក្នុងក្រុមជម្រើសជាតិនោះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការអូឡាំពិកកម្ពុជា
ពីរបីថ្ងៃនេះ ស្រាប់លេចចេញនូវព័ត៌មានថា កីឡាករ ហែម ប៊ុនទីង មានឈ្មោះទៅចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ថ្ងៃទី៦ឧសភា នៅក្នុងការចូលរួមប្រកួតកីឡា Aquathlon នោះ ហែម ប៊ុនទីង បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នោះ។ កីឡាកររូបនេះបានបង្ហាញនូវអារម្មណ៍ធម្មតា ហើយគេមានជំនឿចិត្តថា គេនឹងបានទៅចូលរួមប្រកួតកីឡាអូឡាំពិកជាមិនខាន។
លោក អ៊ុក សិទ្ធិជាតិ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា បានបញ្ជាក់ថា លោកមិនបានដឹងពីរឿងនេះទេ ទាល់តែសួរគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទើបដឹង។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក ក៏បានអះអាងដែរថា ករណី ហែម ប៊ុនទីង សម្រាប់ឱកាសចូលរួមកីឡាអូឡាំពិកនោះ មិនមានឡើយ។ រឿង ហែម ប៊ុនទីង ហួសពេលហើយ លោកក៏ចង់បានរូបគេទៅចូលរួមកីឡាអូឡាំពិកដែរ តែគេធ្វើឲ្យឱកាសរបស់គេបាត់បង់ដោយខ្លួនឯងទេ៕ SK
