ថ្ងៃទី 1 មិថុនា 2012
ដោយ: កូឡាប
CEN
ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យប្រជានេសាទប្រើឧបករណ៍ម៉ាញ់ នេសាទក្នុងដងទន្លេមេគង្គ យោងតាមចំណាររបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១២។
សេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក ប្រាក់ សុខុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ បានលើកឡើងថា ចំពោះករណីរបាយការណ៍ ស្តីពីការអនុញ្ញាតឲ្យធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅក្នុងដងទន្លេមេគង្គនោះ រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចខាងក្រោម៖
-អនុញ្ញាតឲ្យធ្វើនៅចំណុចឃុំឫស្សីជ្រោយ ព្រែកដំបង និងឃុំរកាកោង១ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល
-អនុញ្ញាតឲ្យធ្វើនៅតាមដងទន្លេតូច ស្ថិតនៅស្រុកពាមរក៍ ក្នុងឃុំពាមរក៍ ឃុំបាបោង និងឃុំពាមមានជ័យ ស្រុកពាមរក៍ ក្នុងឃុំព្រែកជ្រៃ ឃុំព្រែករន្ទះ និងឃុំព្រែកតាសរ ក្នុងឃុំកំពង់ពពិល ឃុំកំពង់ប្រាំង និងឃុំមេសរប្រច័ណ្ឌ ខេត្តព្រៃវែង
-អនុញ្ញាតឲ្យធ្វើនៅស្រុកស្រីសន្ធរ ក្នុងឃុំមានជ័យ ស្រុកកងមាស ក្នុងឃុំអង្គរបាន និងឃុំរកាគយ ស្រុកកោះសូទិន ក្នុងឃុំមហាខ្ញូង និងឃុំពាមប្រធ្នោះ ក្រុងកំពង់ចាម ឃុំជីរោ២ ស្រុកស្ទឹងត្រង់ ក្នុងឃុំព្រែកបាក់ ស្រុកក្រូចឆ្មារ ក្នុងឃុំកំពង់ទ្រាស និងឃុំស្វាយឃ្លាំង
-អនុញ្ញាតឲ្យធ្វើនៅក្នុងស្រុកអង្គរបូរី ឃុំគោកធ្លក ស្រុកបូរីជលសា ក្នុងឃុំកំពង់ក្រសាំង និងឃុំបូរីជលសា
-មិនអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងរដូវបិទនេសាទ
-មិនអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងម៉ាស៊ីនអូសទាញក្នុងទូកនេសាទមួយមិនលើសពី១០សេះ
-ចំពោះការនេសាទដោយឧបករណ៍ម៉ាញ់ អ្នកនេសាទត្រូវស្នើសុំការអនុញ្ញាតស្របតាមនីតិវិធីនៃច្បាប់ស្តីពីជលផល៕ S