លទ្ធផល​បណ្តោះ​អាសន្ន​បង្ហាញ​ថា គណបក្ស​ប្រជាជនកម្ពុជា​នាំ​មុខ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៣

ច័ន្ទ 04 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

ដូច​ការ​រំពឹង​ទុក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មុន​ការ​បោះឆ្នោត​មែន លទ្ធផល​បណ្តោះ​អាសន្ន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​មិញ​បាន​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​មួយ​នេះ​បាន​ឈ្នះ​អាសនៈ​លើសលប់​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣​។

នាយករដ្ឋមន្រ្តី ហ៊ុន សែន បោះឆ្នោតកាលពីថ្ងៃម្សិលមិញ។ លទ្ធផល បណ្តោះអាសន្នបង្ហាញថា គណបក្សប្រជាជនកាន់អំណាចបាននាំមុខ ក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៣ (រូប៖REUTERS)

នាយករដ្ឋមន្រ្តី ហ៊ុន សែន បោះឆ្នោតកាលពីថ្ងៃម្សិលមិញ។ លទ្ធផល បណ្តោះអាសន្នបង្ហាញថា គណបក្សប្រជាជនកាន់អំណាចបាននាំមុខ ក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៣ (រូប៖REUTERS)

តាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​នានា​បាន​ឲ្យ​ដឹង​ថា លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ម្សិលមិញ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គ្រប់គ្រង​តំណែង​មេឃុំ-ចៅសង្កាត់​រហូត​ដល់​ចំនួន ១៥៩១​ឃុំ​សង្កាត់ ក្នុង​ចំណោម​១៦៣៣​ទូទាំង​ប្រទេស។ ចំណែក​គណបក្ស​ប្រឆាំង​សម​រង្ស៊ី​វិញ​ទទួល​បាន​ត្រឹម​តែ​២២​ឃុំ​សង្កាត់​ប៉ុណ្ណោះ ដោយ​ត្រូវ​បាត់បង់​ចំនួន​៦ បើ​ធៀប​នឹង​ឆ្នាំ​២០០៧ ដែល​គណបក្ស​មួយ​នេះ​ទទួល​បាន​តំណែង​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ចំនួន​២៨។ ដោយ​ឡែក​គណ​បក្ស​សិទ្ធិ​មនុស្ស​វិញ​ត្រូវ​សង្ឃឹម​ថា នឹង​ទទួល​បាន​តំណែង​ជា​មេឃុំ​ចៅ​សង្កាត់​ចំនួន​២០​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សមរង្ស៊ី​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​នឹង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ ព្រោះ​គណបក្ស​សមរង្ស៊ី​មិន​អាច​ទទួល​ស្គាល់​ភាព​មិន​ប្រក្រតី និង​ចលាចល ដែល​បាន​ជួប​ប្រទះ​ក្នុង​ថ្ងៃ​បោះឆ្នោត​នៅ​តាម​បណ្តា​ការិយាល័យ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ៕

What Next?

Recent Articles