Monday, 04 June 2012
Bridget Di Certo
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ខណៈដែលសហចៅក្រមស៊ើបអង្កេតអន្តរជាតិថ្មីមិនទាន់ត្រូវបានតែង តាំងនៅឡើយនោះ មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនៅសាលាក្តីខ្មែរក្រហម កំពុងចោទសួរថា តើចៅក្រមថ្មីនឹងគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុង ដែលរារាំងវឌ្ឍនភាពនៃសំណុំរឿង ០០៣ និង ០០៤ ដែលរដ្ឋាភិបាលបានជំទាស់ ឬក៏យ៉ាងណា?
មេធាវីដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងទាំងពីរដែលលោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា មិនអនុញ្ញាតនោះបានដាក់ចេញសំណើមួយនៅថ្ងៃនេះជូនអ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកឯករាជភាពរបស់ចៅក្រម និងមេធាវី ឲ្យធ្វើការស៊ើបអង្កេតលើសាលាក្តីខ្មែរក្រហមមួយនេះ។
មេធាវីបានថ្លែងក្នុងសេចក្តីថ្លែងរួមថា៖ «មេធាវីដើមបណ្តឹងរដ្ឋប្បវេណីអំពាវនាវឲ្យស៊ើបអង្កេតជាបន្ទាន់ ពីអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិលើការប្រតិបតិ្ត ដោយការិយាល័យផ្សេងៗនៃអ.វ.ត.ក ដែលគំរាមកំហែងឯករាជភាពនៃប្រព័ន្ធតុលាការក៏ដូចជាសិទិ្ធរបស់ ជនរងគ្រោះនៃខ្មែរក្រហមក្នុងការចូលរួមក្នុងនីតិវិធីព្រហ្មទណ្ឌក្នុងសំណុំរឿង០០៣ និង ០០៤»។
អ្នកស្រី Lyma Nguyen មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០៣ ដែលក្នុងនោះមាន Rob Hamil ជនជាតិនូវែលសេឡង់ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា មានហានិភ័យដែលការពន្យារពេលក្នុងការតែងតាំងចៅក្រមអង្គការសហ ប្រជាជាតិថ្មី អាចនឹងរារាំងដល់ការងាររបស់លោក Laurent Kasper-Ansermet សហចៅក្រមដែលបានលាលែងតំណែងនោះផងដែរ។
លោក Kasper-Ansermet បានរុញសំណុំរឿង ០០៣ជាមួយនឹងសកម្មភាពផ្លូវតុលាការ ដូចជាបើកការស៊ើបអង្កេតឡើងវិញ ជូនដំណឹងជនសង្ស័យក្នុងសំណុំរឿងពីសិទិ្ធនិងផ្តល់លទ្ធភាពដល់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីពិនិត្យសំណុំរឿង។ ប៉ុន្តែ សកម្មភាពទាំងនេះមិនបានទទួលស្គាល់ដោយភាគីកម្ពុជានៅសាលាក្តី ដែលទទូចថាចៅក្រមជនជាតិស្វ៊ីសម្នាក់នេះមិនត្រូវបានតែងតាំង ត្រឹមត្រូវនោះទេ។
អ្នកស្រី Lyma Nguyen មេធាវីដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០៣ បានថ្លែងកាលពីម្សិលមិញថា៖ «មានបញ្ហាមូលដ្ឋានយ៉ាងច្បាស់ ដែលត្រូវការដោះស្រាយ ប្រសិនបើការស៊ើបអង្កេតក្នុងសំណុំរឿង ០០៣ និង ០០៤ ត្រូវបានបញ្ចប់ អនុលោមតាមស្តង់ដារអន្តរជាតិនៃនីតិវិធីច្បាប់ ពោលគឺគ្មានការជ្រៀតជ្រែកនយោបាយ និងមានឯករាជភាពតុលាការពេញលេញ»។
អ្នកស្រី Silke Studinsky ដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា អ្នកស្រី និងមេធាវីកម្ពុជា នៅតែមិនអាចពិនិត្យសំណុំរឿង ០០៣ទេ បើទោះជាលោក Kasper-Ansermet បានចេញដីកាជាក់លាក់ អនុញ្ញាតឲ្យពួកគេពិនិត្យក៏ដោយ។
លោក David Scheffer អ្នកជំនាញពិសេសរបស់ អ.ស.បបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅចុងសប្តាហ៍មុនថា ដំណើរការតែងតាំងចៅក្រមអន្តរជាតិពីរនាក់នៅសាលាក្តីប្រព្រឹត្ត ទៅយ៉ាងល្អ។
លោក David Scheffer បានមានប្រសាសន៍ថា៖ «ខណៈដែលមានតម្រូវការ តំណែងនឹងបន្តផ្សព្វផ្សាយ ហើយបេក្ខជនត្រូវបានពិចារណាសម្រាប់ការិយាល័យសហចៅក្រមស៊ើបអង្កេត អន្តរជាតិ»៕ TK
