ថ្ងៃទី 4 មិថុនា 2012
ដោយ: សោភ័ណ
CEN
ភ្នំពេញ: ការដុញធ្មេញ ពុំត្រឹមតែជួយបង្កើនជំនឿទុកចិត្តក្នុងការប្រាស្រ័យទាក់ទងប៉ុណ្ណោះទេ ការអនាម័យមាត់-ធ្មេញ ជាវិធីមួយមានប្រសិទ្ធភាពជួយបង្ការ បញ្ចៀសជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម ថែមទាំងជំងឺមហារីក។
ជំងឺសរសៃឈាមបេះដូង និងស្ត្រូក :
ក្នុងការស្រាវជ្រាវថ្មីៗនេះ ចុះផ្សាយលើទស្សនាវដ្តីជំនាញ British Medical ពួកអ្នកវិទ្យាសាស្ត្របានវិភាគទិន្នន័យ នៃស្ថានភាពសុខភាពមនុស្សជាង ១១.០០០ នាក់ និងរកឃើញនៅនឹងអ្នកមិនដុសធ្មេញជាប្រចាំនោះ នូវការប្រឈមកើតជំងឺសរសៃឈាមបេះដូងខ្ពស់ជាង ៧០ ភាគរយ ប្រៀបនឹងអ្នកដុសធ្មេញពីរដងក្នុងមួយថ្ងៃ។
ការស្រាវជ្រាវមុនៗនេះបង្ហាញថា បាក់តេរីក្នុងមាត់បង្កការរលាក ឬបង្កជំងឺអំពីអញ្ចាញធ្មេញ អាចជ្រៀតចូលសរសៃឈាម បណ្តាលឱ្យគែមសរសៃឈាមត្រូវក្រាស់ឡើងសន្សឹមៗ ផ្តើមពីនោះធ្វើឱ្យកើនគ្រោះថ្នាក់ឈឺបេះដូង…។
ទឹកនោមផ្អែម :
ការស្រាវជ្រាវមួយចំនួនថ្មីៗនេះបង្ហាញថា បង្ការជំងឺរលាកអញ្ចាញធ្មេញ អាចជួយបន្ថយគ្រោះថ្នាក់កើតជំងឺទឹកនោមផ្អែមប្រភេទពីរ។
នៅក្នុងការស្រាវជ្រាវរបស់មហាវិទ្យាល័យសុខភាពសាធារណៈ Mailman និងមហាវិទ្យាល័យកូឡុំប៊ី (អាមេរិក) ពួកអ្នកវិទ្យាសាស្ត្របានតាមដានស្ថានភាពសុខភាពមនុស្សមានសុខភាពល្អ ៩.២៩៦ នាក់ ក្នុងរយៈពេលជាង ២០ឆ្នាំ។ លទ្ធផលបង្ហាញថា នៅអ្នកមានជំងឺមាត់-ធ្មេញធ្ងន់ គ្រោះថ្នាក់កើតជំងឺទឹកនោមផ្អែមប្រភេទពីរ ខ្ពស់ជាងពីរដង ប្រៀបនឹងអ្នកមិនកើតជំងឺនេះ។
រលាកផ្លូវដង្ហើម :
ការស្រាវជ្រាវមួយចុះផ្សាយលើទស្សនាវដ្តីជំនាញ Periodontology អនាម័យមាត់-ធ្មេញ ជួយការពារសួត។ ក្នុងអ្នកចូលរួម ២០០ នាក់ មានអាយុពី២០-៦០ឆ្នាំ ពួកអ្នកវិទ្យាសាស្ត្រសង្កេតឃើញថា នៅអ្នកជំងឺពាក់ព័ន្ធដល់ផ្លូវដង្ហើម ដូចជារលាកសួត រលាកទងសួតធ្ងន់ធ្ងរ រលាកផ្លូវដង្ហើមខាងលើ ឬជំងឺសួតស្ទះរ៉ាំរ៉ៃ ស្ថានភាពជំងឺមាត់-ធ្មេញមានស្តែងចេញធ្ងន់ជាងមុខសញ្ញាដទៃទៀត។ មូលហេតុរបស់ស្ថានភាពនេះ គឺដោយសារបាក់តេរីបង្កជំងឺមាត់-ធ្មេញ អាចជ្រៀតចុះទៅក្នុងបំពង់ដង្ហើមក្រោម បង្កការស្ទះសរសៃឈាមដង្ហើម ឬបញ្ហាធ្ងន់ធ្ងរពាក់ព័ន្ធដល់សួត។
មហារីកដោះ :
ការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន Karolinska (ស៊ុយអែត) បង្ហាញថា គ្រោះថ្នាក់កើតមហារីកដោះនៅស្ត្រីត្រូវបាក់ធ្មេញ ឬកើតជំងឺអញ្ចាញធ្មេញខ្ពស់ជាងដប់មួយដងកម្រិតមធ្យមរបស់សហគមន៍។ នេះជាការស្រាវជ្រាវដំបូង ចង្អុលបង្ហាញពីទំនាក់ទំនងរវាងសុខភាពមាត់ធ្មេញ និងមហារីកដោះនៅស្ត្រី, ពួកអ្នកវិទ្យាសាស្ត្រចាត់ទុកថា ត្រូវស្រាវជ្រាវបន្ថែមទៀត ដើម្បីពង្រឹងការសន្និដ្ឋានខាងលើ។
សម្រាលកូនមិនគ្រប់ខែ និងលើសឈាមពេលមានគភ៌ :
ដោយសារបរិមាណអ័រម៉ូនឡើងចុះខុសក្រក្រតី ហើយបរិមាណឈាមចរាចរក្នុងសរីរាង្គកើនឡើងក្នុងអំឡុងពេលមានគភ៌ ស្ត្រីជាច្រើនតែងមិនចាប់អារម្មណ៍ដល់ការប្រែប្រួលក្នុងធ្មេញ និងអញ្ចាញធ្មេញ។ តាមវិទ្យាស្ថានបណ្តុះបណ្តាលវេជ្ជបណ្ឌិតជំនាញអំពីជំងឺមាត់ធ្មេញ របស់អាមេរិក ៥០ភាគរយនៃស្ត្រីមានគភ៌ត្រូវរលាកអញ្ចាញធ្មេញ។ ប្រសិនមិនព្យាបាលទាន់ពេល ជំងឺនឹងប្រែប្រួលទៅជាធ្ងន់ធ្ងរ ជះឥទ្ធិពលដល់ការសម្រាលបុត្រ។ ការស្រាវជ្រាវផ្សេងទៀតឱ្យដឹងថា មានការពាក់ព័ន្ធផ្ទាល់រវាងបាក់តេរីបង្ករលាកក្នុងមាត់ និងបាតុភូតសម្រាលកូនមិនគ្រប់ខែ ឬលើសឈាមក្នុងពេលមានគភ៌៕ S
